ក្រៅពីធ្លាប់ធ្លាក់ការប្រកួត ៥០ដង តើ HyunA តារាទោលជោគជ័យរបស់ K-Pop រូបនេះ​មាន​រឿងអ្វីទៀតនៅពីក្រោយ?

  • 2021-03-26 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីឆ្នាំ ២០០៦មក HyunA បាន​បណ្ដែតខ្លួន​លើ​វិថីសិល្បៈប្រកួតប្រជែងយ៉ាង​ខ្នះខ្នែង ដើម្បី​សាង​កេរ្តិ៍ឈ្មោះឲ្យបាន​ខ្ពស់ត្រដែត ហើយតប​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ ពេល​នេះ​នាង​ត្រូវ​បាន​លើក​ជាតារាទោល​នារីប្រចាំ K-Pop ដែល​មាន​ការកោតសរសើរស្ទើរ​ពេញ​ពិភពលោក។

ក្បាច់រាំរស់រវើក ជាមួយ​នឹង​សមត្ថភាព​រ៉េប និង​ច្រៀងពិតជា​អាច​ជួយ​ឲ្យនាង​ហក់ឡើងលឿន បូក​រួម​នឹង​ភាព​ក្លាហានបង្កើតអ្វី​ថ្មី​សម្រាប់អ្នកគាំទ្រទៀត ផ្សំ​ជា​ហេតុផលចម្បងមិនអាច​បដិសេធបាន​ហេតុអ្វី​នាង​ជោគជ័យ​ដូចពេល​នេះ។

ក្រៅពីភាព​ល្បី​ល្បាញ​ទាំងព្រម​របស់​ HyunA ដូចនេះ​យើងទៅ​ដឹង​បន្ថែម​នូវ​ចំណុច​ផ្សេង​ៗពីតារាស្រីរូបនេះ​ទាំងអស់គ្នា៖

១. Kim Hyun Ah ជា​ឈ្មោះ​ពេញ​របស់នារី​ម្នាក់​ដែល​កើត​នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ១៩៩២ នៅខេត្ត Jeolla ប្រទេស​កូរ៉េខាងត្បូង។

២. ក្នុងគ្រួសារ​នាង​មាន​ប្អូនប្រុស ២​នាក់ ហើយម្ដាយឪពុកបាន​លែងលះគ្នា។

៣. បំណងប្រាថ្នា​ពីតូចគឺ​ចង់ក្លាយជា​តារា​សម្ដែងទេ ប៉ុន្តែ​នាង​បាន​បោះបង់ក្ដីស្រមៃនេះ​ចោល បន្ទាប់ពី​ធ្លាក់​ការ​ប្រកួត​ជា​ច្រើន​ដងពេក​ (ដល់ទៅ៥០ដង) កាល​ពី​អាយុ ៧ឆ្នាំ។ ក្រោយមកពេលធំពេញ​វ័យ​ច្រើន នាង​ក៏មាន​ទំនោរទៅខាង​ការរាំ ពេល​រៀនថ្នាក់វិទ្យាល័យ។

៤. បទពិសោធកាល​ពីជីវិតជា​អ្នក​ហ្វឹកហាត់ចំណូលថ្មី (Trainee) ក៏នាង​ហែល​ឆ្លងច្រើនដែរ តាំងពី​ហាត់នៅ​ផលិតកម្ម SM, Cube និង JYP។

៥. មុនក្លាយជា​សមាជិក​ពេញ​មុខ​របស់ 4Minute តារា​ស្រីរូបនេះ​ក៏ធ្លាប់ជា​សមាជិក​របស់​ក្រុម Wonder Girls ដែរ តែ​ក្នុងរយៈពេល​ខ្លីប៉ុណ្ណោះគឺ ពីឆ្នាំ ២០០៧-២០០៨។ មូលហេតុធំ​ដែល​បណ្ដាលឲ្យនាង​សម្រេច​ដើរចេញពីក្រុម ក៏ព្រោះ​ឪពុកម្ដាយ​បារម្ភខ្លាំង​ពី​សុខភាព​របស់​នាង។

កាលនៅជាក្រុម Wonder Girls

៦. ក្រៅពីភាសាកូរ៉េ​ដែល​ជា​ភាសាកំណើត HyunA ក៏អាច​និយាយភាសាជប៉ុន អង់គ្លេស និង​ចិនបាន​ខ្លះដែរ។

៧. និយាយពីចរិតវិញ តារាស្រីកើតឆ្នាំ ១៩៩២រូបនេះ​ជាមនុស្សសុទិដ្ឋិនិយម ប្រឹងប្រែងធ្វើការ គួរ​ឲ្យស្រឡាញ់។

៨. បើទំនេរនាង​ចូល​ចិត្តធ្វើម្ហូប មើលរឿង ថតរូប និងពូកែបំផុតខាង Selfie។

៩. HyunA មាន​សាក់ច្រើនកន្លែង​ណាស់ (បើគិតត្រឹម​ឆ្នាំ ២០១៩ នាង​មាន​សាក់សរុប ១៨) ប៉ុន្តែ​មួយ​ក្នុង​ចំណោម​នោះ​មាន​អត្ថន័យចាក់ដោតជាងគេ ព្រោះ​នាង​សាក់ជា​ឃ្លាជូនសម្រាប់ម្ដាយ «My mother is the heart that keeps me alive»។

១០. HyunA ធ្លាប់បាន​បង្ហើបបេះដូងពិត​ថា​ ប្រភេទ​បុរសដែល​នាង​ប៉ង​ចង់បាន​ជាគូ សូមឲ្យជាអ្នកដែល​អាច​ទទួល​យក​គុណវិបត្តិគ្រប់យ៉ាង​ និង​ទំហំ​បេះដូងនៃ​ចិត្តស្រឡាញ់​របស់នាង។ ជាក់ស្ដែង​មកទល់ពេល​នេះ​ នាង​រកបាន​ម្ចាស់បេះដូងពិតប្រាកដហើយនោះគឺ E’Dawn។ គូស្នេហ៍មួយនេះ​តែង​ផ្ដល់នូវការយកចិត្តទុកដាក់ បារម្ភ លើកទឹកចិត្ត និង​នៅក្បែរគ្នា​គ្រប់ពេល​ ធ្វើឲ្យមនុស្សមិនតិចទេលួច​ច្រណែន​នឹង​ភាពស្មោះស្ម័គ្ររបស់អ្នកទាំង ២៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី