ស្រ្តី៣រូប ទាំងស្អាត ទាំងជំនាញខ្ពស់ ចែករំលែកគំនិតជំរុញឲ្យស្រ្តីជឿជាក់ និងជោគជ័យ

  • 2021-03-18 04:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំទ្រស្រ្តីឲ្យចូលរួមគ្រប់វិស័យ និងមានតួនាទីខ្ពស់ៗគ្រប់វិស័យទាំងនៅក្នុងការងារដ្ឋ និងឯកជន។ ទីបំផុតស្ថានភាពស្ត្រីនាពេលបច្ចុប្បន្នក្នុងការចូលរួមសំរេចចិត្ត ក្នុងភាពជាអ្នកដឹកនាំ មានការកើនឡើងគួរកត់សំគាល់ រាប់តាំងពីសង្គមនយោបាយ គណៈគ្រប់គ្រងខេត្ត សហគ្រិន ស្ថាបណ្ណ័ឯកជន។ ដើម្បីជំរុញឲ្យស្រ្តីចូលរួមក្នុងការសម្រេចចិត្ត និងការជឿជាក់លើខ្លួនឯង ឈានទៅសម្រេចការជោគជ័យអ្វីមួយ ស្រ្តី៣រូប ទាំងស្អាត និងជំនាញខ្ពស់ បានចែករំលេកនូវបទពិសោធន៍ ដូចខាងក្រោមនេះ៖

សូមចុចអាន៖ អ្នកស្រី នុត រត្ថា៖ ប្រកាន់ខ្ជាប់ពាក្យស្មោះត្រង់ និងយកការឈឺចាប់ធ្វើដើមទុនរហូតជោគជ័យដល់សព្វថ្ងៃ

អ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមរៀបចំកម្មវិធីរំដួល បានបង្ហើបគន្លឹះធ្វើឲ្យស្រ្តីរឹងមាំ និងជឿជាក់លើខ្លួនឯងថា ស្រ្តីត្រូវមានសុបិនខ្លួនឯង (គោលដៅ) ហើយប្រកាន់ខ្ជាប់នូវទម្លាប់ចង់ចេះចង់រៀន (ការរៀនសូត្រ) ការតស៊ូ និងភាពអត់ធ្មត់ទើបធ្វើឲ្យយើងសម្រេចនូវអ្វីមួយបាន។ «ស្រ្តីជោគជ័យត្រូវផ្អែកលើចំណេះជំនាញពិតប្រាកដបន្ថែមលើសម្រស់ស្អាតមកពីធម្មជាតិ»។ យ៉ាងណាមិញ អ្នកស្រី រត្ថា បញ្ជាក់មានតែសម្រស់មួយមុខក៏មិនជោគជ័យដែរ អ្វីដែលសំខាន់គឺចំណេះជំនាញពិតប្រាកដ។

អ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមរៀបចំកម្មវិធីរំដួល

តាមរយៈកម្មវិធី «កៅអីក្ដៅ» របស់ Sabay កន្លងមក អ្នកស្រី នុត រត្ថា បង្ហើបប្រាប់ថា ការប្រកាន់យកភាពស្មោះត្រង់ និងការឈឺចាប់កាលពីកន្លងមក ធ្វើឲ្យអ្នកស្រី ប្រឹងប្រែងធ្វើការ រកស៊ី រហូតសម្រេចសុបិនរបស់ខ្លួន ក្លាយជាអ្នកគ្រប់គ្រង និងមានក្រុមហ៊ុនសរុបចំនួន ៦ក្នុងដៃ។

សូមចុចអាន៖ រឿងរ៉ាវគួរដឹងពី ស្ត្រីធ្វើការរោងចក្រ រហូតក្លាយជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិ(វីដេអូ)

អ្នកស្រី អាន ធីតា នាយិកាគ្រប់គ្រងក្នុងក្រុមហ៊ុន CBRE ដែលប្រិយមិត្ត Sabay មួយចំនួនធ្លាប់ស្គាល់ថា ជានារីឆ្នើមមួយរូបផ្លាស់ប្ដូរពីស្រ្តីរោងចក្រ ក្លាយជាអ្នកគ្រប់គ្រង ឈរឈ្មោះបោះសំឡេងខ្លាំងក្នុងសង្គម បានបង្ហើបគន្លឹះជោគជ័យថា ស្រ្តីទាំងឡាយចង់ជោគជ័យ ផ្ដើមពីការជឿជាក់លើខ្លួនឯងជាមុនសិន និងការបណ្ដុះគំនិតបង្កើតភាពជាឯករាជ្យសេដ្ឋកិច្ចខ្លួនឯង។

«ចង់ក្លាយជាស្រ្តីជឿជាក់ និងឯករាជ្យសេដ្ឋកិច្ចខ្លួនឯង ស្រ្តីត្រូវតែហ៊ានជំនះ ហ៊ានដើរកាត់ព្យុះភ្លៀង ហើយធ្វើការឲ្យបានច្រើន កាន់តែរឹងមាំ។ ធ្វើយ៉ាងណាឲ្យខ្លួនឯងរឹងមាំ។ បន្ថែមលើនេះ យើងត្រូវមានភាពអត់ធ្មត់ តស៊ូ ស្មោះត្រង់ និងការព្យាយាម រួមទាំងការស្វែងរកការជ្រោមជ្រែងពីមនុស្សនៅជុំវិញខ្លួន នឹងធ្វើឲ្យយើងជោគជ័យ»។ អ្នកស្រី អាន ធីតា និយាយបែបនេះ នៅក្នុងកម្មវិធី «កៅអីក្ដៅ» នាពេលកន្លងមក។

សូមចុចអាន៖ តោះ! មកមើលសារសំខាន់បំផុតពីស្ត្រីឆ្នើមខ្មែរ ៤រូបក្នុងកម្មវិធី «ស្ត្រី និង ភាពជោគជ័យ»

លោកស្រី ហ៊ុន ចិន្តា ស្ថាបនិកសណ្ឋាគារមិត្តតូ ក្រុមហ៊ុន Re-Edge Architecture & Design ហាង Luna Salon និងជាអនុប្រធានប្រតិបត្តិ JCI Mekong ធ្លាប់បានលើកឡើងដែរថា «ខ្ញុំជឿជាក់ថា ភាពជោគជ័យមានច្រើនរូបភាពតាមការចង់បានរបស់មនុស្សផ្សេងៗគ្នា តែភាគច្រើនយើងមើលឃើញ គឺការងារល្អ មានប្រាក់ចំណូលច្រើន មានជីវិតរីករាយនេះឯង។ សម្រាប់ខ្ញុំផ្ទាល់ វាគឺជាតុល្យភាពរវាងជីវិតឯកជន និងការងារ ត្រូវតែឲ្យល្អព្រមគ្នា។ ដូច្នេះហើយខ្ញុំឲ្យនិយមន័យជោគជ័យនេះ លើការចេះរៀបចំជីវិតខ្លួនឯងបានល្អ»៕

តើប្រិយមិត្តមានគន្លឹះអ្វីបន្ថែមទៀត ដើម្បីជំរុញលើកទឹកចិត្តស្រ្តីឲ្យជឿជាក់ខ្លួនឯង និងការសម្រេចបាននូវភាពជោគជ័យ ក្នុងជីវិត?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា