ប្រវត្តិនៃចេតិយឃុនឆាងឃុនផែន ជាប់ទាក់ទិននឹងរឿងព្រេង ជាកំណើតឈ្មោះភូមិស្រុកមួយចំនួនរបស់ខេត្តកោះកុង

  • 2021-07-02 06:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិនៃចេតិយឃុនឆាងឃុនផែន ជាប់ទាក់ទិននឹងរឿងព្រេងមួយដែលដំណាលពីស្នេហារបស់ កម្លោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រលាញ់នារីម្នាក់ឈ្មោះភឹម។ ស្នេហាត្រីកោណមួយនេះ បានធ្វើឲ្យនារីឈ្មោះភឹមបាត់បង់ជីវិត ហើយឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសព្វនាងភឹម នៅត្រើយ ខាងលិចដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាងដោត នៅត្រើយខាងកើត ដើម្បីឲ្យនាងឆាប់បានចាប់ជាតិជាថ្មី។ ក្រោយមកនៅទីនោះក៏បានជាប់ឈ្មោះ ថាភូមិដងទង់ ចំណែក ត្រើយខាងលិចកន្លែងដែលបញ្ចុះសព្វនាងភឹមត្រូវបានជាប់ឈ្មោះថា ភូមិចេតិយ រហូតដល់សព្វថ្ងៃនេះ។

ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ចេតិយនេះស្ថិតនៅកណ្តាល នៃដៃសមុទ្រ។បើយើងធ្វើដំណើរចេញពីទីក្រុងខេមរៈភូមិន្ទ ឆ្ពោះទៅច្រកអន្តរជាតិខ្មែរថៃ ចាំយាម ដោយឆ្លងកាត់ស្ពានលីយ៉ុងផាត់ ឆ្លងដៃសមុទ្រនោះ ពេលដល់ពាក់កណ្តាលស្ពាន ក្រឡេកមើលនៅខាងឆ្វេងដៃ យើងនឹងបានឃើញចេតិយ ដែលមានកំពូលស្រួច ផុសចេញកណ្តាលដៃសមុទ្រ ធ្វើឲ្យអ្នក ដំណើរទាំងឡាយមានចម្ងល់ និងចង់ ទៅទស្សនានៅទីនោះតែម្តង។ អ្នកខ្លះទៅព្រោះចង់ដឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រពីអតីតកាល និងអ្នកខ្លះទៀតទៅក្នុងនាមជាទេសចរក៏មាន។

នៅខេត្តកោះកុង ដែលត្រូវបានអ្នកស្រុកប្រសិទ្ធិនាមថា ចេតិយ ឃុនឆាង ឃុនផែន ដែលជាកន្លែងតម្កល់នៅអដ្ឋិធាតុបុព្វបុរសខ្មែរជំនាន់ដើមចំនួនបីនាក់ ក្នុងសតវត្សទី១៣ ឈ្មោះ ឃុន ឆាង និងឃុន ផែន រួមជាមួយស្ត្រីម្នាក់ទៀត ត្រូវជាមនុស្សស្រីម្នាក់ដែលអ្នកទាំងពីរស្រឡាញ់ ។ នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅចំពីមុខទីរួមខេត្តចម្ងាយជាង ១ គីឡូម៉ែត្រ ផ្ទាំងសិលា ដែលចេតិយស្ថិតនៅទីនោះ មានទំហំបណ្តោយប្រហែល ២០ ម៉ែត្រ និងទទឹងប្រហែល ១០ ម៉ែត្រ និងមាន សភាពជាផែនៗខ្ពស់ទាបត្រួតលើគ្នា និងមានទ្រនាប់ខ្សាច់ នៃចេតិយ៣ម៉ែត្រ ឯតួ ចេតិយចាប់ពីចង្កេះឡើងទៅលើ មានរាង មូលស្រួច មានក្បាច់ព័ទ្ធជុំវិញជាថ្នាក់ៗ បួនជាន់ និងមានកម្ពស់ប្រហែល៥ម៉ែត្រ។ តួចេតិយទាំងមូលកសាងអំពីឥដ្ឋ កំពូលបំផុតកសាងអំពីឈើ ។ ឥដ្ឋដែលកសាង នោះមានបណ្តោយប្រហែល ០,៣០ ម៉ែត្រ និងទទឹងប្រហែល ០,១៥ ម៉ែត្រ នៅផ្នែកខាងក្រៅមាន បូកកំបោរពណ៌ស កំបោរនោះមានឃើញ កម្ទេចសម្បកលៀស គ្រំដែលអាចឱ្យយល់ បានថា គេយកសម្បកលៀស គ្រំទៅដុត ធ្វើជាកំបោរ ។

ចេតិយឃុនឆាង ឃុនផែនមានរឿងព្រេងមួយតំណាលថា តាំងពីយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ឈ្មោះនាងភឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រលាញ់។ ឃុន ឆាង មានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន។ គាត់ក៏បានទៅដណ្ដឹងយកនាងធឹមធ្វើជាប្រពន្ធ។ ប៉ុន្តែនាងភឹម បានផិតក្បត់ប្តីទៅស្រលាញ់ជាមួយបុរសមេទ័ពម្នាក់ឈ្មោះ ឃុន ផែន។

ឃុន ឆាង ដឹងក៏បានយករឿងទៅប្តឹងស្តេច។ ពេលនោះស្តេចបានកាត់ក្តីឲ្យពុះនាងធឹម ជាពីរចំណែកចែកគ្នា។ ក្រោយមកឃុន ឆាង បានយកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយស្អប់ និងខឹងនាងពេកថាជាស្រីក្បត់។ ប៉ុន្តែគាត់ក៏ចង់ឲ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឲ្យទល់មុខគ្នា នឹងកន្លែងបញ្ចុះសព និងបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍រវាងសេចក្តីស្នេហារវាងឃុន ឆាង និងនាងភឹម បន្សល់ទុកជាតឹកតាងប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន។

ក្រោយមកនៅត្រើយខាងលិចក៏មានឈ្មោះថាភូមិចេតិយ និងត្រើយខាងកើតក៏មានឈ្មោះថាភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះមក៕

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន