ទឹកចិត្តលោកគ្រូ! យកប្រាក់រង្វាន់ជ័យលាភី បន្តជួយទំនុកបម្រុងកុមារកំព្រាក្រីក្រមានឱកាសបន្ដការសិក្សា

  • 2021-05-31 10:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកគ្រូនាយក​សាលា​ចូលនិវត្តន៍​វ័យ ៦០ ឆ្នាំ​ឈ្មោះ​ពេញ​គឺ​  ឡុញ នាង ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា ជ័យលាភី​នៃ​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​ ២០២០ បន្ទាប់ពី​លោកគ្រូ​បាន​បង្ហាញ​​សកម្មភាព​មនុស្ស​ធម៍​រៃអង្គាស​ប្រាក់​ជួយ​កុមារក្រីក្រនិង​កុមារ​​កំព្រា ដើម្បី​ឱ្យ​ពួក​គេ​ទទួលបាន​ឱកាសបន្ដការសិក្សាច្រើន​ជាង ២០ ឆ្នាំ​កន្លង​មក​នេះ​។​

លោក​គ្រូ ឡុញ នាង បាន​ថ្លែង​ថា លោក​នឹង​ប្រើប្រាស់​ប្រាក់​រង្វាន់​នេះ​ដើម្បី​ជួយ​ដល់​សហគមន៍​របស់​លោក។ លោក​បាន​បន្ថែម​ថា លោក​ក៏​នឹង​ជួយ​គ្រូបង្រៀន​ក្រីក្រ និង​សិស្ស​ក្រីក្រ​ផង​ដែរ។​

លោក​គ្រូ ឡុញ នាង

​លោកគ្រូ ឡុញ នាង ដែលបាន​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​ដែលមាន​សមាសភាព ៣​រូប ក៏រៃអង្គាស​ប្រាក់​ជួយ​សហគមន៍​របស់​គាត់​ផងដែរ​នៅ​ឃុំ​ក្រាំង​យ៉ូវ ស្រុកស្អាង ខេត្ត​កណ្តាល។​

លោកគ្រូ ​ត្រូវ​បានជ្រើស​តាំង​​ជា​ជ័យលាភី​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០ ក្នុង​ចំណោម​បេក្ខជន​និង​បេក្ខនារី​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន ១០​នាក់។ លោកគ្រូនឹង​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន ១០.០០០​ដុល្លារ ព្រមទាំង​ពានរង្វាន់​មួយ​ផង​ដែរ។

ថ្លែង​ក្នុង​ពេល​ទទួល​ពាន​រង្វាន់​របស់​លោក លោកគ្រូ ឡុញ នាង បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​​! មាន​ចិត្ត​​រំភើបរីករាយ​រកអ្វីមក​ប្រៀប​ផ្ទឹម​ពុំ​បានទេ គឺ​ថាខ្ញុំ​​រំភើបណាស់​​មិនមែន​រំភើប​ថា​នឹង​ទទួល​បានជា​ពាន​រង្វាន់​ឬ​ជា​ប្រាក់អីទេ ប៉ុន្តែ​វា​ជា​​អំពើ​ល្អ​ដែល​ខ្ញុំបាន​ខិត​ខំ​រយៈពេល​ជីវិតជាគ្រូ​បង្រៀន ៤០​ឆ្នាំ​មក​នេះ​ត្រូវ​បាន​ទទួល​ស្គាល់។ អ្វីដែល​ខ្ញុំ​ទទួល​បាន​លទ្ធផល​ថ្ងៃនេះ​ អ្វីដែល​ជោគ​​ជ័យ​ក្នុងការ​ជួយ​ឧបត្ថម្ភ​សិស្ស​ក្រីក្រនេះ គឺ​មានការ​​​សហ​ការ​​ជា​ច្រើន​ជាមួយសហការី​ លោកគ្រូអ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន សហគមន៍​ រួម​ទាំង​ព្រះសង្ឃ​ផងដែរ ដោយ​បាន​​​ចូលរួមខិត​ខំ​​កៀរគរស្វែង​រក​​​ថវិកាឧបត្ថម្ភ​ដោយ​​​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​សិស្ស​ក្រីក្រ ព្រោះ​ថា​សិស្ស​​ក្រីក្រ​នេះគឺជាមុខសញ្ញា​មួយដែលងាយ​រងគ្រោះ​ក្នុង​ការ​​បោះ​​​បង់​ការ​​សិក្សា។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​កម្មវិធី​ពលរដ្ឋ​គំរូ​ Smart ដែល​បានជ្រើស​រើស​ខ្ញុំ​ជា​ជ័យ​លាភី។»

កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart Axiata គឺ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ “ឆ្ពោះ​ទៅ​មុខ​រួមគ្នា” របស់​ក្រុមហ៊ុន ដែលមាន​គោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​កម្ពុជា​​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស។ យុទ្ធនាការ​នេះ​ក៏​មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ​ និង​​​​បទចម្រៀងមួយផងដែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងពិសេស ដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​ចំរៀងលើ Pleng by Smart App សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​ពាន​រង្វាន់​​​ពលរដ្ឋ​គំរូ Smart នេះ។

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ស្វែង​រក​ជ័យលាភី​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ «បើទោះ​ជា​យើង​ដឹង​ហើយថា នឹងមានអ្នក​ឈ្នះតែម្នាក់​ក្តី​នៅពេល​យើង​ចាប់​ផ្តើមកម្មវិធី​នេះ​នៅ​ខែ​ធ្នូ ឆ្នាំមុន អ្វី​ដែល​យើង​បាន​រក​ឃើញ​​នៅក្នុងពេលដំណើរការ​កម្មវិធីនេះ​គឺ​ថា មាន​ពលរដ្ឋកម្ពុជា​ជាច្រើន​ដែល​កំពុង​ធ្វើ​អំពើ​ល្អ និងសកម្មភាព​ល្អ​ ដើម្បី​ជួយ​ដល់​អ្នកដែល​ត្រូវការ​ជំនួយ​នៅក្នុងសង្គម ហើយនេះគឺជា​អ្វី​ដែល​កម្មវិធី​នេះ​ចង់​បាន ដោយ​ទទួលស្គាល់​អ្នក​​ដែលលះបង់​ជួយ​យកអាសារ​អ្នក​ដទៃ ជា​ពិសេស​ក្នុងអំឡុង​ពេល​ដ៏លំបាក​បែប​នេះ។ យើង​សូម​ជូនពរ​បេក្ខជន​បេក្ខនារីទាំងអស់​ឱ្យជួបតែសំណាង​ល្អ។»

គណៈកម្មការ​របស់​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ គឺអ្នកគ្រូ​ នាង ផល្លា ដែលជា​អតីត​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​ទាំង​១០ ​រូប​នៃ​ពាន​រង្វាន់​គ្រូ​បង្រៀន​ពិភពលោក និង​ជា​គ្រូ​បង្រៀន​សិស្ស​ពិការ​ភ្នែកដំបូងគេ រួម​ទាំង​លោក ពុយ គា អ្នក​សារព័ត៌មាន​ជើង​ចាស់​មួយ​រូប​នៅ​កម្ពុជា និង​​ជា​អ្នក​ឆ្លើយ​ឆ្លង​ឲ្យ​ទី​ភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​របស់​ជប៉ុន និង​លោកស្រី តេង សុផាន់ណា ជា​ប្រធានផ្នែក​ធនធាន​មនុស្ស​របស់ក្រុមហ៊ុន Smart Axiata។

​លោក ពុយ គា ​តំណាងគណៈកម្មការទាំងបីរូបបានមានប្រសាសន៍ថា៖ “ពាន​រង្វាន់​ពលរដ្ឋ​គំរូ​នេះ​នឹង​ជះ​ឥទ្ធិពល​ធំ​ណាស់​ដល់​សង្គម​ទាំង​មូល​តាម​រយៈ​ការ​រួម​ចំណែក​ពី​បុគ្គល​ម្នាក់ៗ​ដែល​អាច​​ធ្វើ​បាន ទោះ​បី​ជា​ជីវភាព​ខ្លួន​ឯង​ជួប​ការ​លំបាកក៏ដោយ ក៏​នៅ​តែ​អាច​ធ្វើ​អំពើ​ល្អ​ជា​គំរូ​ដល់​អ្នក​ដទៃ ហើយ​គំរូ​បែប​នេះ​នឹង​អង្រួន​ទឹក​ចិត្ត​យុវជន​និង​អ្នក​ដែល​មាន​លទ្ធភាព​និង​ធន​ធាន​ឲ្យ​ចូល​​រួម​ជួយ​សង្គម​កាន់​តែ​ច្រើនៗ​ឡើង”។

ក្នុងរយៈពេល​ ៦​ខែ​នៃ​ដំណើរការ​កម្មវិធី​ពាន​រង្វាន់ពលរដ្ឋ​គំរូ​ Smart នេះ អ្នក​ជ្រើស​តាំង​ត្រូវ​បាន​អនុញ្ញាត​ឱ្យជ្រើស​តាំង​បេក្ខជនបេក្ខនារី​​តែ​មនុស្ស​ប៉ុណ្ណោះ ហើយ​អ្នក​ជ្រើស​តាំង​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​តាំង និង​ការ​ពិពណ៌នា​សង្ខេប​អំពី​អំពើ​ល្អ​ដែល​​អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង​បាន​ធ្វើ។ ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់រយ​នាក់​បានជ្រើស​តាំង​​អ្នក​ដែល​ពួក​គេ​យល់ឃើញ​ថា​បានធ្វើ​អំពើ​ល្អ​។

អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​សាកសម​បំផុត​ត្រូវបានទាក់ទង​ដោយ​អ្នករៀបចំកម្មវិធី ដើម្បី​ស្វែង​រក​ព័ត៌មាន​​បន្ថែម​អំពី​ប្រវត្តិ និង​អំពើ​ល្អ​ដែលជួយ​ឱ្យ​ពួកគេ​ត្រូវបានជ្រើស​តាំង។ ក្រោយ​មក អ្នក​រៀបចំ​កម្មវិធី​បានចេញ​ផ្សាយ​ព័ត៌មាន​​លម្អិត​របស់​អ្នក​ដែលត្រូវ​បានជ្រើសតាំងទាំង​នោះ។

យុទ្ធនាការ​នេះ​ក៏​រួម​មាន​ពាន​រង្វាន់ប្រជាប្រិយភាព​ផងដែរ ​សម្រេច​ដោយការ​បោះ​ឆ្នោត​ពី​សាធារណៈជន​។ ជ័យលាភី​ពាន​រង្វាន់ប្រជាប្រិយភាព​របស់កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូស្មាត​ឆ្នាំ​២០២០ បាន​ទៅ​លើ​​អ្នក​នាង សឿង សុថារី ដែល​នឹង​ទទួលបាន​​​ប្រាក់​រង្វាន់​ ចំនួន ១.០០០​ដុល្លារ​។

​អ្នក​នាង សឿង សុថារី បាន​​ជាប់ជា​បេក្ខនារី​ដែលមាន​ប្រជាប្រិយ​ភាព​នេះ​ដោយ​សារ​ការងារ​របស់​គាត់​ពាក់​ព័ន្ធ​នឹង​ការការពារ​បរិស្ថានការផ្សព្វ​ផ្សាយ​អំពីបរិស្ថានការ​បង្កើតផលិត​ធុង​សំរាម​បរិស្ថាន​ពី​សម្បក​ក​ង់រថយន្ត​ចាស់ៗ និងការ​ជួយ​យក​អាសារ​ដល់​ចាស់​ជរា។

អ្នក​នាង សឿង សុថារី

​យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន   Smart Axiata ​បាន​ចាប់ផ្ដើមនៅ​ថ្ងៃទី ២៣ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធី​ពាន​រង្វាន់ពលរដ្ឋគំរូ Smart ក៏​បានចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ផងដេរ។

បេក្ខជនដែលជាប់ដល់ Top 10 ៖

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

​ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។

នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថលតាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។

ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!

ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈតំណ៖ www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕ ​

អត្ថបទ៖ រក្សា