ក្ដុកក្ដួលណាស់! នូ ស៊ឹប រំលឹកគុណមួយរបស់ ស៊ិន ឧត្ដមផល្លា ក្រោយនាងធ្លាក់ខ្លួនឈឺធ្ងន់
- 2021-04-28 02:20:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដុកក្ដួលណាស់! នូ ស៊ឹប រំលឹកគុណមួយរបស់ ស៊ិន ឧត្ដមផល្លា ក្រោយនាងធ្លាក់ខ្លួនឈឺធ្ងន់
ចន្លោះមិនឃើញ
តារាចម្រៀង និងជាពិធីការិនី ស៊ិន ឧត្ដមផល្លា ដែលគិតថាខ្លួនឯងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃជំងឺមហារីកកូនកណ្ដុរ បន្ទាប់ពីមេរោគនេះបានជ្រៀតដល់ប្រព័ន្ធខួរក្បាល។ ប៉ុន្តែនាងនៅតែទទួលបានការរាប់អាន និងលើកទឹកចិត្តជាហូរហែពីមិត្តសិល្បៈស្ទើរគ្រប់ជំនាន់។
តារាចម្រៀងជើងចាស់ នូ ស៊ឹប បានបញ្ចេញសារដ៏កម្រមួយរបស់ខ្លួនលើបណ្ដាញសង្គមFacebook តបទៅនឹងដំណឹងធ្លាក់ខ្លួនឈឺធ្ងន់របស់តារាចម្រៀងចិត្តធម៌ និងចេះច្រៀងច្រើនភាសា ស៊ិន ឧត្ដមផល្លា។ លោក នឹកឃើញគ្រាហ៍មួយ ហើយនៅតែដឹងគុណចំពោះតារាចម្រៀងស្រីរូបនេះ គឺនៅពេលដែលលោកធ្លាប់ជួបគ្រាហ៍លំបាក ហើយបានទទួលជំនួយសង្គ្រោះអ្នកនាង ស៊ិន ឧត្ដមផល្លា។
លោក នូ ស៊ឹប៖"មិនភ្លេចគុណប្អូនស្រីទេដែលធ្លាប់ជូនប្រាក់បង...សូមទេវតាជួយប្អូនស្រីផង"។
សិល្បករជើងចាស់ នូ ស៊ឹប ធ្លាប់ទទួលអំណោយសប្បុរសធម៌ជាថវិកា និងគ្រឿងឧបភោគ និងបរិភោគជាច្រើនពីអ្នកនាង ស៊ីន ឧត្ដមផល្លា និងសប្បុរសជនមួយចំនួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៨។ គុណបំណាច់នេះហើយដែលធ្វើឲ្យលោក នូ ស៊ឹប នឹកអាណិតជាពន់ពេកចំពោះ ស៊ិន ឧត្ដមផល្លា បើទោះបីជាមិនអាចតបស្នងអ្វីវិញបានក៏បានជួយលើកទឹកចិត្ត និងផ្ញើសារជូនពរដែរ។
សិល្បការិនី ស៊ិន ឧត្ដមផល្លា បានបាត់មុខពីសិល្បៈ និងសកម្មភាពមនុស្សធម៌របស់នាងជាមួយអ្នកសិល្បមានជីវភាពខ្វះខាតតាំងពីពាក់កណ្ដាលឆ្នាំ២០២០។ ថ្មីៗនេះ នាងបានបង្ហាញមុខជាថ្មីដោយក្ដីអស់សង្ឃឹមក្នុងជីវិតដោយសារតែនាងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺមហារីក។ ស៊ិន ឧត្ដមផល្លា មានកូនបីនាក់ក្នុងបន្ទុក ហើយនាងប្រាថ្នាចង់ឃើញកូនប្រុស-ស្រី រៀបការគ្រប់គ្នាមុនពេលស្លាប់៕