ឈិនឡុង ធ្លាប់ហៅ Anita ជាមនុស្សគួរឲ្យធុញ ព្រោះគិតថាសម្ញែងឫកពាខ្លាំងពេក កាលទើបឡើងល្បី
- 2021-05-10 03:34:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិនឡុង ធ្លាប់ហៅ Anita ជាមនុស្សគួរឲ្យធុញ ព្រោះគិតថាសម្ញែងឫកពាខ្លាំងពេក កាលទើបឡើងល្បី
ចន្លោះមិនឃើញ
រឿងខ្លះកើតឡើងពីការយល់ច្រឡំ និងកំហុសអចេតនា ហើយផ្សំនឹងមិនបានផ្ដល់ឱកាសឲ្យបកស្រាយ តែបែរជាខឹងគ្នាដោយមិនដឹងរឿងច្បាស់ទៅវិញនោះ។
ដូច Jackie Chan និង Anita Yuen ធ្លាប់មានការប៉ះទង្គិចនឹងគ្នាតាំងពីឆ្នាំ ១៩៩៥ ពេលថតរឿង «Thunderbolt» ជាមួយគ្នា ស្របពេលពួកគេទាំង ២នាក់គឺជាតួឯក។
ពេលនោះ Jackie Chan បានសុំឲ្យ Anita មក សមប៉ារ៉ូលជាមួយគ្នា ប៉ុន្តែខាងស្រីមិនបានធ្វើតាមសំណើរនោះទេ ថែមទាំងដើរចេញពីទីតាំងថតទៀត។ Jackie ពិតជាមិនសប្បាយចិត្តទេពេលនោះ ពេលឃើញបែបនេះ។
រម្លឹកទៅ ពេលនោះអ្នកដឹកនាំរឿងច្រើននាក់ណាស់ ដែលធ្លាប់ជួបបញ្ហាបែបនេះជាមួយនឹង Anita។ តាមការបង្ហើបឲ្យដឹងពីក្រុមការងារថតមកកាន់វិបសាយព័ត៌មាន ព្រមទាំងព័ត៌មានល្បីច្រើនឆ្នាំមកហើយនោះ បានលើកឡើងថា Anita ដែលជាម្ចាស់មកុដបវរកញ្ញាហុងកុងឆ្នាំ ១៩៩០នេះ ហាក់ដូចជាប្រកាន់ឫកពា និងមានអំនួតជ្រុលពេក ទើបប្រែក្លាយបរិយាកាសពេលថតកុន ទៅជាមិនស្រណុកចិត្តដោយសារនាង។
ទោះជាយ៉ាងណាសម្រាប់សាមីខ្លួនវិញ នាងពិតជាមិនបានដឹងខ្លួនឡើយថា នាងបានធ្វើឲ្យមនុស្សជាច្រើននាក់អន់ចិត្តដោយសារនាង ច្រើនឆ្នាំមកនេះ។
ងាកចូល Jackie Chan វិញ ក៏ធ្លាប់បានបង្ហើបពីការមិនចូលចិត្តតារាស្រីរូបនេះម្ដងដែរក្នុងបទសម្ភាសកន្លងទៅ។ លោកនិយាយថាធ្លាប់មានអារម្មណ៍ទើសទាល់ និងមិនចូលចិត្តចំពោះតារាស្រីរហូតលោកហៅម្នាក់នោះថាជា «តារាស្រីដែលគួរឲ្យធុញទ្រាន់បំផុត»។ ប៉ុន្តែ Jackie Chan សុំមិនបញ្ចេញឈ្មោះថាជាអ្នកណាទេ។
ពេលនោះ មហាជនមួយចំនួនគិតថាជា Elaine Ng ហេតុនេះច្រើនឆ្នាំក្រោយមកទើប សាមីខ្លួនព្រមបង្ហើបថាជា Anita Yuen។
រហូតដល់ឆ្នាំ ២០១៧ ទើប Anita ធ្វើការសុំទោសចំពោះ Jackie Chan សម្រាប់អ្វីដែលនាងបានធ្វើកាលពីមុន។ នៅថ្ងៃមួយស្វាមីរបស់នាងគឺ Julian Cheung ក៏បានរៀបចំញ៉ាំអាហារពេលល្ងាច ដោយអញ្ជើញ Eric Tsang, Jackie Chan ហើយ Anita ក៏បានចូលរួមដែរ ដូច្នេះចាប់ពីពេលនោះមកអ្វីៗក៏ប្រែជាល្អវិញ៕