លោក សុក វាសនា ទម្លាយមូលហេតុ AEU របូតគ្រាប់បាល់ច្រើននៅ​៣ប្រកួតចុងក្រោយនេះ

  • 2021-07-15 07:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បីប្រកួតចុងក្រោយនេះ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីតធ្វើមិនសូវបានល្អទេ ដោយពួកគេរបូតគ្រាប់បាល់ដល់​ ១៧ គ្រាប់​ច្រើន​មិនគួរឱ្យជឿ។

លោក សុក វាសនា / រូបភាព CNCC

ប្រកួតសប្ដាហ៍ទី៧ ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១ ជាមួយក្រុម​ជើង​ខ្លាំង​វិសាខា​ អាស៊ីអឺរ៉ុប​បាន​ចាញ់ក្នុង​លទ្ធផល​ ៩-០។ ប្រកួតថ្ងៃទី១២ ចាញ់អង្គរថាយហ្គឺរ ៣-១ និងថ្ងៃទី១៤ ខែកក្ដដា​ម្សិលមិញ​នេះ ពួកគេចាញ់​ណាហ្គា​វើលដ៍ ៥-៣។

ជុំវិញការរបូតគ្រាប់បាល់ដ៏ច្រើននេះលោក សុក វាសនា គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានទម្លាយថាទី១ ដោយសារក្រុមលោកប៉ះក្រុមខ្លាំងៗ ដែលមានកីឡាករល្អៗ ​សំបូរបទពិសោធ និងរៀបចំប្រព័ន្ធ​លេង​បានល្អ។ ទី២ក្រុមលោកមានប្រព័ន្ធការពារខ្សោយ ព្រោះសំបូរកីឡាករថ្មី។ ទី៣លោកបានកែប្រែប្រព័ន្ធលេងថ្មី និងទី៤កូន​ក្រុម​លោក​មានបញ្ហារបួសច្រើន កីឡាករ​ខ្លះ​ឆ្លង​ជំងឺកូវីដ​-១៩ ​តម្រូវឱ្យ​សម្រាកព្យាបាល និង​ខ្លះទៀត​ត្រូវបានបញ្ឈប់ ដ្បិតល្មើសនឹងវិន័យក្លឹប។

អតីតគ្រូយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង បានបន្ថែមលើការប្រកួតចាញ់ ណាហ្គាវើលដ័ ៥-០ ​ថា ៖«ចំពោះការប្រកួតម្សិលមិញ គឺនៅ៣០នាទីដំបូង ​យើងពិបាកនឹងគ្រប់គ្រងបាល់ ក៏ដូចជាបង្កើតកំហុសច្រើននៅតំបន់មុខទី ធ្វើឱ្យ​យើងរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ ក្នុងរយៈពេល៣០​នាទី​ហ្នឹង ហើយយើងមើលទៅលើការរៀបចំខាងគូប្រកួតគេធ្វើបានល្អ ហើយណាមួយមានកីឡាករដែលទាត់ Free Kick ល្អៗទៀត អ៊ីចឹងក្នុងគ្រាប់បាល់៥គ្រាប់ម្សិលមិញ មាន Free Kick ៣គ្រាប់ និង Corner Kick ១គ្រាប់ទៀត សុទ្ធតែជាបាល់ Set Piece»។

រូបភាព CNCC

ទោះបីជាយ៉ាងណាកូនក្រុមរបស់លោក សុក វាសនា មិន​បោះបង់​ការ​ប្រជែង​ទេ ដោយ​​ខំប្រឹងធ្វើការវាយបកវិញ រហូត​រកបាន៣គ្រាប់សឹងតែតាមស្មើ ហើយ​លោក​សុក វាសនា ក៏​បាន​អរគុណ​ដល់​កូន​ក្រុម​ទាំងអស់ ដែល​បាន​ខំប្រឹង​ប្រែង​អស់​កម្លាំង​កាយចិត្ត៕

អត្ថបទ៖ អ៊ុំ សុភក្តិ