ដើរត្រាច់ចរជាង ២០ឆ្នាំ ស្មានតែជនវិកលចរិត ពេលដឹងរឿងពិត បើកបង្វេចមើលស្រឡាំងកាំងគ្រប់គ្នា
- 2021-05-31 02:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរត្រាច់ចរជាង ២០ឆ្នាំ ស្មានតែជនវិកលចរិត ពេលដឹងរឿងពិត បើកបង្វេចមើលស្រឡាំងកាំងគ្រប់គ្នា
ចន្លោះមិនឃើញ
ស្ទើរមិនគួរឲ្យជឿ បើមិនឃើញផ្ទាល់នឹងភ្នែក ស្តាប់ឮនឹងត្រចៀក រឿងរ៉ាវរបស់បុរសវ័យ ៤៨ឆ្នាំ ដែលបានដើរត្រាច់ចរគ្រប់កន្លែង គ្មានគោលដៅច្បាស់លាស់តែបានធ្វើរឿងមួយគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីបានជួបបងស្រីបង្កើតរបស់ខ្លួនវិញ។ នេះបើតាមបង្ហោះរបស់គណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ Vadthanak Preap។
តាមប្រភពគណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា បុរសម្នាក់ដែលមានឈ្មោះ យៀន ធី អាយុខ្ទង់ ៤៨ឆ្នាំ មានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជាង ២០ឆ្នាំ ហើយធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាគ្រប់ច្រកល្ហក យកវត្ត និងសាលាដំណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ។ ពេលថ្ងៃដើរសុំអាហារគេហូប និងហូបទឹកគ្រប់កន្លែងដែលមានមិនបានគិតជាទឹកស្អាត ឬមានមេរោគអ្វីទេ។ តាមការរៀបរាប់បន្ថែម បុរសកម្សត់ខាងលើបានសន្សំលុយដែលបានមកពីការអាណិតអាសូររបស់បងប្អូន នៅពេលដែលរូបលោកដើរផ្សងព្រេងពីភូមិមួយទៅភូមិមួយ ពីខេត្តមួយ ទៅខេត្តមួយ ដោយគាត់បានទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា។ មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍លើថង់ទិព្វដែលគាត់ស្ពាយលុយនោះឡើយ ព្រោះគេគិតថាគាត់ជាមនុស្សមានសតិមិនគ្រប់។
រឿងដែលនឹងស្មានមិនដល់មួយទៀតនោះ គឺបងស្រីបង្កើតរបស់បុរសពនេចរខាងលើ ដែលមានអារម្មណ៍នឹកប្អូនប្រុស ដែលបែកគ្នាជាង ២០ ឆ្នាំ ដែលខ្លួនបានប្រាកដចិត្តទៅហើយ ថាប្អូនប្រុសរបស់គាត់បានស្លាប់ហើយ តែប្រសិនជានៅរស់ ក៏មិនដឹងថានៅទីណាដែរ។ ជានិស្ស័យមែនទេ ដែលធ្វើឲ្យស្ត្រីចំណាស់ដែលជាបងស្រីបានទទួលដំណឹងថា ប្អូនប្រុសរបស់គាត់នៅមិនទាន់ស្លាប់ ហើយមានអ្នកឃើញថា ឆ្កួតដើររើស សំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅ ម្តុំស្រុកកោះធំខេត្តកណ្ដាល។
បន្ទាប់ពីទទួលបានដំណឹងភ្លាម ស្រ្តីជាបងស្រីបានសម្រេចចិត្តជួលម៉ូតូកង់បី ស្វែងរករកប្អូនប្រុសដោយចេញដំណើរខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។ ទឹកភ្នែកច្រើនដំណក់ស្រក់ចុះមក ពេលដែលបានឃើញប្អូនប្រុសរបស់ខ្លួន ដែលមានឈ្មោះ យៀន ធី ដើរឆ្កឹះសំរាម និងដេកលើឥដ្ឋ ក៏បានដើរទៅជិតនិងស្រែកហៅឈ្មោះរបស់ប្អូន ដោយចងចាំសម្លេងរបស់បងស្រីបាន បុរសកំសត់នោះក៏បានយំអោបបងស្រី។
បន្ទាប់ពីជួបបងស្រី បុរសដែល យៀន ធី ក៏បានឡើងជិះម៉ូតូកង់បីមករកវត្តដែលខ្លួនធ្លាប់ស្នាក់នៅពេលយប់ៗ ពេលមកដល់ខ្លួនក៏បានថ្វាយបង្គំលាព្រះសង្ឃថា «គាត់លា លោកគ្រូទៅស្រុកកំណើតវិញហើយ» វាជារឿងគួរឲ្យភ្ញាក់ផ្អើលដែលគាត់មិនបានឆ្កួរដូចដែលអ្នកគ្រប់គ្នាបានគិត ហើយថែមទាំងធ្វើរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលគឺ គាត់បានសុំព្រះសង្ឃដែលខ្លួនធ្លាប់បានសុំស្នាក់នៅ ដើម្បីរាប់លុយដែលខ្លួនបានសន្សំ ក្នុងរយៈពេល ជាង ២០ ឆ្នាំមកនេះ។ ព្រះអង្គចៅអធិការវត្តក៏បានហៅ ញាតិញោម ឧបាសកមកអោយជួយរាប់លុយ យៀនធី កាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២១ ដែលចំនួនទឹកលុយនោះមាន ប្រាក់ដុល្លាមានចំនួន ៨៣០$ និងប្រាក់រៀលមានចំនួន១៤,៤២០,០០០៛ (ដប់បួនលានបួនសែនពីរម៉ឺនរៀល)។
យ៉ាងណាមិញ បងស្រីរបស់លោក យើន ធី ក៏បានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យរូបលោកចាកចេញចោលផ្ទះ គឺដោយសារតែពុករបស់គាត់មានប្រពន្ធចុង ក្រោយ ហើយយៀន ធី រស់នៅមិនកើត មិនចំណុះចុះនឹងម្តាយចុងនោះក៏សុខចិត្ត ចេញពីផ្ទះមិនទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេ គឺបាត់ឈឹងតែម្តង។ ឥលូវបុរសពនេចរខាងលើបានជួបជុំបងស្រី និងគ្រួសាររបស់គាត់វិញហើយ ជូនពរគាត់សំណាងល្អនៅក្នុងជីវិត និងទទួលបានការថែទាំងយ៉ាងល្អពីក្រុមគ្ឬួសារក្រោយរងការលំបាកអស់រយៈយូរឆ្នាំយ៉ាងនេះ ៕