លែង​យល់​ច្រឡំ! ភរិយា នី រតនា ចេញ​មុខ​បញ្ជាក់​ពី​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ពិធី​ការិនី ចាន់ កែវនិមល

  • 2021-03-09 05:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ពីរ​ថ្ងៃ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ លើ​ពិធី​ការិនី កែវ ច័ន្ទនិមល ត្រូវ​បាន​គេ​សង្ស័យ​ថា​ពិធី​ការិនី​រូប​នេះ​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​កូន​ស្រី​របស់​រា​ចម្រៀង នី រតនា ដែល​មាន​ឈ្មោះ​ថា"នីវណ្ណ មែលឡានី" កាល​ពី​យប់​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ​២០២១។

ការ​សង្ស័យ​របស់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង នី រតនា និង​ពិធី​ការិនី កែវ ច័ន្ទនិមល គឺ​នៅ​ក្រោយ​ពី​គេ​ឃើញ​រូប​ថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​នាង កែវ ច័ន្ទនិមល តាម​បណ្ដាញ​សង្គមFacebook ចំ​ថ្ងៃ​ខួប​កំណើត​កូន​ស្រី​របស់​នី រតនា នោះ។ រូប​ថត​ទាំង​នោះ បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្រួសារ​ទាំង​ពីរ ដោយ​គេ​ឃើញ​កូន​ស្រី​របស់​អ្នក​នាង កែវ ច័ន្ទនិមល បាន​កៀកកើយ​កូន នី រតនា ហើយ​ប្ដី-ប្រពន្ធ​ទាំង​សង​ខាង​ក៏​ស្និទ្ធ​គ្នា​ណាស់​ដែរ។

ជុំវិញ​ភាព​មន្ទិល​នេះ ភរិយា​របស់​តារា​ចម្រៀង នី រតនា បាន​បញ្ជាក់​តាម​រយៈSabay នៅ​មុន​នេះ​បន្តិច​ថា គ្រួសារ​អ្នក​នាង ខាន​បាន​ជួប​គ្រួសារ​អ្នក​នាង កែវ ច័ន្ទ​និមល ជា​ច្រើន​ខែ​មក​ហើយ ហើយ​រូប​ថត​ដែល​ពិធី​ការិនី កែវ ច័ន្ទ​និមល បាន​បង្ហោះ​នោះ គឺ​ជា​រូប​ថត​ចាស់​តាំង​ពី​ឆ្នាំ​២០២០។ ដូច្នេះ​ពិធី​ខួប​កំណើត​កូន​ស្រី"នីវណ្ណ មែលឡានី" ដែល​ពុំ​ហៅ​ភ្ញៀវ​ណា​ម្នាក់​ចូល​រួម​ផង​នោះ ក៏​ពុំ​មាន​វត្តមាន​របស់​គ្រួសារ​ពិធី​ការិនី កែវ ច័ន្ទ​និមល មក​ចូល​រួម​នៅ​ក្នុង​ឱកាស​នោះ​ដែរ។

ភរិយា​របស់ នី រតនា៖"ខាន​ជួប​គាត់(កែវ ច័ន្ទ​និមល) រាប់​ខែ​ហើយ! ពីរ​ថ្ងៃ​មុន​គាត់​ផុស​ជូនពរ​កូន​ខ្ញុំ...គាត់​អត់​មាន​រូប​ផុស​ក៏​យក​រូប​ចាស់​តាំង​កូន​ខ្ញុំ​អាយុ​៤​ខែ​មក​ផុស ឥឡូវ​កូន​ខ្ញុំ​១​ខួប​ហើយ​ហ្នឹង។ ការ​ពិត​ថ្ងៃ​ខួប​កំណើត​កូន​ខ្ញុំ​ហ្នឹង អត់​មាន​វត្ដមាន​គ្រួសារ​គាត់ ហើយ​ខ្ញុំ​ក៏​អត់​បាន​ហៅ​ភ្ញៀវ​ណា​ម្នាក់​ដែរ ដោយ​យើង​ដឹង​ថា​មាន​បញ្ហា​ជំងឺ​កូវីដ"។

រូបថត៖ហ្វេសប៊ុក នី រតនា

អ្នក​នាង បញ្ជាក់​ថា ការពិត​រូប​ថត​ដែល​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្រួសារ​ទាំង​ពីរ​នោះ គឺ​បាន​ថត​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០២០។ អ្នកនាង សូម​អំពាវនាវ​ដល់​ឲ្យ​មហាជន​កុំ​ឲ្យ​មាន​ការ​ភណ្ឌ​ច្រឡំ ឬ​មាន​ការ​រើសអើង​ចំពោះ​អ្នក​បាន​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ