ក្រៅពីត្រូវប៉ាម៉ាក់ជំទាស់មិនឲ្យធ្វើតារា ធ្លាប់សុំគេច្រៀងតាមផ្លូវផង តើ Yuqi មានរឿងអ្វីទៀតពីក្រោយភាពល្បីល្បាញ?

  • 2021-05-18 09:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yuqi គឺជា​សមាជិកទី ២របស់ (G)I-DLE ដែលបាន​វិវត្តខ្លួន​ផ្លូវការ​ក្លាយជា​តារា​ទោលម្នាក់​ទៀតប្រចាំ​ពិភព K-Pop។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ នាង​ទើបតែបាន​ចេញ​បទ​ទោល​ថ្មី​មាន​ចំណងជើងថា «Giant» ដែល​ចេញ​មក​ មាន​ការគាំទ្រមិនធម្មតា មិនចាញ់បទ​ក្រុម​ប៉ុន្មាន​ឡើយ។

តារា​ស្រី​ជនជាតិចិនរូប​នេះ​ក៏​បាន​តស៊ូ​ច្រើន​ដែរលើ​វិថីសិល្បៈមួយ​នេះ ដើម្បី​បំពេញ​ក្ដីសុបិនរបស់ខ្លួន និង​ធ្វើយ៉ាង​ឲ្យខ្លួន​ឯង​កាន់តែ​អាច​ឈាន​ឡើង​បាន​មួយកម្រិតពី Level ដែល​នាង​ខំ​សាង​កន្លងមក។ ដូចនេះ​ក៏ដល់ពេល​យើង​ទៅដឹង​ពី​ប្រវត្តិរូបត្រួសៗ និង​ចំណង់ចំណូល​ចិត្តខ្លះ​របស់​នាង។

១. Yuqi មាន​ឈ្មោះ​ពេញ Song Yu Qi ជា​ជនជាតិ​ចិន កើតនៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៩ ក្នុង​ទីក្រុងប៉េកាំង ប្រទេសចិន។

២. នាងគឺជាកូនទោលក្នុងគ្រួសារ បានន័យ​ថា​ប្រៀបដូចជាគ្រាប់ភ្នែក​របស់ម្ដាយឪពុកអ៊ីចឹង។ អ្វីដែល​គួរឲ្យសរសើរ ក្មេង​ស្រី​រូបនេះ​ មាន​ភាព​ឆ្លាតវៃ និង​ក្លាហាន​តាំង​តែពីក្មេងមក។ ដូចនេះ​គ្មាន​អ្វី​ត្រូវឆ្ងល់ថា​ហេតុអ្វីនាង​មាន​សមត្ថភាព​ចូលរៀន​ដល់សាលា Beijing 100 Middle School។

៣. ងាកចូល​ដំណើរឈានចូលសិល្បៈវិញ មិនស្រួលឡើយ ព្រោះតាមពិតមិនមែន​ជា​អ្វីដែលឪពុកម្ដាយ​នាង​ ចង់ឲ្យធ្វើទេ ដូចនេះ​ពួកគាត់ជំទាស់ដាច់ខាតមិនឲ្យកូនចូលឡើយ។ ដោយហេតុនេះទើប Yuqi ដល់ថ្នាក់អង្វរឪពុកម្ដាយ សុំការអនុញ្ញាតិរាល់ថ្ងៃ ពេលណាប៉ាម៉ាក់ជំទាស់ក៏យំ និងនៅតែព្យាយាមធ្វើយ៉ាងឲ្យគាត់ទាំង ២ ព្រមឲ្យខ្លួន​បានធ្វើជាតារា។ ទោះជា​យ៉ាងណា​ នាង​ដឹង​ថា​អ្វី​ដែល​ឪពុកម្ដាយធ្វើ​នេះ​ សុទ្ធ​តែ​កើតចេញពីការបារម្ភ និងទឹកចិត្តស្រឡាញ់ទាំងអស់ ស្របពេលពួកគាត់​មាន​កូន​ស្រី​តែមួយ ហើយត្រូវឲ្យនៅ​ឆ្ងាយពីភ្នែកទៀត អាច​មិនមែនជា​រឿងស្រួលទេ។​

៤. កាលពីនៅ​ជាអ្នក​ហ្វឹកហាត់ចំណូលថ្មី ឬ Trainee នាង​ជួប​រឿង​លំបាក​ច្រើន នាង​ជាជនជាតិចិន ហើយត្រូវ​ឆ្លងដែន​មក​ដល់ប្រទេសកូរ៉េតែឯង ដើម្បី​ហ្វឹកហាត់។ បន្ថែមពីលើនេះ អ្វី​ដែល​នាង​ទ្រាំ​មិនចង់​បាន​ម្ដងៗនោះគឺ ពេលនោះនាង​គ្មានមិត្តភ័ក្តិសូម្បីម្នាក់កាលពីដំបូងៗ ជាហេតុពិបាក​ក្នុង​ការ​ប្រាស្រ័យទាក់ទង និង​និយាយស្ដីជាមួយអ្នកហ្វឹកហាត់ផ្សេងទៀត។

៥. កាលមុនចេញមុខជា​ផ្លូវការ Yuqi ត្រូវបានតម្រូវឲ្យដើរនៅទីសាធារណៈ និង​សុំច្រៀងឲ្យអ្នក​ដំណើរតាម​ផ្លូវស្ដាប់​ បន្ទាប់​មក​ឲ្យពួកគេផ្ដល់​មតិត្រឡប់​មក​វិញ​ថា​តើនាង​ត្រូវកែអ្វីបន្តទៀត ទាំង​ដែលពួកគេ​ភាគ​ច្រើន​មិនដឹង​ថា​នាង​ជា​ជនជាតិ​ចិន​ផង។

៦. នាង​ចូលចិត្តញ៉ាំសាច់ណាស់ ជាពិសេសជើងជ្រូក ជ្រក់ឆៃថាវ និងម្ហូបណា​ដែលមានរសជាតិជូរៗ។ អ្វី​ដែល​នាង​​មិនចូល​ចិត្តគឺ ឈីស និង​កាហ្វេ Espresso តែចូលចិត្ត កាហ្វេទឹកកក Latte Americano។

៧. Yuqi អាច​និយាយ​បាន​ ៣​ភាសាមាន​ចិន (ភាសាកំណើត) ភាសាកូរ៉េ និង​អង់គ្លេស។

៨. ចំណូល​ចិត្តរបស់នាង​គឺ​ គ្មាន​ទៅណា​ឆ្ងាយពីការ​រាំ និង​រ៉េបទេ។ អ្វី​ដែល​នាង​ខ្លាច​ និង​ស្អប់ជាងគេ​ គឺពេល​នៅម្នាក់​ឯង​ឯកា។

៩. មន្តស្នេហ៍របស់​នាង​ដឹង​ថា​នៅត្រង់ណាទេ? គឺ​ត្រង់​សំឡេង​ធំ ធ្ងន់​នេះ​ឯង។

១០. នៅក្នុង​ក្រុម នាងគឺជា​សមាជិក​ម្នាក់​ដែល​គេ​ល្បី​ថា​រឹង​មាំ​ជាងគេ​ក្នុង​ចំណោម​សមាជិក​ទាំងអស់។ Yuqi ចូលចិត្តលេងសើច បង្កបរិយាកាសរីករាយ និងរាល់ពេលញ៉ាំ ដឹង​តែគិតតែពីញ៉ាំ មិនខ្វល់អ្នកណាទាំងអស់៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី