តើពិតទេ កម្ពុជាមានវត្តមានសត្វដាយណូស័រសម័យបុរេប្រវត្តិសាស្ត្រឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ
- 2021-07-05 08:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើពិតទេ កម្ពុជាមានវត្តមានសត្វដាយណូស័រសម័យបុរេប្រវត្តិសាស្ត្រឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ
ចន្លោះមិនឃើញ
នៅក្នុងចំណោមរូបចម្លាក់សត្វអច្ឆរិយៈ ឬសត្វចម្លែក ប្រកបដោយបារមីតេជៈ គួរឲ្យគោរពកោតខ្លាច ដែលខ្មែរសម័យអង្គរបានឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប យើងសង្កេតឃើញមានសត្វ២ប្រភេទ មានរូបរាងដូចថនិកសត្វនាសម័យបុរេប្រវត្តិសាស្ត្រ (មុន គ.ស) ដែលគេហៅថាដាយណូស័រ ។ តើពិតដែរឬទេ ថាវត្តមានសត្វដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ ជាសត្វដាយណូស័រតាំងពីសម័យបុរេប្រវត្តិសាស្ត្រនោះ។
សំណង់អច្ឆរិយ ក្បាច់រចនាល្អប្រណីត សិល្បៈវប្បធម៌ដ៏ថ្កុំថ្កើង និងចម្លាក់បង្កប់ដោយអត្ថន័យផ្សេងៗ បានធ្វើឱ្យប្រាសាទតាព្រហ្ម ជាតំបន់ទេសចរណ៍វប្បធម៌ដ៏ពេញនិយម ក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ អ្វីដែលធ្វើឱ្យប្រាសាទកសាងឡើងចុងសតវត្សទី ១២ ទាក់ទាញភ្ញៀវកាន់តែច្រើននោះ គឺចម្លាក់ដាយណូស័រ ដែលមិនទាន់មានក្រុមបុរាណវិទ្យាណាមួយ អាចសន្និដ្ឋានបានថា ចម្លាក់នេះមានប្រវត្តិយ៉ាងណាទេ។
ក្រុមអ្នកស្រាវជ្រាវជាមួយចំនួន មានការបកស្រាយពាក់ព័ន្ធនឹងចម្លាក់លើជញ្ជាំងប្រាសាទ ដោយបានលើកឡើងថា វត្តមានចម្លាក់នោះគឺពិតជាសត្វដាយណូស័រឆ្លាក់ក្នុងសម័យកសាងប្រាសាទតាព្រហ្មនាសតវត្សរ៍ទី១២ ដោយសារមនុស្សសម័យដើមយល់ពីបាតុភូតធម្មជាតិនិងការវិវត្ដរបស់ធម្មជាតិ។ អ្នកកសាងអង្គរ និងជាងចម្លាក់ គឺជាអ្នកវិទ្យាសាស្ដ្រ។ អ្នកសិល្បៈដែលឆ្លាក់រូបចម្លាក់នានានៅលើប្រាសាទ មិនមែនជារឿងចៃដន្យនោះទេ។ តាមពិត ពួកគាត់បានយល់អំពីវិទ្យាសាស្ដ្រ ដែលសត្វដាយណូស័រប្រាកដជាមានជីវិតនៅលើផែនដី។
យោងតាមលោកសាស្ត្រចារ្យបណ្ឌិត មីសែល ត្រាណេ បានឲ្យដឹងថាពពួកសត្វទាំងនោះភាគច្រើន គឺជាប្រភេទសត្វដែលមានរាងធំសម្បើមអស្ចារ្យ តែអ្វីដែលគួរឲ្យអនិច្ចានោះគឺពួកវាបានរលត់បាត់ផុតពូជអស់ទៅហើយ កាលពី៦០ ទៅ៦៥លានឆ្នាំមុន គ.ស ដោយសារភ្លើងឆេះកាល ហើយក្រោយមកក៏បានឲ្យកំណើតទៅសត្វមួយចំនួនខ្នាតតូចៗ ដូចជាសត្វបង្គួយ, ថ្លែន, ត្រកួត, ក្រពើ, អន្សង…ជាដើម ៘
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ វិចិត្រករខ្មែរយើងកាលពី៨៥០ឆ្នាំមុន មិនបានឃើញ ឬជួបប្រទះ ស្គាល់សត្វយក្សទាំងនោះដោយផ្ទាល់ទេ ក៏ប៉ុន្តែបានឆ្លាក់តាមការស្រមើស្រមៃយ៉ាងប្រាកដ ដោយហេតុថាចមា្លក់ទាំងនោះ មិនមានពេញលក្ខណៈដូចគ្រោងឆ្អឹងសត្វដាណូស័រពិតៗ ដែលគេបានរកឃើញនៅលើពិភពលោកយើងនេះ ហើយដែលបានក្លាយទៅជាថ្មផូស៊ីល (FOSSILE) នោះឡើយ។
ការស្រាវជ្រាវអំពីប្រវត្តិសត្វដាយណូស័រ គឺចាប់ផ្ដើមនៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ តែប៉ុណ្ណោះនៅទ្វីបអឺរ៉ុប ។ លោកបណ្ឌិតបានបញ្ជាក់ថា គេមិនទាន់បានឃើញសត្វទាំងនោះពិតៗនៅឡើយទេ។ វត្តមានរបស់សត្វនោះនៅលើអតីតទឹកដីខ្មែរ វាជារឿងមួយ រីឯគំនូរ ឬចម្លាក់នៃសត្វដាយណូស័រជារឿងមួយទៀត ដែលគេមិនត្រូវមានភាពច្របូកប្របល់ឡើយ បានន័យថា គ្រោងឆ្អឹងសត្វពិតជើងវាខ្លីជាង គឺវាខុសពីរូបចម្លាក់ ។
រូបដាយណូស័រលើជញ្ជាំងប្រាសាទតាព្រហ្ម ជាប្រភេទសត្វស៊ីរុក្ខជាតិជាអាហារ ប៉ុន្តែមិនមានការអះអាងច្បាស់ការណ៍ណាថា វាពិតជាមាននៅកម្ពុជា និងហេតុអ្វីបានជាខ្មែរសម័យដើម ឆ្លាក់រូបនេះលើជញ្ជាំងប្រាសាទឡើយ។ ប៉ុន្តែតាមរយៈការពិភាក្សា របស់ក្រុមអ្នកនាំភ្ញៀវ (Guide) នៃសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា បានវាយតម្លៃថា ខ្មែរកាលពីសម័យបុរាណ បានគាស់ថ្មភក់ ថ្មបាយក្រៀម មកធ្វើប្រសាទ ហើយក៏ឃើញផូស៊ីលមានរូបរាងស្រដៀងសត្វដាយណូស័រ ក៏គេយកមកឆ្លាក់លំអប្រាសាទ។
ទោះបីជាយ៉ាងណា នេះមិនមែនជាការវាយតម្លៃផ្លូវការទេ ៖ "នេះជាអំណះអំណាងមិនផ្លូវការ មិនមែនអំណះអំណាងពិតប្រាកដទេ។ អ្នកខ្លះគេថា មិនមែនជាណាយណូស័រទេ វាជាប្រភេទសត្វអីមួយ អ្នកខ្លះគេឃើញថា ដាយណូស័រក៏ថាដាយណូស័រទៅ។ សូម្បីក្រុមបុរាណវិទ្យា ក៏គេអត់អះអាងថាម៉េចដែរ"។
ក្រៅពីមានដាយណូស័រស៊ីរុក្ខជាតិ នៅលើជញ្ជាំងប្រាសាទតាព្រហ្ម ក៏មានចម្លាក់ដាយណូស័រស៊ីសាច់ ជាអាហារមួយផ្សេងទៀត នៅប្រាសាទអង្គរវត្តផងដែរ ប៉ុន្តែក៏មិនមានក្រុមបុរាណវិទ្យាណាដឹងថាដាយណូស័រពីរប្រភេទនេះ មានប្រភពមកពីណា ហើយហេតុអ្វីខ្មែរជំនាន់ដើម យកមកឆ្លាក់លើជញ្ជាំងប្រាសាទទាំងពីរដែរ៕