ស្រុកទេសផ្ទុះកូវីដ ព្រីង ចិត្រា បានត្រឹមព្យាបាលរបួសខ្លួនឯងនៅផ្ទះប៉ុណ្ណោះ!
- 2021-04-22 04:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រុកទេសផ្ទុះកូវីដ ព្រីង ចិត្រា បានត្រឹមព្យាបាលរបួសខ្លួនឯងនៅផ្ទះប៉ុណ្ណោះ!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ព្រីង ចិត្រា បានរងរបួសជង្គង់ក្រោយប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Cristiano Sergipano របស់ TIFFY ARMY ក្នុងប្រកួតទី២របស់ខ្លួនក្នុងសប្ដាហ៍ទី៣ នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ។
របួសនេះបានធ្វើឱ្យ ចិត្រា ខកខានលេងចំនួនពីរប្រកួតទល់នឹងក្រុមនគរបាលជាតិ និងម្ចាស់ជើងឯកលីគកំពូលកម្ពុជា ២សម័យកាលព្រះខ័នរាជស្វាយរៀង។
ចំពោះការព្យាបាល អតីតកីឡាករខេត្តកណ្ដាល បានប្រើវិធីព្យាបាលរបួសខ្លួនឯងនៅផ្ទះដូចជាស្អំទឹកកក លេបថ្នាំ និងធ្វើលំហាត់ខ្លះៗតែប៉ុណ្ណោះ ព្រោះតែស្រុកទេសកំពុងផ្ទុះជំងឺវីដ-១៩ មន្ទីរពេទ្យត្រូវបានបិទមិនអាចទៅព្យាបាលបាន។ រីឯការចំណាយជាបន្ទុករបស់ក្លឹប។
អតីតខ្សែប្រយុទ្ធក្លឹបពាក់កណ្ដាលអាជីព TN KANDAL បានពន្យល់ថា ៖«ពេលភ្លាមៗដើរឈឺខ្លាំង តែប្រហែលបានបួនថ្ងៃអីដើរបានធម្មតា គ្រាន់តែពិបាកបត់បែន។ ដល់ឥឡូវរត់អីបានអត់ឈឺទេ តែវានៅធ្វើទុក្ខម្ដងៗដែរ។ ព្យាបាលនៅផ្ទះដូចជាស្អំទឹកកក ញ៉ាំថ្នាំ និងធ្វើលំហាត់ចលនាខ្លះៗ»។
ដំបូងឡេីយ ព្រីង ចិត្រា គ្រាន់ជាអ្នកលេងបាល់ធម្មតាតាមសាលា និងបានចូលរួមលេងតំណាងឱ្យសាលាវិទ្យាល័យហ៊ុនសែនស្អាង ក្នុងពានរង្វាន់សិស្សខេត្ដកណ្ដាលឆ្នាំ ២០១៤ ដល់ ២០១៦។
ឆ្នាំ២០១៦ដដែល គេក៏បានចូលរួមលេងពានរង្វាន់សម្ដេចហ៊ុនសែនឱ្យខេត្តកណ្ដាល។ ចុងឆ្នាំ ២០១៦ ចិត្រា បានលេងឱ្យក្លឹបពាក់កណ្ដាលអាជីព TN KANDAL និងចុងក្រោយគេធ្វេីតេសជាប់នៅក្លឹបអាស៊ីអឺរ៉ុបយូណាយធីតនាដើមឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។
តាំងពីឆ្នាំ២០១៧មក គេលេងតំណែងបម្រើការពារមិនដែលស៊ុតចូលឡើយ ទើបចុងឆ្នាំ២០២០ គេត្រូវបានប្ដូរមកលេងប្រយុទ្ធ និងទាត់ចូលទីគូប្រជែងបាន៣គ្រាប់ ចំណែកពីរប្រកួតឆ្នាំថ្មីនេះ គេរកបាន២គ្រាប់ហើយ៕