គំរូ​ល្អ​ណាស់!​ ​ចលនា​រត់​រៃ​អង្គាស​ថវិកា​គាំទ្រ​ការ​អប់រំ​សិស្ស​ជិត ៧ ពាន់​នាក់​ជួយ​សាលារៀន​នៅ​សៀមរាប​

  • 2021-04-29 07:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បីរួមចំណែកជួយដល់ប្រព័ន្ធអប់រំនៅកម្ពុជា ដែលកំពុងជួបបញ្ហាលំបាកដោយសារ​វីរុស​រីក​រាល​ដាល សែលកាត រួមជាមួយអង្គការ Caring for Cambodia បានបង្កើតសកម្មភាពកីឡា​ដូចជា៖ ដើរ ឬរត់ ហាត់ប្រាណ នៅផ្ទះឬសកម្មភាពនានាដែលជម្រុញដល់សុខភាពរបស់អ្នក ដើម្បីរៃអង្គាសថវិកាគាំទ្រការអប់រំដល់សិស្សជិត ៧០០០ នាក់នៅ​សាលារៀនចំនួន ២១ ​នៅ​ខេត្ត​សៀម​រាប។

យុទ្ធនាការ Race to Better Education តាមអនឡាញមានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល ២៨ ថ្ងៃ ដោយផ្អែកទៅលើចំណង់ ចំណូលចិត្តរបស់អ្នកចូលរួម។ យុទ្ធនាការនេះ​នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ១៨០ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ៦០០ម៉ាយល៍ សម្រាប់អ្នកដែលនិយម ចូលចិត្តជិះកង់ និងការប្រណាំង៦០ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។

រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឲ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។

លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy

យុទ្ធនាការ Race to Better Education តាមអនឡាញ

សែលកាត (Cellcard) ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវ សេវាទំនាក់ទំនងចល័តយូរជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភ នៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំ ជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ ក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែង កាយសម្បទាតាមអនឡាញ ក្នុងរយៈពេល២៨ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់ នៅទូទាំងពិភពលោក។

លោក អ៊ុង សាវី អគ្គនាយកនៃសាលានិងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានថ្លែងថា ជំងឺកូវីដកំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍ដែលសិស្ស របស់ពួកគេ កំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ។

លោក សាវី បានបន្តថា «យើងមិនអាចរង់ចាំទាល់តែជំងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សា ទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថា ពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ»។

លោកថា «ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា»។

លោកបន្ដថា «ពេលនេះ គឺជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការថែរក្សាសុខភាពឲ្យបានល្អ និងហាត់ប្រាណដើម្បីឲ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម»។

CFC គឺជាអង្គការក្រៅរដ្ឋាភិបាល មិនសំដៅប្រាក់ចំណេញនិងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន ២១ នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន៧០០០នាក់។ យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

រូបថតដោយ៖ fb/page: CFC

ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូន នូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។ កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើង តាមអនឡាញ។

លោកថា «នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឲ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ»។

លោកបន្ដថា «ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុត ដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជន នៅក្នុងខេត្តសៀមរាប»។

ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាង ដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នេះជាការបញ្ជាក់បន្ថែម របស់លោក អៀន វ៉ាតសុន។

ជាមួយគ្នានេះ ក្រុមហ៊ុន Cellcard ក៏សូមអបអរសាទដល់អង្គការ CFC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរ ដល់សិល្បករសិល្បការនីល្បីៗ ទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។

បុគ្គលល្បីៗ ដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះរួមមាន អត្តពលិកអាជីពជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី ហើយលោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួមនៅក្នុងការប្រណាំងប្រជែង ដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាដែលត្រូវការចាំបាច់ ដើម្បីជួយគាំទ្រដល់កុមារទុគ៌តផងដែរ។

កញ្ញា សុវណ្ណារី បានថ្លែងឲ្យដឹងថា «រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាម សម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ»។

កញ្ញាបន្ដថា «កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំ ប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាស ក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ»៕

អត្ថបទ៖ រក្សា