៥ឆ្នាំក្រោយ 4Minute បំបែក តើសមាជិកទាំង ៥ វិវត្តទៅជាយ៉ាងណាខ្លះហើយបច្ចុប្បន្ន?

  • 2021-05-03 02:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីក្រុម 4Minute សម្រេច​បំបែកក្រុមកាលពីខែមិថុនា ឆ្នាំ២០១៦មក គិតមកដល់ពេលនេះ​វា​មាន​រយៈពេល ៥ឆ្នាំហើយ។ ក្រុមចម្រៀងដែល​ធ្លាប់ជា​គ្រាប់ពេជ្ររបស់ផលិតកម្ម Cube ពេល​នេះ​ តើសមាជិក​ទាំងអស់នៅទីណា ទៅជាយ៉ាងណា​ទៅហើយនាពេល​បច្ចុប្បន្ននេះ?

១. Jihyun

Son Jihyun គឺជាអតីតមេក្រុម 4Minute ជាអ្នករាំនាំមុខក្រុម និង Visual ប្រចាំក្រុម។ បន្ទាប់ពីបំបែកក្រុមហើយ ​Jihyun បាន​ត្រឡប់មកកាន់​ពិភពសម្ដែង​វិញ​ម្ដង ដោយប្រឡូកពេញ​ទំហឹងតែម្ដង។

នាង​បាន​ចុះកុងត្រាជាមួយ​នឹងផលិតកម្ម Artist Company នឹង​បាន​សម្ដែង​រឿងភាគជាច្រើនដូចជា «Strongest Deliveryman», «Grand Prince», «When the Devil Calls Your Name» និង «Love is Annoying, But I Hate Being Lonely» ក៏ដូចជាភាពយន្តខ្នាតធំ «Trade Your Love» ផងដែរ។

២. Gayoon

កាលពីនៅក្នុងក្រុម នាងទទួលនាទីខាងច្រៀង ដូច្នេះពេល​នោះ Gayoon ត្រូវ​ផ្ដោតខ្លាំងតែលើការច្រៀងមួយមុខគត់សំខាន់ជាងគេ។

ប៉ុន្តែក្រោយក្រុមរំសាយ នាង​ក៏បាន​ចាប់យកអាជីពជាតារាសម្ដែងវិញ ដោយធ្លាប់បាន​បង្ហាញ​សា្នដៃក្នុងរឿង «The Drug King» និង «Search Out» ជាដើម។

៣. Jiyoon

ពេល​នេះ​អតីតសមាជិកពូកែរ៉េប​របស់ 4Minute រូបនេះ ក្លាយខ្លួនមកជា «Jenyer» វិញហើយ បន្ទាប់ពីចេញពី Cube។ ដូចនេះ​នាង​បាន​ចូល​ផលិតកម្ម JS E&M ដើម្បីប្រែខ្លួន​ជា​តារាទោល។

Jenyer ក៏បាន​ចេញ​អាល់ប៊ុមទោលខ្លួនឯងដែរមាន​ «Day and Night», «Bad» និង «The Moment I Loved»។ ក្រៅពីនោះក៏នៅមានបទចម្រៀងល្បីៗចេញជាបន្តបន្ទាប់។

៤. HyunA

កាលពីនៅក្នុងក្រុមនាងគឺជា Main Dancer, Main Rapper និងជាតំណាងក្រុម ហើយក្រោយក្រុមបំបែកនាងក៏នៅបន្តកុងត្រាជាថ្មីជាមួយផលិតកម្ម Cube ដែរ ក្នុងនាមជាតារាទោល និងចូលរួមជាមួយក្រុមតូច Triple H ជាមួយ Hui និង Dawn។ ប៉ុន្តែនាងក៏បាន​ចាកចេញ ក្រោយដំណឹងទាក់ទងស្នេហារវាងនាង និង Dawn បែកធ្លាយ ហើយស្រាប់តែត្រូវមាន​បញ្ហាជាមួយក្រុមហ៊ុន ជាហេតុនាងត្រូវបញ្ចប់កុងត្រា។

ទោះជាយ៉ាងណា HyunA នៅតែមានសមត្ថភាពស្ដារភាពល្បីល្បាញ​បាន​ដដែល បើទោះបីនាង​មាន​រឿងច្រើនក្នុងជីវិត ទាំងការបាក់ទឹកចិត្ត ទាំងបាត់បង់ជំនឿចិត្ត រហូតធ្វើឲ្យនាងធ្លាក់ចុះក្នុងសភាពលំបាក តែនាងនៅតែស៊ូជម្នះបាន រហូតរះចែងចាំជាថ្មីនៅពេលនេះ ជាពិសេសក្រោយពេល​ចូលមកជាតារារបស់ផលិតកម្ម P NATION របស់ PSY។ ចំណែកទំនាក់ទំនងស្នេហារវាងនាង និង Dawn នៅតែរឹងមាំដដែល។

៥. Sohyun

ចំណែកសមាជិក​ពៅគេក្នុងក្រុម​នេះ​វិញ ក៏បាន​ចាប់យកអាជីពជាតារាសម្ដែងដែរ ក្រោយ 4Minute រំសាយ។ ដោយសារជានិស្សិតចាប់យកមុខជំនាញផ្នែកសម្ដែង​ស្រាប់ផង ដូចនេះ​នាង​ចង់ប្រើប្រាស់អ្វី​ដែល​នាង​រៀនសូត្រ នងតបតាមការស្រឡាញ់ ចូលប្រឡូក​ក្នុងវិស័យនេះ​តែម្ដង។

Sohyun បាន​ចូល​ផលិតកម្ម 935 Entertainment នៅឆ្នាំ ២០១៦ ក្រោយចេញពី Cube និងប្ដូរទៅ The CNT នៅឆ្នាំ ២០១៩៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី