អាជ្ញាធរក្រុងប៉ោយប៉ែតទុកពេល១៤ថ្ងៃ គ្រប់ម្ចាស់តូបកន្លែងលក់ដូរ នៅលើចំណីផ្លូវសាធារណៈត្រូវរុះរើចេញឲ្យអស់

  • 2021-06-24 01:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការលក់ដូរ ការដាក់តាំងទំនិញលើចំណីផ្លូវសាធារណៈទាំងអស់ដោយទុករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ជាកំហិត។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា កន្លងមកនេះអាជ្ញាធរក្រុងបានសង្កេតឃើញមានម្ចាស់ផ្សារ អាជីវករ និងប្រជាពលរដ្ឋ មួយចំនួនបានយកចំណីផ្លូវដើម្បីធ្វើអាជីវកម្ម និងអ្នកខ្លះទៀតបានដាក់តាំងទំនិញលក់ដូរលើចំណីផ្លូវសាធារណៈ ដែលបង្ក ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសោភ័ណភាពក្នុងទីប្រជុំជនក្រុងថែមទៀតផង។

ចំពោះមុខ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចររាចនៅតាមដងផ្លូវ រដ្ឋបាលក្រុងប៉ោយប៉ែត តម្រូវ ឱ្យម្ចាស់ផ្សារ អាជីវករ និងប្រជាពលរដ្ឋដែលកំពុងយកចំណីផ្លូវដើម្បីធ្វើអាជីវកម្មទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖

  • បញ្ឈប់ការលក់ដូរ ឬដាក់តាំងទំនិញនៅលើចំណីផ្លូវសាធារណៈ

-ម្ចាស់ផ្សារត្រូវបញ្ឈប់ការអនុញ្ញាតឱ្យអាជីវករ ឬប្រជាពលរដ្ឋធ្វើការលក់ដូរ ដាក់តាំងទំនិញ បន្លែ ផ្លែឈើ និងត្រី សាច់ ចេញក្រៅពីបរិវេណផ្សារ

  • ធ្វើការរៀបចំកន្លែងលក់ដូរឱ្យសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានអនាម័យ

  • ត្រូវរុះរើតូប រាន ដែលសាងសង់ និងដាក់តាំងនៅលើចំណីផ្លូវសាធារណៈ

  • ធ្វើការរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កការប៉ះពាល់ដល់សុខុមាលភាពប្រជា

  • ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយផ្សេងៗពលរដ្ឋ

អាស្រ័យហេតុនេះ ម្ចាស់ផ្សារ អាជីវករ និងប្រជាពលរដ្ឋ ដែលកំពុងយកចំណីផ្លូវដើម្បីធ្វើអាជីវកម្មទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ដោយទុករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ជាកំហិត។ ផុតរយៈពេលនេះ រដ្ឋបាលក្រុងប៉ោយប៉ែតនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ៕

អត្ថបទសម្រួលដោយ ៖ Su In