​៣​ចំណុច​បង្ហាញ​ថា កម្ពុជា​លេង​យប់​មិញ​ល្អ​​ជាង​ប្រកួត​មុន​​ៗ​ឆ្ងាយ​

  • 2021-06-08 01:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ជម្រើសជាតិ​កម្ពុជា​​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​​អ៊ឺរ៉ាក់​​៤-១ ​នៅ​ប្រទេស​បារ៉ែន​កាល​ពី​យប់​មិញ​នេះ​ ​​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ជុំ​ទី​២​ក្នុង​ពូល C ​នៃ​ព្រឹត្តិការណ៍​​​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២ ដែល​នឹង​​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​។ ​យ៉ាង​ណា​បើ​ទោះ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​អ៊ឺរ៉ាក់​៤-១​មែន​ ប៉ុន្តែ​៣​ចំណុច​នេះ​បង្ហាញ​ថា កម្ពុជា​ខ្លាំង​ជាង​ប្រកួត​មុនៗ​ឆ្ងាយ​។

១-​ការ​បង្កើត​ឱកាស​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្កើត​​ឱកាស​​យ៉ាង​ល្អ​ចំនូន​៦​លើក ហើយ​ស៊ុត​ចំគោល​ដៅ​ទាំង​អស់​នេះ​បើ​តាម​ស្ថិតិ​ក្នុង​ LiveScore ។ ​ចំណុច​នេះ​បង្ហាញ​ថា កម្ពុជា​បាន​​រីក​ចម្រើន​មួយ​កម្រិត ​បើ​ធៀប​នឹង​កាល​​ប្រកួត​ទល់​ក្រុម​បារ៉ែន ដែល​ចាញ់​៨-០​ និង​​គ្មាន​​បាល់​ស៊ុត​ចំគោលដៅ​សូម្បី​មួយ​ជើង​។

កាល​លេង​ទល់បារ៉ែន

២-​ស្ថិតិ​គ្រប់​គ្រង​បាល់​៖ ក្នុង​ស្ថិតិ​របស់ LiveScore ​បាន​បង្ហាញ​ថា កម្ពុជា​មាន​ស្ថិតិ​គ្រប់​គ្រង​បាល់​រហូត​៥២​ភាគ​រយ​​ច្រើន​ជាង​ក្រុម​ខ្លាំង​​អ៊ឺរ៉ាក់ ដែល​មាន​ត្រឹម​៤៨​ភាគ​រយ​។ ស្ថិតិ​នេះ​​បើ​គិត​មុន​ការ​ប្រកួត​គ្មានអ្នក​ណា​ជឿ​ឡើយ ពី​ព្រោះ​​ប្រិយមិត្ត​បាន​ដឹង​​ហើយ​ថា ​កម្ពុជា​​ស្ថិត​នៅ​កម្រិត​ណា​​ហើយ ​អ៊ឺរ៉ាក់​ស្ថិត​នៅ​កម្រិត​ណា។ ប្រទេស​​អ៊ឺរ៉ាក់​ជា​ជើង​ខ្លាំង​ក្នុង​វិស័យ​បាល់​ទាត់​ដែល​កំពុង​ប្រជែង​កៅអី​ក្នុង​ពូល​C នេះ​ដើម្បី​ឡើង​ទៅ​ជុំ​ទី​៣ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ហើយ​​។

៣-ការ​រក​គ្រាប់​បាល់​ជា​មួយ​ក្រុម​ខ្លាំង​​៖ ក្នុង​ចំណោម៦​​ប្រកួត​កន្លង​មក​ប្រិយមិត្ត​បាន​ឃើញ​​ហើយ​ថា កម្ពុជា​រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ពោល​កាល​លេង​​ស្មើ​ហុងកុង​១-១។ ប៉ុន្តែ​យប់មិញ​ដែល​ជា​ប្រកួត​ទី​៧​​ក្រុម​គោព្រៃ​​អាច​រក​បាន​គ្រាប់​បាល់​ទី​២​របស់​ខ្លួន​​​​ជា​មួយ​ក្រុម​ខ្លាំង​អ៊ឺរ៉ាក់ ដែល​​ប្រិយមិត្ត​ស្ទើរ​តែ​មិន​ជឿ​ឡើយ។

​បច្ចុប្បន្ន​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ហើយ ​ខណៈ​ប្រទេស​​​កំពូល​តារាង​គឺ​ អ៊ឺរ៉ាក់ មាន​១៤​ពិន្ទុ​​ អ៊ឺរ៉ង់​មាន​១២ពិន្ទុ​ស្មើ​បារ៉ែន​។ ស្រប​ពេល​​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​មាន​១​ពិន្ទុ​ និង​នៅ​សល់​មួយ​ប្រកួត​​​ត្រូវ​លេង​ទល់​អ៊ឺរ៉ង់ ​ថ្ងៃ​ទី​១១​ខែ​មិថុនា ឆ្នាំ២០២១​វេលា​ម៉ោង​៩:៣០ នាទី​យប់​​៕

សកម្មភាព​ហ្វឹកហាត់

វីដេអូ Highlight យប់មិញ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​