ពីក្មេងជនបទក្រីក្រ ក្លាយជា​ម្ចាស់ក្រុមហ៊ុនដោះស្រាយបញ្ហាតាមផ្ទះរកចំណូលបាន​រាប់ម៉ឺនដុល្លារ

  • 2021-03-15 01:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

« យើង​មិន​អាច​ជ្រើស​រើស​កន្លែង​កើត​នោះ​ទេ តែ​យើង​អាច​បង្កើត​ក្ដី​ស្រមៃ​ខ្លួន​ឯង ទើប​យើង​ស្គាល់​ច្បាស់​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ​ទៅ​មុខ។ ពី​មួយ​ជំហាន ទៅ​មួយ​ជំហាន ប្រៀប​បាន​នឹង​កាំ​ជណ្ដើរ​ដឹក​នាំ​ជីវិត​យើង​ទៅ​កាន់​ក្តី​ស្រមៃ​មួយ​នោះ ហើយ​ក្នុង​នោះ ចិត្ត​អំណត់​តស៊ូ ប្រឹង​ប្រែង​បង្កើន​សមត្ថភាព​ខ្លួន​ឯង​មិន​ឈប់​ឈរ ក៏​ត្រូវ​តែ​មាន​ផង​ដែរ »។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក តុង សៀក​អាន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន CH Home Service គឺ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដោះ​ស្រាយ​រាល់​បញ្ហា​តាម​ផ្ទះ​គ្រប់​ប្រភេទ។​

លោក​បន្ត​ថា​ ៖ «ជា​ការ​ពិត​ទៅ អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​បច្ចុប្បន្ន​នេះ​ សម្រាប់​​មនុស្ស​ទូទៅ គេ​មិន​ទាន់​ហៅ​ថា​ជា​ជោគជ័យ​អី​នៅ​ឡើយ​ទេ តែ​សម្រាប់​ខ្ញុំ​ខ្លួន​ឯង​ នេះ​គឺ​ជា​ការ​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង​មួយ​ហើយ ព្រោះ​ខ្ញុំ​បាន​ចាប់​ផ្តើម​ពី​គ្មាន​អ្វី​ទាល់​តែ​សោះ​ក្នុង​ខ្លួន សន្សំ​កាក់​សេន​តក់ៗ រហូត​ឈាន​ដល់​បើក​ក្រុមហ៊ុន CH Home Service នេះ​បាន​ដូច​សព្វ​ថ្ងៃ​»។

ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន ៣នាក់ កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម ​ លោក​ត្រូវ​បាន​ឪពុក​ម្តាយ​ដែល​លែង​លះ​គ្នា​ទុក​ឲ្យ​រស់​នៅ​ជាមួយ​ជី​ដូន​​តាំង​ពី​វ័យ ៦​ឆ្នាំ​ តែ​រូប​លោក​នៅ​តែ​បន្ត​ប្រឹង​ប្រែង​ទៅ​រៀន​សូត្រ​នៅ​សាលា​ ដោយ​រំពឹង​ថា​នឹង​អាច​ប្រើ​ការ​សិក្សា​ផ្លាស់​ប្តូរ​វាសនា​ខ្លួន​នា​ថ្ងៃ​មុខ។​

ដល់​ឆ្នាំ​ ១៩៩៩ លោកបាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រៀន​បន្ត​ថ្នាក់​វិទ្យាល័យ នៅ​ទីក្រុង​ភ្នំពេញ ដោយ​ស្នាក់នៅ​ជុំ​គ្នា​ជាមួយ​ម្តាយ​វិញ ។ ក្រោយ​បញ្ចប់​វិទ្យាល័យ​ក្នុង​ឆ្នាំ ២០០២ ការងារ​ដំបូង​របស់​លោក គឺ​ធ្វើ​ជា​អ្នក​រត់​តុ និង​បន្ត​ការ​សិក្សា​កម្រិត​មហា​វិទ្យា ផ្នែក​ភាសា​អង់គ្លេស ជំនាញ​បក​ប្រែ។​ ក្រៅ​ម៉ោង​ធ្វើ​ការ និង​រៀន​មហា​វិទ្យាល័យ​​​ លោក បាន​ឆ្លៀត​ រៀន​ភាសា​ចិន និង​ថៃ​ និង​ជំនាញ​កុំព្យូទ័រ​បន្ថែម​។​

ដោយ​ការ​ប្រឹង​អភិវឌ្ឍ​សមត្ថភាព​មិន​ឈប់​ឈរ​ លើ​ជំនាញ​ទំនាក់​ទំនង និង​ភាសា​បរទេស ក្នុង​ឆ្នាំ​២០០៦ លោក តុង សៀកអាន ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​ធំ​មួយ​ផ្តល់​ទំនុក​ចិត្ត​ ឲ្យ​កាន់​តំណែង​ធំ ក្នុង​តួ​នាទី​ជា​អ្នក​ត្រួត​ពិនិត្យ​គុណភាព​ផលិតផល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។​

ប្រឡូក​ក្នុង​វិស័យ​ការងារ​ អស់​ជាង ១៨ ឆ្នាំ លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ធ្វើ​ជា​ថៅកែ​ដោយ​ខ្លួន​ឯង​ ដោយ​លោក​តែង​ បន្ត​ប្រឹង​សន្សំ​ប្រាក់ ចំណេះ ជំនាញ និង​ប្រមែល​ប្រមូល​បទពិសោធន៍​ដាក់​ខ្លួន។ លុះ​ដល់​ឆ្នាំ ២០១៨ លោក​សម្រេច​ចាក​ចេញ​ពី​អាជីព​ខាង​លើ ​មក​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​ គឺ CH Home Service ដោយ​ចាប់​បើក​ដំបូង​លោក​មាន​បុគ្គលិក​ត្រឹម​តែ ៧ នាក់​។ ​បច្ចុប្បន្ន​ក្រុមហ៊ុន CH Home Service បាន​រីក​ចម្រើន និង​មាន​បុគ្គលិក​ជាង ១ពាន់​នាក់ ​ហើយ​ដែល​ត្រៀម​ចាំ​បម្រើ​សេវា​ទូទាំង​ប្រទេស​កម្ពុជា​។​

រំលឹក​ដល់​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ចាប់​យក​ជំនួញ​មួយ​នេះ លោក តុង សៀកអាន ថា ៖ « ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​ទំនេរ ឲ្យ​តែ​សល់​ពេល ដឹង​តែ​ប្រឹង​រក​គ្រប់​ផ្លូវ​។ ដើម​ឡើយ​​ ​ក្រៅ​ពី​ការងារ​ពេញ​ម៉ោង ខ្ញុំ​បាន​នាំ​ភ្ញៀវ​ជួល​ផ្ទះ ​ហើយ​គេ​ចេះតែ​រអ៊ូ​ទាំ​រឿង​ស្រុក​ខ្មែរ​ ចង់​រក​ជាង​ជួល​ជុល ធ្វើ​នេះ​នោះ​តិច​តួច​ក្នុង​ផ្ទះ​ពិបាក ខ្លះ​រក​បាន​ហើយ​គុណភាព​ការងារ​ទុក​ចិត្ត​អត់​បាន​ទៀត ។​ ឃើញ​អីចឹង ខ្ញុំ​ក៏​បែក​គំនិត​រក​ខាង​នេះ​ទៅ»។

«ដំបូង​យើង​មាន​ក្រុម​ការងារ​តូច តែ​ដោយ​សារ​គុណភាព​សេវា​យើង​ល្អ និង​ឆាប់រហ័ស ធ្វើ​ឲ្យ​ភ្ញៀវ​រក​យើង​ហើយ​រក​ទៀត និង​ជួយ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ដែល​ធ្វើ​ឲ្យ​ សេវាកម្ម របស់​យើង​មាន​ទីផ្សារ​ឆាប់​រហ័ស ឯ​ក្រុម​ការងារ​កាន់​តែ​ធំ​ផង​ដែរ រហូត​ដល់​ចុង​ឆ្នាំ ២០១៨ ទើប​ខ្ញុំ​សម្រេច​បើក​ក្រុមហ៊ុន CH Home Service នេះ​ជា​ផ្លូវ​ការ​ »។ លោក តុង សៀកអាន ពន្យល់​បន្ថែម។​

និយាយ​ដល់​ការ​លំបាក​ដែល​លោក​ជួប​ប្រទះ​ក្នុង​របរ​នេះ លោក​ថា ច្រើន​រាប់​មិន​អស់​ទេ៖ « ជួប​ភ្ញៀវ​ពិបាក​មធ្យម​ទេ ងំ​គឺ ​ជាមួយ​ជាង​ដែល​ធ្វើ​ការងារ គ្មាន​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ ណាត់​ខុស​ម៉ោង​ខុស​ពេល ហើយ​ជា​ថៅកែ យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចេញ​សង និង​បំពេញ​តម្រូវ​ការ​ភ្ញៀវ ដើម្បី​កុំ​ឲ្យ​ខូច​​ឈ្មោះ​ក្រុមហ៊ុន។ ពេល​ខ្លះ​ក៏​ហត់​ស្ទើរ​តែ​ចង់​ឈប់​ម្តងៗ តែ​ខ្ញុំ​ខំ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់ ដូច​គេ​ថា កុំ​ធ្វើ​ការងារ​ទាំង​ឆេវឆាវ ខឹង​ខុស ខឹង​ខាត​»។

«ខ្ញុំ​ធំ​ឡើង​ជាមួយ​ការ​លំបាក ដូច្នេះ​វា​បង្រៀន​ខ្ញុំ​ឲ្យ​ប្រឹង ខ្ញុំ​រស់​នៅ​មើល​គេ​ មើល​ឯង មើល​សង្គម​ជុំវិញ​ខ្លួន អង្កេត វិភាគ ជួប​បញ្ហា​អី​មួយ ខ្ញុំ​តែង​ប្រឹង​រក​ដំណោះ​ស្រាយ​ឲ្យ​ទាល់​តែ​បាន។ បើ​មិន​ដឹង​ មិន​ចេះ ក៏​សង្វាត​សួរ​នាំ​គេ​ឯង និង​ប្រឹង​ហ្វឹក​ហាត់​ខ្លួន​ឯង​ខ្លះ ហើយ​ខ្ញុំ​រស់​នៅ​បែប​នេះ​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ ខ្ញុំ​យល់​ថា​នេះ​ហើយ​ជា​ទុន​ដ៏​សំខាន់​មួយ ជួយ​ឲ្យ​ខ្ញុំ​សម្រេច​ក្តី​ស្រមៃ​ខ្លួន​ឯង​បាន​ដូច​ថ្ងៃ​នេះ»។ លោក​បញ្ជាក់​បន្ថែម។

គិត​ត្រឹម​ឆ្នាំ ២០២១នេះ លោក តុង សៀកអាន មាន​វ័យ ៣៧ឆ្នាំ​ហើយ សព្វ​ថ្ងៃ​ជា​ម្ចាស់​ក្រុមហ៊ុន CH Home Service ដែល​កំពុង​តែ​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ ពិសេស​ក្នុង​ចំណោម​ភ្ញៀវចិន និង​បរទេស។

CH Home Service គឺ​ជា​ភ្នាក់ងារបច្ចេកវិទ្យា​ថ្មី ដែល​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​ការងារ​ទាំង​ក្រៅ និង​ក្នុង​ផ្ទះ ព្រម​ទាំង​បម្រើ​សេវាកម្ម​ទូទាំង​ប្រទេស​កម្ពុជា ដែល​លោក​អ្នក​អាច​ទូរស័ព្ទ​ហៅ​បាន​ភ្លាមៗ និង​ផ្តល់​សេវាកម្ម​រហ័ស​ទាន់​ចិត្ត។

កាន់​តែ​ច្បាស់​អំពី​សេវាកម្ម អាច​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេស​បុក​ផេក របស់​ក្រុមហ៊ុន CH Home Service

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​កក់​ហៅ​សេវា​កម្ម​ណា​មួយ​របស់ CH Home Service ៖

ណារីតា