គ្រូ​ព័រទុយហ្គាល់​ចេញ​មក​ការពារ ហើយ​បញ្ជាក់​ថា Ronaldo នៅ​តែ​ជា​ប្រធាន​ក្រុម

  • 2021-03-30 01:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើសជាតិ​ព័រទុយហ្គាល់​លោក Fernando Santos បាន​ចេញ​មក​ការ​ពារ Cristiano Ronaldo និង​​បញ្ជាក់​ថា គេ​នៅ​តែ​​បន្ត​ធ្វើ​ជា​ប្រធាន​ក្រុម​ដដែល ទោះបី​​បាន​ដើរ​ចេញ​ពី​​ទីលាន​កាល​ប៉ះ​ស៊ែប៊ី​ក៏​ដោយ។

តារា​របស់​ក្លឹប Juventus វ័យ​៣៦​ឆ្នាំ​​បាន​ខឹងសម្បារ​​យ៉ាង​ខ្លាំង បន្ទាប់​ពី​អាជ្ញាកណ្ដាល​​លោក Danny Makkelie បដិសេធ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​គេ ធ្វើ​ឲ្យ​លទ្ធផល​រវាង​ព័រទុយហ្គាល់​និង​ស៊ែប៊ី​បញ្ចប់​ត្រឹម​ ២-២។

Ronaldo អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​របស់ FIFA បន្ទាប់​ពី​បាន​ដោះ​ស្លាក​ប្រធាន​ក្រុម​ចេញ​ពី​ដៃ​គប់ទៅ​លើ​ស្មៅ និង​ស្រែក​​ដាក់​មុខ​អាជ្ញាកណ្ដាល។ ប៉ុន្តែ​លោក Santos បាន​ឈរ​​គាំទ្រ​ពី​ក្រោយ Ronaldo និង​ប្រាប់​ថា គេ​នៅ​តែ​ជា​ប្រធាន​ក្រុម​របស់​ព័រទុយហ្គាល់។ “​វា​គ្រាន់​តែ​ជា​ការ​ខឹង​មួយ​ពេល។ Cristiano នៅ​តែ​ជា​ប្រធាន​ក្រុម។ គេ​គឺ​ជា​​ឧទាហរណ៍​​សម្រាប់​អ្នក​រាល់​គ្នា”។ សម្ដី​របស់​លោក​ Santos។

ព័រទុយហ្គាល់​មាន​ភារកិច្ច​លេង​ជម្រុះ​ World Cup នៅ​រាត្រី​នោះ​ទល់​នឹង លុចសំបួ​ ហើយ​លោក Santos បញ្ជាក់​ថា Ronaldo ក៏​នឹង​បង្ហាញ​ខ្លួន​ប្រកួត​ និង​បន្ត​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ