ហេតុ​អី​​​ខ្ញុំ​​​​​​ត្រូវ​ធ្វើ​​ជា​​​នារី​​​ល្ងីល្ងើ​ស្មោះ​ស្នេហ៍​ ដូច​ក្នុង​ចម្រៀង​បែប​នេះ​​​?

  • 2014-11-24 16:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថ​បទ​ស្នេហ៍​​​​​​មួយ​ទៀត​ ដែល​​យុវតី​ម្នាក់​​បាន​ផ្ញើ​មក​កាន់ ​sabay ​​កន្លង​មក​​ដើម្បី​ឲ្យ​ប្រិយ​មិត្ត​អ្នក​អាន​ផ្ដល់​ជា​មតិ​យោបល់​ ថា​តើ​គួរ​សម្រេច​ចិត្ត​បែប​ណា?

 

 

… ពួក​​​យើង​បាន​ស្គាល់​គ្នា​មិន​យូរ​ប៉ុន្មាន​​​ក៏​​​បង្កើត​បាន​ជា​​សេចក្ដី​ ស្រលាញ់​​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​  ហើយ​ការ​ស្រលាញ់​នោះ​ ក៏​បាន​បង្កប់​នូវ​​អនុស្សាវរីយ៍​ជា​ច្រើន​សម្រាប់​ខ្ញុំ​ ​ដែល​មិន​អាច​បំភ្លេច​​បាន​រហូត​ដល់​ពេល​នេះ​​ ទោះ​បី​ជា​សេចក្ដី​ស្នេហា​នេះ ​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ​។ ​តើ​ខ្ញុំ​ល្ងង់​ ណាស់​មែន​ទេ​ដែល​តែង​តែ​គិត​ថា​ នឹង​បាន​ជួប​គ្នា​ម្ដង​ទៀត ​ហើយ​សង្ឃឹម​ថា ​នឹង​អាច​ចាប់​ផ្ដើម​ឡើង​វិញ​បាន​?

 

ចាប់ ​តាំង​ពី​ពួក​យើង​បាន​បែក​គ្នា​ ​រហូត​ដល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ ៤​ខែ​មក​ហើយ​។​ ប៉ុន្តែ​រាល់ អនុស្សាវរីយ៍​ហាក់​ថ្មី​ៗ​ដូច​​​​ម្សិល​មិញ អី​ចឹង!​ ​​​រាល់​ថ្ងៃ​ ទោះ​បី​ជា​យើង​នៅ​ឆ្ងាយ​​គ្នា​ ​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ គាត់​​ហាក់​រស់​នៅ​ជា​មួយ​ខ្ញុំ​ដូច​ដើម​​​ ​ហើយ​រៀង​រាល់​រាត្រី​ ​ខ្ញុំ​តែង​តែ​យល់​សុបិន​​​ឃើញ​គាត់​មិន​លុះ​យប់​ណា​ឡើយ​។ ​នៅ​លើ​តុ​ធ្វើ​ការ​របស់​ខ្ញុំ​មាន​រូប​ថត​ពួក​​យើង​ទាំង​ពីរ​នាក់​​កាល​ទៅ​ ដើរ​លេង​ជា​មួយ​គ្នា​​ហើយ​រូប​ទាំង​នោះ ​ក៏​​ជា​រូប​ថត​ចុង​ក្រោយ​ផង​ដែរ។ គិត​ៗ​ទៅ ​គួរ​ឲ្យ​ចង់​សើច​ណាស់​ ​គ្រប់​បែប​យ៉ាង​គឺ​ជា​ការ​គិត​ ​និង​ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​​ប៉ុណ្ណោះ​ ព្រោះ​អ្វី​ដែល​ជា​ការ​ពិត​ ​មិន​អាច​ប្រឌិត​បាន​នោះ​ ​គឺ​យើង​បាន​ចែក​ផ្លូវ​គ្នា​ទៅ​ហើយ​ គេ​បាន​នៅ​ជា​មួយ​គូ​អនាគត​របស់​គេ​យ៉ាង​មាន​សេចក្ដី​សុខ​ ​ដោយ​មិន​ដែល​គិត​ថា ​មាន​មនុស្ស​ម្នាក់​​កំពុង​នឹក​ដល់​គេ​នោះ​ទេ​។

 

​នៅ​ពេល​ខ្ញុំ​នឹក​គាត់​ ​ខ្ញុំ​តែង​តែ​ឆែក​ Profile Facebook​ របស់​គាត់​ ​ក្រែង​បាន​ឃើញ​គាត់​ Check in នៅ​កន្លែង​ណា​មួយ​ ​ឫ​មាន​រូប​ថត​ ដែល​ទើប​នឹង​ថត​ថ្មីៗ​។ ​ប៉ុន្តែ​គ្មាន​អ្វី​ ដែល​ជា​ការ​កត់​​សម្គាល់​​នោះ​ទេ​។ ខ្ញុំ​បាន​​​ត្រឹម​តែ​លួច​មើល​គាត់​តាម​មធ្យោបាយ​នេះ​ប៉ុណ្ណោះ​។ ​ខ្ញុំ​តែង​ តែ​បើក​មើល​រូប​ថត​ ​ទាំង​អស់ ​ដែល​យើង​បាន​ថត​ជា​មួយ​​គ្នា​​ និង​ វីដេអូ​ ​ដែល​គាត់​បាន​ចង​ក្រង​សម្រាប់​ទុក​ជា​​អនុស្សាវរីយ៍​នៃ​សេចក្ដី​ស្នេហា​ របស់​យើង​​ ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ​។ ​ខ្ញុំ​​សុខ​ចិត្ត​ទិញ​សំបុត្រ​យន្តហោះ​​ទៅ​រក​គាត់​ ​​បើ​ទោះ​ជា​ខ្ញុំ​មិន​សូវ​ស្គាល់​ផ្លូវ​ច្បាស់​​ក៏​ដោយ។​ ​​សំណាង​ល្អ​​ ​ខ្ញុំ​អាច​រក​កន្លែង​ ​គាត់ស្នាក់​នៅ​​​ដើម្បី​បន្ត​ការ​សិក្សា​​នោះ​ឃើញ។

 

ខ្ញុំ​ឡើង​ទៅ​ដល់​មុខ​ផ្ទះ​​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​គោះ​​ទ្វារ​​នោះ​ទេ​ ​គ្រាន់​តែ​បាន​និយាយ​ពាក្យ​ថា​ Happy ​ Birthday​ ទាំង​ទឹក​ភ្នែក​ហើយ​ក៏​រត់​ទៅ​ចំណត​​ឡាន​ក្រុង​​​ដើម្បី​ត្រលប់​ទៅ​សណ្ឋាគារ ​ម្នាក់​ឯង​។ នឹក​ឃើញ​ចង់​សើច​ណាស់​ ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​​ ដោយ​សារ​តែ​មនុស្ស​ម្នាក់​មិន​ដែល​គិត​ពី​យើង​សោះ​ ហើយ​រហូត​ហ៊ាន​ឆ្លង​ប្រទេស​ទៅ​រក​គេ ដើម្បី​តែពាក្យ​​​ជូន​ពរ​ថ្ងៃ​ខួប​កំណើត​ ​នៅ​មុខ​ផ្ទះ​របស់​គេ​ ទោះ​ដឹង​ថា ​មិន​អាច​ជួប​ហើយ​នៅ​តែ​ព្យាយាម​។

 

រូប​តំណាង

 

រហូត ​ដល់​ថ្ងៃ​​​គេ​ត្រលប់​មក​ប្រទេស​វិញ​ ​ខ្ញុំ​នៅ​​មាន​មុខ​រង់​ចាំ​គេ​នៅ​ប្រលាន​យន្ត​ហោះ​ទៀត​។​ ប៉ុន្តែ​បាន​ត្រឹម​អង្គុយ​មើល​គេ​ពី​ចម្ងាយ​។ តាម​ពិត​ទៅ​ខ្ញុំ​ចង់​ទៅ​ជួប​គេ​ហើយ​ប្រាប់​គេ​ថា​ ​ខ្ញុំ​នឹក​គេ​ខ្លាំង​ណាស់​!!!​ ​តែ​ខ្ញុំ​បាន​ត្រឹម​តែ​លួច​មើល​គេ​ពី​ចម្ងាយ​ហើយ​លួច​យំ​ក្នុង​ចិត្ត​តែ​ ម្នាក់​ឯង​ ដោយ​សា​រ​ខ្ញុំ​គ្មាន​សិទ្ធិ​ទៅ​​ជួប​គេ​​ទៀត​នោះ​ទេ​ ​ព្រោះ​យើង​មិន​ត្រូវ​ជា​អ្វី​នឹង​​គ្នា​ដូច​កាល​ពី​មុន​ឡើយ​។ ខ្ញុំ​ពិត​ជា​ពិបាក​​រៀប​រាប់​ និង​អធិប្បាយ​ពី​អារម្មណ៍​របស់​ខ្លួន​ខ្លាំង​ណាស់​ ​ដែល​បាន​ត្រឹម​​អង្គុយ​មើល​មនុស្ស​ ដែល​ខ្លួន​ស្រលាញ់​ពី​ចម្ងាយ​។

ខ្ញុំ​ដឹង​ពេល ​អ្នក​​ទាំង​អស់​គ្នា​បាន​អាន​អត្ថ​បទ​នេះ​ហើយ​ ​ពិត​ជា​ហួស​ចិត្ត​ណាស់​មែន​ទេ​?​ ហើយ​ប្រាកដ​ជា​និយាយ​ថា៖ “ចាំ​បាច់​អី​ធ្វើ​បែប​នេះ​?” ​ខ្ញុំ​ក៏​ដឹង​ដែរ​​ថា​ ហេតុ​អ្វី​ចាំ​បាច់​​ធ្វើ​បាប​ខ្លួន​បែប​នេះ​?

 

នៅ ​ពេល​អ្នក​ស្រលាញ់​មនុស្ស​ម្នាក់​ពិត​ប្រាកដ​​​អ្នក​នឹង​យល់​ពី​អារម្មណ៍​ បែប​នោះ​។​ ទោះ​បី​វា​ជា​រឿង​ ឆ្គួត​ក៏​ដោយ​​​ហេតុ​​​ដែល​ខ្ញុំ​សរសេរ​​វា​ឡើង​គឺ​គ្រាន់​ តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធូរ​​ចិត្ត​ ​និង​បាន​ទទួល​នូវ​ការ​ផ្តល់​ជា​មតិ​យោបល់​ខ្លះៗ​ពី​ប្រិយ​មិត្ត​អ្នក​អាន។​ តើ​ខ្ញុំ​គួរ​ធ្វើ​អារម្មណ៍​បែប​ណា​ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​នោះ?

ខ្ញុំ​សូម​ជូន​ពរ​មិត្ត​អ្នកអាន​​ទាំង​អស់​មាន​សំណាង​ល្អ​ និង​ជួប​នូវ​អ្វី​ដែល​ល្អ​ៗ​!

 

ចុច​ត្រង់​នេះ ដើម្បី​ចូល​ទៅបណ្ដុំ​​អត្ថបទ​ស្នេហា​ជា​ច្រើន​ទៀត

 

ពី​ខ្ញុំ​​៖ SB

 

​ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់ ​may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៧៩២ ១៥១។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

 

អត្ថបទថ្មី