ទង្វើទាំង ៣ របស់ BamBam និង Lisa បញ្ជាក់ឥតសង្ស័យថាមិត្តភាពពួកគេរឹងមាំ និងកក់ក្ដៅយ៉ាងណា
- 2021-05-25 07:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើទាំង ៣ របស់ BamBam និង Lisa បញ្ជាក់ឥតសង្ស័យថាមិត្តភាពពួកគេរឹងមាំ និងកក់ក្ដៅយ៉ាងណា
ចន្លោះមិនឃើញ
អ្នកណាក៏ដឹងថា BamBam (GOT7) និង Lisa (BLACKPINK) មានទំនាក់ទំនងមិត្តភ័ក្តិល្អនឹងគ្នាកម្រិតណាដែរ តាំងពីពួកគេនៅក្មេង រហូតចម្រើនវ័យក្លាយជាតារាល្បីរៀងខ្លួន។
ជាការសង្ខេបខ្លីៗ ខាងក្រោមនេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា Lisa និង BamBam រាប់អានគ្នាយ៉ាងណា៖
១. និយាយពីការរួមការងារជាមួយគ្នា
Bam និង Lisa បានសហការការងារជាមួយគ្នាកាលពីឆ្នាំ ២០២០ ជាមួយនឹងក្រុមហ៊ុនសេវាទូរសព្ទ AIS ហើយពួកគេបានរៀបរាប់ពីពេលវេលាមួយចំនួនពេលរួមការងារជាមួយគ្នា។
Lisa បាននិយាយថា៖ «ខ្ញុំនៅទីនេះថ្ងៃនេះក្នុងនាមជាអ្នកតំណាងរបស់ AIS 5G ជាមួយនឹងមនុស្សម្នាក់ទៀតដែរ។ នៅពេល BamBam និងខ្ញុំដឹងច្បាស់ពី AIS 5G យើងពិតជាចង់ឲ្យគ្រប់គ្នាទទួលបានបទពិសោធល្អដូចពួកយើងដែរ»។
BamBam វិញក៏បានឲ្យដឹងដែរថា៖ «នេះជាលើកដំបូងរបស់ខ្ញុំជាមួយអ្នកដែលមកពីក្រុមហ៊ុនចម្រៀងផ្សេងទៀតបែបនេះ ហើយវាពិតជារីករាយណាស់! បង Lisa ពិតជាមានទេពកោសល្យខ្ពស់មែន»។
២. BamBam ចេញមុខការពារ Lisa
កាលពីកម្មវិធីប្រគល់ពានរង្វាន់ Golden Disc Awards លើកទី៣៣ Lisa បានទទួល Comment រិះគន់យ៉ាងច្រើនពីមហាជន។ ពួកគេទាំងនោះបាននិយាយថា «នាងស្អាតដោយសារតែផាត់មុខទេ ហើយនាងត្រឹមជាក្មេងស្រីជនជាតិថៃធម្មតា គ្មានអីអស្ចារ្យឡើយ»។
ស្របពេលជាមួយគ្នានេះ ក៏នៅមានអ្នកដែលងើបឈរការពារ Lisa ដែរ ព្រោះសម្ដីនិងការមើលងាយនេះ ស្ដាប់ទៅពិតជាឈឺចាប់ ហើយម្នាក់ក្នុងចំណោមអ្នកការពារនោះក៏មាន BamBam ដែរ។ ស្ថិតក្នុងបទសម្ភាសមួយ Bam បាននិយាយថា៖
«បាទ! ខ្ញុំក៏បានឮព័ត៌មាននេះដែរ! តាមពិត ខ្ញុំគឺជាមិត្តភ័ក្តិរបស់បង Lisa ដូច្នេះក៏បានទាក់ទងទៅគាត់ ដើម្បីនិយាយលើកទឹកចិត្តរួចហើយដែរ។ តាមពិត រឿងនេះមិនមែនជារឿងធំអីណាស់ណាទេ ព្រោះវាចេញតែពីមនុស្សមួយចំនួនតូច ប្រហែលខ្ទង់ ១០នាក់អីប៉ុណ្ណោះ ដូចនេះវាមិនបានប៉ះពាល់ខ្លាំងដល់បង Lisa ទេ ក៏ដោយសារ គាត់មានអ្នកដែលស្រឡាញ់ ចូលចិត្តច្រើនណាស់!
ខ្ញុំបានស្គាល់បង Lisa យូរហើយតាំងពីចូលសិល្បៈម្ល៉េះ អ៊ីចឹងខ្ញុំស្គាល់គាត់ច្បាស់ថាគាត់ជាមនុស្សបែបណា។ គាត់មានបេះដូងបរិសុទ្ធ ចូលចិត្តបង្កភាពរីករាយ ហើយចរិតល្អទៀត។ បើទោះអ្នកខ្លះ មិនទាន់បានចាប់អារម្មណ៍ ដូចនេះថ្ងៃណាមួយពេលវេលានឹងបង្ហាញថា បេះដូង និងធម្មជាតិរបស់គាត់យ៉ាងណា។ បង Lisa ដឹងពីក្ដីស្រឡាញ់ និងការគាំទ្រ គាត់ក៏បានសុំឲ្យខ្ញុំនិយាយពាក្យនេះទៅកាន់អ្នកគាំទ្ររបស់គាត់ដែរ បើខ្ញុំមានឱកាស។ គាត់ចង់និយាយថា អរគុណសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រទាំងឡាយ»។
៣. Lisa ជូនពរខួបកំណើតដល់ BamBam
កន្លងទៅថ្មីៗ BamBam បាន Live វីដេអូមួយដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន ហើយចំពេលនោះ ក៏មានអ្នកគាំទ្រម្នាក់សួរលោក ដោយចង់ដឹងថា Lisa បានអបអរថ្ងៃកំណើតលោក ឬអត់? BamBam បានឲ្យដឹងថា Lisa បានផ្ញើសារជូនពរ និង Call មកលោកទៀតផង។
Bam ក៏នៅបានបញ្ជាក់ទៀតថា Lisa គឺជាមនុស្សទី ៣ដែលបានទាក់ទងមកលោកក្នុងថ្ងៃខួបឆ្នាំនេះ៕