ជាង១០០ឆ្នាំមុន ស្ដេចសៀមធ្លាប់ចង់គាស់អង្គរវត្តយកទៅសង់នៅបាងកក តែត្រូវបរាជ័យ ដោយសារខ្មែរក្រោកប្រឆាំង
- 2021-07-06 04:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង១០០ឆ្នាំមុន ស្ដេចសៀមធ្លាប់ចង់គាស់អង្គរវត្តយកទៅសង់នៅបាងកក តែត្រូវបរាជ័យ ដោយសារខ្មែរក្រោកប្រឆាំង
ចន្លោះមិនឃើញ
រម្លឹកដល់គ្រា នគរខ្មែរចុះខ្សោយ ហើយសៀមបានគ្រប់គ្រងកាលពីឆ្នាំ១៨៦០ ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាន និងស្ថាបត្យកម្មខ្មែរ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ របស់សៀមធ្លាប់បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល, ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយវិសេសវិសាល អាចនឹងរើ យកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលបានត្រួតត្រានគរខ្មែរ។
បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់ ដែលមានកំហឹងជាមួយពួកបំផ្លាញប្រាសាទខ្មែរចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្សពួកជាច្រើនទៀតដែលដឹកនាំការគាស់ថ្មប្រាសាទស្លាប់គ្មានសល់។
ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតំរិៈថាប្រាសាទធំៗទាំងឡាយដែលព្រះរាជាខ្មែរតាំងពីសម័យបុរាណបាន កសាងទុកជាកិត្តិយសក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់មិនអាចដឹកជញ្ជូនមកបាងកកដោយងាយស្រួលដែរ។ ព្រះអង្គក៏បោះបង់គំនិតយកប្រាសាទពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុនព្រះអង្គសោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជាឲ្យស្ថាបត្យកររបស់ព្រះអង្គមកគូររូបប្រាសាទអង្គរវត្តហើយទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ។
ស្ថាបត្យកររូបនេះចេញដំណើរពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកកវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។ ប្រាសាទអង្គរវត្តចម្លងត្រូវបានសង់រួចរាល់នៅក្នុងរជ្ជកាលព្រះចៅចុល្លាឡុងកន រាមាទី៥ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២ ដូច្នេះទើបគេឃើញមានប្រាសាទអង្គរវត្តតូចមួយក្នុងរាជវាំងថៃនាក្រុងបាងកករហូតដល់សព្វថ្ងៃ៕
(ឯកសារពិគ្រោះ - ណាខនវាត់ ថាត់សណៈខ្មេន អង្គរវត្តក្នុងទស្សនៈខ្មែរ និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០ និងដកស្រង់ដោយ វប្បធម៌ខ្មែរ Khmer culture)