ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែកច្រើនរឿងចង់ឲ្យ Jimmy ក្លាយជា MU សម្រាប់ឆ្នាំបន្ទាប់ ខណៈសាមីខ្លួន...
- 2021-05-19 03:05:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែកច្រើនរឿងចង់ឲ្យ Jimmy ក្លាយជា MU សម្រាប់ឆ្នាំបន្ទាប់ ខណៈសាមីខ្លួន...
ចន្លោះមិនឃើញ
កម្មវិធី Miss Universe បានបញ្ចប់ជាស្ថាពរតាំងតែពីថ្ងៃទីច័ន្ទសប្ដាហ៍នេះ ខណៈកញ្ញា រ៉េត សារីតា គឺជាបេក្ខភាពតំណាងកម្ពុជាទៅចូលរួមកម្មវិធីនេះនៅសហរដ្ឋអាមេរិក ហើយនាងនឹងកាន់តំណែងនេះពេញ១ឆ្នាំមុនពេលមានបេក្ខភាពថ្មីមកជំនួស ស្របពេលដែលពិធីការិនីទូរទស្សន៍ភីអ៊ិនអ៊ិន ត្រូវបានគេលើកមកជជែកវែងញែកច្រើនថានាងសាកសមនឹងបេក្ខភាពកម្ពុជានាថ្ងៃអនាគត។
ការជជែកវែកញែកពីកញ្ញា ម៉េង ឃុននី ឬ Jimmy Meng ក្រោយពីមានទំព័រហ្វេសប៊ុក The Universe ដែលគេសង្ស័យជាទំព័ររបស់អ្នកគាំទ្រកម្មវិធី MU មួយនៅក្នុងស្រុក បានលើកយកបេក្ខភាពតារាស្រីរូបនេះ មកដាក់ក្នុងជម្រើសសម្រាប់តំណែងខាងលើនៅឆ្នាំបន្ទាប់។
ទំព័រនេះបានសរសេរជាភាសាអង់គ្លេសក្នុងន័យថា នេះគឺកញ្ញា Jimmy Meng នាងជាពិធីការិនី តារាម៉ូដែល ជាសិល្បការិនី។ ចំណុចគួរកត់សម្គាល់មួយពិសេស គឺនាងអាចប្រើប្រាស់បានជាច្រើនភាសា ក្នុងនោះមាន ភាសាខ្មែរ អង់គ្លេស ចិន និងថៃ។ ជាមួយគ្នានាងក៏មានអ្នកគាំទ្រច្រើនទៀតនៅកម្ពុជា ដូច្នេះហើយ តើអាចទេ នាងជាបេក្ខនារីបន្ទាប់សម្រាប់ Miss Universe Cambodia? ហើយថាតើ អ្វីដែលប្រិយមិត្តគិត ប្រសិនបើនាងមកចូលរួមក្នុងកម្មវិធីនេះ?
ឃើញការលើកឡើងដូច្នេះ ប្រិយមិត្តនាងជាច្រើនបានសាទរ និងលើកឡើងថា ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ សាកសមបំផុត។ ប្រិយមិត្តម្នាក់បានសរសេរថា "សម្រាប់ខ្ញុំគាត់ គឺជាស្រ្តីម្នាក់គត់ដែលសក្ត័សមបំផុតក្នុងការទទួលតំណែងបន្ទាប់ពីបង សារីតា ទាំងរូបសម្រស់ ភាសារ ចំណេះដឹង ទំនុកចិត្ត ភាពជឿជាក់... ពិតជាចង់ឃេីញគាត់ចូលរួមប្រកួតបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ខ្លាំងមែនទែន ព្រោះថាគេលក់ពាក្យហេីយ Jimmy Meng"។
ប្រិយមិត្តផ្សេងទៀត បានលើកឡើងក្នុងលំនាំជាមួយគ្នា ដែលថា Jimmy គឺបានទាំងព្រម មិនថារូបសម្រស់ សមត្ថភាពការងារ ចំណេះដឹងទូទៅ និងសមត្ថភាពភាសាបរទេស គឺនាងអំណោយផលទាំងអស់។ ដូច្នេះហើយ ពិតជាសាកសមប្រសិនបើនាងទទួលបានតំណែងនោះមែន។ យ៉ាងក៏ដោយគិតមកដល់ពេលនេះ សាមីខ្លួន នៅរក្សាភាពស្ងៀមស្ងាត់ ហើយជាមួយគ្នា sabay ក៏មិនទាន់អាចភ្ជាប់ទំនាក់ទំនងសុំការអធិប្បាយពី ជីមមី បាននៅឡើយ។
ដូច្នេះហើយ គេមិនទាន់ដឹងថា នាងពេញចិត្តចំពោះការលើកតម្កើងនេះ ហើយត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខហើយ ឬយ៉ាងណា។ គិតមកត្រឹមពេលនេះ កម្មវិធី Miss Universe Camboidia បានបើកលក់ពាក្យសុំចូលប្រកួតទៀតហើយ ក្នុងដំណើរឈានទៅជ្រើសរើសបេក្ខភាពថ្មីសម្រាប់តំណាងកម្ពុជាឆ្ពោះទៅឆាកអន្តរជាតិ។ យ៉ាងណា គេមិនទាន់ដឹងនៅឡើយថា កម្មវិធីអាចដំណើរការទៅរួចឬមិនរួច ខណៈកូវីដ១៩ នៅជាឧបសគ្គដ៏ធំនៅឡើយ។
ក្នុងចំណុចនេះ ប្រសិនបើការជ្រើសរើសថ្មីដំណើរការទៅពុំរួចនោះ ជម្រើសនៃរើសបេក្ខភាពឆ្នាំចាស់ ដោយយកចេញពី Top 5 នោះ អាចនឹងជាសេណារីយ៉ូមួយដែលអាចទៅរួច ក្នុងនោះ ប្រិយមិត្តខ្លះយល់ថា ក្នុងលក្ខខណ្ឌនេះ កញ្ញា នេត រក្សា គឺជាបេក្ខភាពដ៏សាកសមម្នាក់ដែរ៕