សុខ ពិសី គឺ​ជា​តារា​ខ្មែរ​ទី១ ហ៊ាន​លូក​មាត់​ចូល​ករណី​ចិញ្ចឹម​សត្វ​តោ​នៅ​ផ្ទះ

  • 2021-06-30 07:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ចិញ្ចឹម​សត្វ​តោ​នៅ​ផ្ទះ​វីឡា​ជួល​មួយ​កន្លែង​របស់​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​ទៅ​រក្សា​ទុក​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ​កាល​ទី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​របស់​មហាជន​នៅ​លើ​បណ្ដាញ​សង្គម។ ថ្ងៃ​មាន​ការ​ឈឺឆ្អាល​លើ​ករណី​នេះ​ពី​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់​ដេ គឺ​កញ្ញា សុខ ពិសី។

សុខ ពិសី បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​នូវ​រូប​សត្វ​តោ​កំពុង​ដេក​អើត​ក​នៅ​លើ​សាឡុង​ក្នុង​បន្ទប់ នៃ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ​របស់​ជនជាតិ​ចិន​នោះ​ថា សូម​មេត្តា​អនុញ្ញាត​ឲ្យ​តោ​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ​ផង។ ចំពោះ​ការ​លើក​ឡើង​នេះ​នាង​ថា​បើ​ខុស​ឆ្គង​សូម​អនុគ្រោះ៖"ខ្ញុំ​ភ្នែក​ទប់​ណាស់! គឺ​ស្រក់​ទឹកភ្នែក​តែម្ដង...ឲ្យ​តែ​សត្វ​ដឹង​តែ​អាណិត​ហ្មង"។

មហាជន ជា​ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម ចាប់​ផ្ដើម​មាន​មតិ​ផ្ទុយ​គ្នា​ចំពោះ​ករណី​បុរស​ជនជាតិ​ចិន​ចិញ្ចឹម​សត្វ​តោ​នៅ​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​អ្នក​ខ្លះ​និយាយ​ថា​ការ​ចិញ្ចឹម​សត្វ​កម្រ​ប្រភេទ​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​មាន​គ្រោះ​ថ្នាក់​បំផុត ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​គាំទ្រ​ឲ្យ​មាន​ការ​ចិញ្ចឹម​បែប​នេះ​ដែរ​ដោយ​មើល​ឃើញ​ថា​សត្វ​តោ​នោះ​ស្លូត។

ទោះ​ជា​យ៉ាង​ណា​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​កម្ពុជា ត្រង់​មាត្រា​៤៩ ចំណុច​ទី៣ ត្រូវ​បាន​ហាមឃាត់​នូវ​ការ​យក​ធ្វើ​ជាកម្ម​សិទ្ធិ​សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួន​សត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ។

សូម​រំលឹក​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រឹបអូស​សត្វ​តោ​ឈ្មោល​១​ក្បាល ទម្ងន់​ប្រមាណ​៧០​គីឡូ​ក្រាម​ពី​បុរស​ជនជាតិ​ចិន ស្ថិតនៅ​ផ្ទះ​វីឡា​មួយ ក្នុង​ភូមិ​៧ សង្កាត់​បឹងកេងកង​១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០២១។ ប្រព្រឹត្តិការណ៍​នេះ​មាន​ការ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ហើយ​បច្ចុប្បន្ន​សត្វ​តោ​មួយ​ក្បាល​នេះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ