នៅតែមោះមុត បវរកញ្ញា ភូមា៖ មកុដរបស់ខ្ញុំ ត្រូវជាមកុដតំណាងឲ្យប្រជាជន និងប្រទេសរបស់ខ្ញុំ
- 2021-05-07 04:04:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតែមោះមុត បវរកញ្ញា ភូមា៖ មកុដរបស់ខ្ញុំ ត្រូវជាមកុដតំណាងឲ្យប្រជាជន និងប្រទេសរបស់ខ្ញុំ
ចន្លោះមិនឃើញ
បវរកញ្ញា ភូមា Hann May ដែលពេលនេះកំពុងជ្រកកោននៅប្រទេសថៃនៅឡើយ បានចេញមុខជាថ្មីពីទស្សនៈ និងផ្នត់គំនិតរបស់នាងចំពោះប្រទេស និងប្រជាជនមីយ៉ាន់ម៉ារបស់នាង។
Hann May ថ្លែងថា៖ "មកុដរបស់ខ្ញុំ ត្រូវជាមកុដតំណាងឲ្យប្រជាជន និងប្រទេសរបស់ខ្ញុំ"។ នេះជាសារថ្មីទៀត របស់យុវតីមានភក្ដីភាពជាមួយជាតិមាតុភូមិ ភូមា ឬមីយ៉ាន់ម៉ារូបនេះ ចាប់តាំងពីនាងបានប្រើប្រាស់វេទិកាកម្មវិធី Miss Grand International ថ្លែងសារស្ដីពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់នាងបន្តបន្ទាប់។
អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសភូមា ធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈមក។ សំឡេងកាំភ្លើង ដែលជាការតតាំងរបស់ទាហានក្រុមរដ្ឋប្រហារ ទប់ទល់នឹងបាតុករប្រជាជន និងការប្រយុទ្ធតតាំងជាមួយក្រុមរដ្ឋនានាដែលមិនចំណុះឲ្យក្រុមទាហានរបស់មេដឹកនាំ ម៉ីង អ៊ុងឡាំង បានលឺស្ទើរគ្រប់កន្លែងក្នុងប្រទេសជារៀងរាល់ថ្ងៃ។
ស្ថានភាពនេះ យុវតីជាតិភូមា Hann May បានព្យាយាមប្រើសំឡេងរបស់ខ្លួន នៅបរទេសធ្វើជាសារប្រាប់ទៅពិភពលោកអំពីប្រជាជនភូមាដែលកំពុងជួបការប្រឈមដោយសារតែពួកគេមិនចង់បានការគ្រប់គ្រងរបស់របបយោធា។ នៅលើវេទិកា Miss Grand International កន្លងមក យុវតី បានស្រែករកការជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ប្រឆាំងនឹងរបបរដ្ឋប្រហារ ក្នុងចេតនាស្តារប្រទេសរបស់នាងឲ្យទៅរកសភាពដើមមុនថ្ងៃរដ្ឋប្រហារវិញ។
ការខិតខំរបស់នាងម្ដងហើយម្ដងទៀតនេះ បាននាំឲ្យមានការភ័យខ្លាចអំពីសុវត្ថិភាពរបស់ ស្របពេលដែលមិត្តរួមជាតិរបស់នាង ដែលជាសិល្បករល្បីៗមួយចំនួន ត្រូវបានចាប់ឃុំខ្លួនរួចទៅហើយ ក្នុងបេសកកម្មដូចគ្នា។ ជាក់ស្ដែង ដូចជាតារាសម្ដែងប្រុសដ៏ល្បី Paing Takhon ជាដើម ដែលតាមព័ត៌មាន លោកត្រូវបានទាហានចាប់ឃុំខ្លួននៅនឹងផ្ទះរបស់ខ្លួនកាលពីដើមខែមេសា ពេលដែលលោកត្រឡប់ពីការភៀសខ្លួន ហើយវិលមកផ្ទះវិញដោយសារស្ថានភាពសុខភាព។
ងាកមក Hann May វិញ នាងត្រូវបានប្រទេសថៃអនុញ្ញាតឲ្យនាងជ្រកកោនបណ្ដោះអាសន្នមួយរយៈពេលវែង។ អំឡុងពេល ជ្រកកោននៅបរទេស យុវតីភូមា ជារឿយៗ នៅតែចេញមុខនិយាយពីឆន្ទៈរបស់នាងចំពោះជាតិ និងប្រជាជនភូមារបស់ខ្លួន ដូចនឹងសារចុងក្រោយនេះដែលថា មកុដដែលនាងមានពាក់លើក្បាល គឺគ្រឿងដែលត្រូវតែតំណាងឲ្យប្រទេស និងជនរួមជាតិរបស់នាង៕