តារា​ខ្មែរ​ទាំង​ពីរ​ដួង​នេះ សំណូមពរ​រឿង​ដូច​គ្នា​ទៅ​កាន់​សម្ដេច​តេជោ ជួយអន្ដរាគមន៍​បន្ទាន់

  • 2021-03-18 04:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី សួង សាខារ៉ានីត និង​ម៉ា នីកា បាន​និយាយ​រឿង​ដូច​គ្នា​ក្នុង​បរិបទ​កូវីដ-១៩ ហើយ​ស្នើ​សុំ​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​បញ្ហា​ចំពោះ​មុខរបស់​ប្រជា​ពលរដ្ឋ​ទូទៅមួយចំនួន ខណៈ​ដែល​បញ្ហា​ជំងឺ​កូវីដ-១៩ នៅ​តែ​អូស​បន្លាយ។

តារា​សម្ដែង ម៉ា នីកា បាន​សំណូមពរ​ចំនួន​៤​ចំណុច​ទៅ​កាន់​សម្ដេច។ ទី១ គឺបញ្ហា​ប្រេង​សាំង​ឡើង​ថ្លៃ ​ដែល​បញ្ហានេះសម្ដេច គួរ​អន្ដរាគមន៍​បញ្ចុះ​មក​នៅ​ក្នុង​តម្លៃ​មួយ​សមរម្យ ដោយសារ​សេដ្ឋកិច្ច​ពលរដ្ឋ​សម័យ​កូវីដ-១៩​ ធ្លាក់​ចុះ។ ទី២ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​ផ្ទះ​ជួល ឬ​ម្ចាស់​កន្លែង​ជួល​រក​ស៊ី ត្រូវ​បញ្ចុះ​តម្លៃ​ពាក់កណ្ដាល​មួយ​រយៈ ហើយ​ពេល​ស្ថានភាព​ល្អ​ប្រសើរ​វិញ​ចាំ​គិត​តម្លៃ​ដូច​ដើម។

ទី៣ នាងបានស្នើសុំឲ្យសម្ដេចជួយអន្ដរាគមន៍ទៅធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​រដ្ឋ និង​ឯកជន គួរ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​កូន​បំណុល​ផ្អាក​បង់​មួយ​រយៈ ហើយ​នឹង​បង់​ទៀងទាត់​ដូច​ដើម​ឡើង​វិញ​នៅ​ពេល​ស្ថានភាព​ល្អ​ប្រសើរ។ និង​ទី៤ នាងស្នើ​សុំ​ឲ្យ​សម្ដេច​ជួយ​អន្ដរាគមន៍​កំណត់​តម្លៃ​ទឹក និង​ភ្លើង​ឲ្យ​ស្ថិតនៅ​ក្នុង​តម្លៃ​មួយ​ដែល​ប្រជា​ពលរដ្ឋ​អាចទទួល​យក​បាន​នៅ​ក្នុង​កាលៈទេសៈ​នេះ។

ចំណែក​តារា​សម្ដែង សួង សាខារ៉ានីត វិញ បាន​ស្នើសុំ​ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ចំនួន​៣​ចំណុច។ ទី១ សុំ​ផ្អាក​ការ​បង់​រំលស់​ផ្ទះ​ទាំង​ជាមួយ​បុរី​ផ្ទាល់ និង​ជាមួយ​ធនាគារ​មួយ​រយៈ​ពេល​ខ្លី គឺ​ផ្អាក​បង់​ទាំង​ការ​ទាំង​ដើម។ ទី២ សុំ​ផ្អាក​បង់​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​មួយ​រយៈ។ និងទីទី៣ នាងសុំ​ឲ្យផ្អាក​ការ​បង់​ថ្លៃ​បន្ទប់ ឬ​ផ្ទះ​ជួល​មួយ​រយៈ​ពេល​សិន ហើយ​ការ​អនុវត្ត​បង់​ថ្លៃ​ដូចដើម​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល។

ទាំង​តារា​សម្ដែង សួង សាខារ៉ានីត និង​ម៉ា នីតា សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ​ មិនមែន​កើត​មាន​តែ​ចំពោះ​រូប​ពួកនាងនោះ​ទេ គឺ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ។ តារា​ខ្មែរ​ទាំង​ពីរ​ដួងនេះ ស្នើ​សុំ​សម្ដេច​ ពិចារណា និង​អន្ដរាគមន៍​លើ​ចំណុច​ដែល​បាន​លើក​ឡើង​ទាំង​នេះ ខណៈ​ដែល​បញ្ហា​ជំងឺ​កូវីដ-១៩ នៅ​តែ​អូស​បន្លាយ៕

អត្ថបទ៖ Chin Sopheak