អ.ហ បញ្ចេញ​រូបភាព​ថ្មី​ៗ​ប៉ុន្មាន​សន្លឹក ខណៈ​ប្រិយមិត្ត​ពោល​ថា អេតវីន អស់​អនាគត​គួរ​ឲ្យ​សោកស្ដាយ

  • 2021-06-24 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​រាជអាវុធហត្ថ​រាជធានី បាន​បញ្ចេញ​រូបភាព​លោក យិត មាស​ឧស្សាហ៍ ហៅ អេតវីន ថ្មី​ៗប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម ដោយ​លោក​ត្រូវ​បាន​ដាក់​ខ្នោះដៃ បណ្ដើរ​ឡើង​រថយន្ត​របស់​សមត្ថកិច្ច​ឆ្ពោះមន្ទីរ​ឃុំឃាំង។

នេះ​ជា​រូបភាព​ថ្មី​បំផុត​បរិយាយ​ពី​សាច់​រឿង​ក្ដីក្ដាំ ចាប់​តាំង​ពី អេតវីន បាន​​រង​បណ្ដឹង​ពី​អតីត​មិត្ត​ស្រី​ឈ្មោះ សុទ្ធ បញ្ចាការ ក្រោយ​ពី​មាន​ជម្លោះ​ហិង្សា​​ធ្វើ​ឲ្យ​មិត្ត​ស្រី​រង​របួស​ពេញ​ខ្លួន​ប្រាណ​កាល​ពី​ថ្ងៃ​ទី ១៥ មិថុនា ២០២១។ រូបភាព​ទាំង​នេះ ក៏​ចេញ​ទន្ទឹម​នឹងលោក អេតវីន ត្រូវ​បាន​តុលាការ​បាន​ចេញ​ដីការ​បង្គាប់​​ឲ្យ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

អេតវីន ពាក់​អាវ​ស​ដៃវែង ទឹក​មុខ​ស្រពោន ឈរ​សំឡឹង​មក​កាមេរ៉ា​សមត្ថកិច្ច ដោយ​ដៃ​ទាំង​ពីរ​ត្រូវ​បំពាក់​ខ្នោះដៃ​រួច​​ទៅ​ហើយ។ ទិដ្ឋភាព​នេះ ប្រិយមិត្ត​មួយ​ចំនួន​បាន​ពោល​ថា អេតវីន អស់​អនាគត​គួរ​ឲ្យ​សោកស្ដាយ។

លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញ នៃ​ការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស កង​រាជអាវុធ​ហត្ថរាជធានី​ភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ មិថុនា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។

ក្រោយ​បញ្ចប់​ការ​សាក​សួរ នៅ​ថ្ងៃ​ទី ២៣ ខែ​ឆ្នាំ​ដដែល លោក​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​បង្គាប់​ឲ្យ​បញ្ជូន​ទៅ​កាន់ ពន្ធនាគារព្រៃស ដើម្បី​ឃុំខ្លួន តាម​ដីការ​លេខ៖ ៤៤៣៥ "ញ"ដ.ឃ.ដ ចុះ​ហត្ថលេខា និង​បោះត្រា​​ដោយ ចៅក្រម​ស៊ើបសួរ សាន ប៊ុនធឿន។ លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច អ្នក​នាង សុទ្ធ បញ្ចាការ ដែល​ជា​ដើម​បណ្ដឹង បាន​ព្យាយាម​ដក​ពាក្យ​បណ្ដឹង​វិញ ដើម្បី​ដក​បន្ទុក​លើ​អតីត​មិត្ត​ប្រុស ដោយ​មិន​ទាមទារ​សំណង​អ្វី​ទាំង​អស់។ ប៉ុន្តែ​អ្វី​ៗ​បាន​ហួស​ពេល ដោយ​នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បាន​សម្រេច​នារសៀល​ថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ៕

(រូបភាព៖ កងរាជអាវុធហត្ថរាជធានី)

អត្ថបទ៖ ទារិកា