ឆ្ងល់អត់ ហេតុអ្វីកីឡាករត្រាំទឹកកកពេលហាត់ឬប្រកួតចប់?
- 2021-03-26 09:04:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់អត់ ហេតុអ្វីកីឡាករត្រាំទឹកកកពេលហាត់ឬប្រកួតចប់?
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ត្រង់ចំណុចនេះហើយ។ តើមកពីហេតុអ្វី? តើគេត្រាំទឹកកកនៅពេលចាំបាច់ណា? ដើម្បីអ្វី?
ក្នុងបទសម្ភាសមួយស្ដីអំពីប្រធានបទខាងលើ តាមរយៈប្រអប់សារហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅ កីឡាករបាល់ទាត់មកពីក្លឹបកងយុទ្ធពលខេមរៈភូមិន្ទ ឈិន ឈឿន បានឱ្យដឹងថា ការត្រាំ ទឹកកក មិនមែនចេះតែធ្វើគ្រប់ពេលឡើយ គឺអនុវត្តនៅពេលកីឡាករធ្វើការធ្ងន់តួយ៉ាង លេង៩០នាទីពេញ ឬហ្វឹកហាត់ពាក់ព័ន្ធសាច់ដុំខ្លាំង ដែលបណ្ដាលឱ្យចុករោយ។
តើវាផ្ដល់ផលអត្ថប្រយោជន៍អ្វីខ្លះដល់សាច់ដុំ និងរាងកាយ?
ចំពោះផលប្រយោជន៍ ខ្សែបម្រើស្លាបល្បឿនលឿនរូបនេះពន្យល់ថា វាអាចជួយសម្រួលដល់សាច់ដុំដែលតឹងណែន ជួយបណ្ដេញជាតិពុល កាត់បន្ថយ និងព្យាបាលរបួសដែលកើតមានអំឡុងពេលប្រកួត ឬហ្វឹងហាត់បានដល់ពី ៥០ ដល់៦០%។
អតីតកីឡាករព្រះខ័នរាជស្វាយរៀង បានលើក ឡើងថា ៖«បន្ទាប់ពីការប្រកួតចប់យើងត្រាំទឹកកក ទីមួយអ្នកដែលគាត់លេង៩០នាទីពេញឬលើស ៩០នាទីពេញ...សាច់ដុំគាត់ធ្វើការខ្លាំងណាស់ អ៊ីចឹងហើយយើងត្រូវការត្រាំទឹកកក...ទី១ ដើម្បីសម្រួលសាច់ដុំ សាច់ដុំដែលតឹង ទី២ បណ្ដេញជាតិពុលពីសាច់ដុំរបស់យើង ទី៣ គឺកាត់បន្ថយនិងព្យាបាលរបួសដែលយើងប៉ះទង្គិច...ដូចថាយើងឈឺកជើង ឈឺជង្គង់ ប៉ះទង្គិចសាច់ដុំត្រាំទឹកកកទៅ វាអាចជាបាន ព្រោះទឹកកក ត្រជាក់តែខាងក្រៅទេ តែគឺនៅខាងក្នុងគឺក្ដៅ ចឹងគឺវាជួយរំលាយឈាម...ពេលត្រាំទៅមានអារម្មណ៍ថាធូរ ហើយស្រាលខ្លួន»។
ដើម្បីឱ្យការព្យាបាលរបួស និងសម្រួលសាច់ដុំមាន ប្រសិទ្ធភាពខ្ពស់ក្នុងវិធីសាស្ត្រនេះ កីឡាករត្រូវត្រាំក្នុងកម្រិតសីតណ្ហភាពដកសូន្យអង្សា និងប្រើរយៈ ពេលចាប់១៥នាទី ទៅ ៣០នាទី។ នេះបើតាមការឱ្យដឹងបន្ថែមពី ឈិន ឈឿន៕