ជួយបន់ស្រន់ នាយ ក្រិន កំពុងសង្គ្រោះបន្ទាន់!
- 2021-05-09 14:56:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយបន់ស្រន់ នាយ ក្រិន កំពុងសង្គ្រោះបន្ទាន់!
ចន្លោះមិនឃើញ
លោក ទេស សុជន ហៅនាយ ក្រិន ដែលធ្លាប់តែសម្ដែងធ្វើឲ្យប្រិយមិត្តសើចសប្បាយឥតល្ហែនោះ ពេលនេះមានទុក្ខខ្លួនឯង ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រហូតត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត។
ដំណឹងនេះ បានបញ្ចេញដោយលោក អៀង ចេនឡា តារារួមអាជីពកំប្លែងជាមួយគ្នានៅព្រលប់នេះ ដោយសារតែលោកមានការបារម្ភពីរៀមច្បងក្នុងអាជីពខ្លាំងពេក។ តែគិតមកត្រឹមពេលនេះ មិនទាន់ដឹងនៅឡើយទេថា តារាកំប្លែងមាឌល្អិត មានជំងឺអ្វីពិតប្រាកដ ប៉ុន្តែតាមបងប្រុសលោក សុខ រ៉ាស៊ី បានឲ្យដឹងថា នាយ ក្រិន ស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ។
ចេនឡា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយក្នុងនោះឃើញតារាកំប្លែងដេកស្ដូកស្ដឹងនៅលើគ្រែមិនដឹងខ្លួនឡើយ។ មិត្តរួមអាជីព បានឲ្យដឹងថា នាយក្រិន ធ្លាប់ចូលពេទ្យសង្គ្រោះបន្ទាន់ប៉ុន្មានដងរួចមកហើយ ប៉ុន្តែលោករមែងផ្ដាំមិនឲ្យធ្វើការទម្លាយចេញពីស្ថានភាពរបស់លោកជាសាធារណៈនោះទេ។ ទើបតែពេលនេះ ទើបលោកដាច់ចិត្តបង្ហោះ ដោយចិត្តឯងប៉ុណ្ណោះ។
លោក ចៀនឡា ថ្លែងថា "គាត់ឈឺចូលសង្គ្រោះបន្ទាន់ប៉ុន្មានដងហើយ តែគាត់មិនដែលអោយពួកខ្ញុំថតគាត់បង្ហោះទេ គាត់ខ្លាចគេថា ចង់បានជំនួយ...”។ តារាកំប្លែងរលកក្រោយ បានបួងសួងសូម ទេវតាតាមថែរក្សាមនុស្សល្អនាយក្រិន ដែលលោកចាត់ជារៀមច្បងដ៏ល្អមួយរូប ព្រោះថារៀមច្បងរូបនេះ មានកូនតូចៗត្រូវការលោកមើលថែ។
ចេនឡា ថ្លែងថា ៖"សូមទេវតាតាមថែររក្សាមនុស្សល្អដូចជាបង ទេស សុជន ហៅ នាយក្រិន អោយឆាប់ជាសះស្បើយ ដើម្បីទៅមើលថែរកូនៗតូចៗរបស់គាត់វិញ”។ ប្រិយមិត្តជាច្រើន បាននាំគ្នាចូលមកសួរនាំ និងផ្ញើសារជូនពរតារាកំប្លែងមកពីខេត្តបាត់ដំបង និងសង្ឃឹមថា លោកបានស្រាកស្រាន្តត្រឡប់ទៅមើលថែកូនៗរបស់លោកបន្តទៅទៀត៕