ព្រៃវែង ចេញវិធានការបន្ទាន់ ស្រាវជ្រាវអ្នកពាក់ព័ន្ធគ្រូពេទ្យផ្ទុកកូវីដ នៅទីតាំង ៣ កន្លែងនេះ

  • 2021-03-07 10:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន សារធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង ពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៉ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង បានជ្រាបថាៈ ឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ុមសុភី គឺមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន៖

១- មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍

២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹម សុភី

៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៊ុម សុភី

៤- អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវដ -១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវបងប្អូន ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការ ជាមួយសមត្ថកិច្ច និងមន្ទីរជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៏ ខេត្តព្រៃវែង។ ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតនៅក្នុងព្រឹត្តិការណ៍ខាងលើ ប្រសិនបើមានរោគសញ្ញាដូចជាៈ ផ្តាសាយ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ករ ឬមានរោគសញ្ញាស្រដៀង សូមអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទពេញនិយម