មេដឹកនាំ ៣ប្រទេស​អវត្តមាន​ពី​កិច្ច​ប្រជុំ​អាស៊ាន​ក្រៅ​ផ្លូវការ​ថ្ងៃ​ស្អែក​នេះ

  • 2021-04-23 13:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​ប្រទេស​អាស៊ាន​ចំនួន ៣ បាន​អវត្តមាន​ពី​កិច្ចប្រជុំ​អាស៊ាន​ក្រៅ​ផ្លូវការ​ ដែល​ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​លេខាធិការដ្ឋាន​អាស៊ាន ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០២១។ មេដឹកនាំ​ទាំង ៣ប្រទេស​នោះ​គឺ ប្រទេស​ថៃ ហ្វីលីពីន និង​ប្រទេស​ឡាវ។

នាយក​រដ្ឋមន្ត្រី​ថៃ និង​ប្រធានាធិបតី​ហ្វីលីពីន

នាយករដ្ឋមន្ត្រី​ថៃ លោក​ឧត្ដមសេនីយ៍​ ប្រៈយុទ្ធ ច័ន្ទអូឆា បាន​លើកឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​មិន​ប្រជុំ​ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​ហ្សាការតា​ទេ តែ​ចាត់​តាំង​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ទៅ​ជំនួស​វិញ។

ហ្វីលីពីន​វិញ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​តាម​រយៈ​ក្រសួង​ការបរទេស​របស់​ខ្លួន​ថា លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌុយទែរតេ នឹង​មិន​មាន​វត្តមាន​នៅ​កិច្ចប្រជុំ​អាស៊ាន​នោះ​ទេ ដោយសារ​តែ​ជាប់​ដៃ​ដោះស្រាយ​បញ្ហា​កូវីដ-១៩​នៅ​ក្នុង​ស្រុក។

ចំណែក​ឯ​នៅ​ល្ងាច​នេះ​វិញ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី រ៉េតណូ ម៉ារស៊ូឌី បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី​ឡាវ ផ័នខាំ វិផាវ័ន នឹង​មិន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់​នោះ​ទេ។ ប៉ុន្តែ​លោកស្រី​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​អវត្តមាន​របស់​លោក​ទេ។

នាយករដ្ឋមន្ត្រី​ឡាវ

ក្រៅ​ពី​មេដឹកនាំ​ទាំង​ ៣រូប​នេះ​ ថ្នាក់ដឹកនាំ​អាស៊ាន​ទាំង​អស់​ និង​លោក​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ មីង អោង​ហ្លាំង​តំណាង​យោធា​មីយ៉ាន់ម៉ា​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​ហ្សាការតា​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

សូមជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០២១ អាស៊ាន​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មេដឹកនាំ​ក្រៅ​ផ្លូវការ​ ដោយ​ពិភាក្សា​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ ខណៈ​រឿង​នៅ​មីយ៉ាន់ម៉ា​ជា​រឿង​រសើប​មួយ ដែល​អាច​នឹង​លើក​មក​និយាយ​៕

អត្ថបទ៖ ហ៊ីម រស្មី