ព័ត៌មាន​បន្ថែម​ទៀត រឿង នាយ​ក្រិន ចូល​សង្គ្រោះ​បន្ទាន់​កាល​ពី​យប់​មិញ និង​ស្ថានភាព​ពិត​របស់​លោក​ពេល​នេះ

  • 2021-05-10 04:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ក្រិន ដែល​សម្ងំ​យ៉ាង​ស្ងៀមស្ងាត់​នៅ​ស្រុក​កំណើត​នា​ខេត្ត​បាត់ដំបង បាន​បែក​ធ្លាយ​ព័ត៌មាន​ថា​លោក​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​កាល​ពី​យប់មិញ បន្ទាប់​ពី​កន្លង​មក​លោក​ក៏​ធ្លាប់​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​២-៣ដង​មក​ហើយ ប៉ុន្តែ​ព្យាយាម​លាក់​បាំង​ព័ត៌មាន។

បន្ទាប់​ពី​លោក អៀង ចេនឡា ដែល​ជា​មិត្ត​រួម​អាជីព​សិល្បៈ កំប្លែង​ជាមួយ​គ្នា​បាន​ទម្លាយ​ករណី​ពី​តារា​កំប្លែង​មាឌ​ល្អិត ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ។ តែ​ភ្លាម​ៗ មិន​មាន​ដំណឹង​ថា នាយ​ក្រិន មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ។

តាម​ការ​បញ្ជាក់​ប្រាប់​របស់​លោក ចេនឡា នៅ​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា នាយ​ក្រិន​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ជា​យូរ​មក​ហើយ ហើយ​កន្លង​មក​ក៏​ធ្លាប់​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ២-៣​លើក​រួច​មក​ហើយ​ដែរ។ ដោយ​ឡែក​យប់​មិញ​នេះ លោក​ក៏​ត្រូវ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ជា​ថ្មី​ទៀត តែ​មិន​មែន​ជា​ជំងឺ​ចាស់​នោះ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា នាយ ក្រិន កើត​អាការ​ចុក​ខ្លាំង ទើប​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​នា​ខេត្ត​បាត់ដំបង។

"គាត់​មាន​ជំងឺ​បេះដូង ហើយ​ចុង​ក្រោយ​ហ្នឹង វះ​កាត់​ពោះវៀនធំ ធ្លាក់ចូលប្លោកនោម គាត់​ចុក​ខ្លាំង នៅយប់ថ្ងៃទី៨​នេះ​!”។ ចេនឡាន ថ្លែង។

នាយ ក្រិន ជា​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយមិត្ត​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ កុយ ដែល​គេ​ឃើញ​សម្ដែង​ជា​ប្រចាំ​ក្នុង​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​របស់​ទូរទស្សន៍​ស៊ី​ធីអិន។ ប៉ុន្តែ​ចាប់​តាំង​ពី​ស៊ីធីអិន ​បាន​សម្រេច​ផ្អាក​ទទួល​ក្រុម​កំប្លែង​ដ៏​ល្បី​មួយ​សម្ដែង​ក្នុង​កម្មវិធី​ត​ទៅ​ទៀត នាយ ក្រិន ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​ការងារ​សិល្បៈ ដូច​ជា​ការ​លេង​កំប្លែង​រហូត​មក​ប្រមាណ ២​ឆ្នាំ​មក​ហើយ។

ដោយ​សារ​មិន​មាន​ការងារ​សិល្បៈ​ធ្វើ​នៅ​ទីក្រុង​បន្ត​ទៀត គួប​ផ្សំ​នឹង​របរ​រកស៊ី​បើក​ហាង​ផឹកស៊ី​មួយ​កន្លែង​ត្រូវ​ដួល​រលំ​ ដោយ​សារ​កូវីដ​ផង នាយ​ក្រិន បាន​នាំ​កូន​ៗ​ទាំង​៣​របស់​លោក ត្រឡប់​ទៅ​រស់​នៅ​ខេត្ត​បាត់ដំបង​ជា​ស្រុក​កំណើត​វិញ។ នៅ​ទី​នោះ លោក​មាន​សាច់​ញាតិ​ដូច​ជា ម្ដាយ បង​ប្អូន ជួយ​ទំនុក​បម្រុង​បន្ថែម។ ដោយ​សារ​តែ​បែប​នេះ ទើប​យប់​មិញ លោក​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​បាត់​ដំបង។

យ៉ាង​ណា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១០ ឧសភា នាយ ក្រិន បាន​ឆ្លង​កាត់​ការ​វះកាត់​បាន​សម្រេច​ហើយ ហើយ​ស្ថានភាព​ក៏​បាន​ធូរស្រាល​មួយ​កម្រិត​វិញ​ហើយ​ដែរ។ នេះ​បើ​តាម​លោក អៀង ចេនឡា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី