រវាង សិរីមន្ត និង នីកូ គិតថា មួយណាធ្វើឱ្យ សុខ ពិសី ល្បីខ្លាំង?
- 2014-11-24 18:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវាង សិរីមន្ត និង នីកូ គិតថា មួយណាធ្វើឱ្យ សុខ ពិសី ល្បីខ្លាំង?
ចន្លោះមិនឃើញ
រវាង ខេមរៈ សិរីមន្ត និង នីកូ សុទ្ធសឹងតែជាដៃគូសម្ដែងរបស់កញ្ញា សុខ ពិសី ទាំងខារ៉ាអូខេ និង ខ្សែភាពយន្តក្នុងផលិតកម្មសាន់ដេ។ តើតារាប្រុសទាំងពីរនេះ អ្នកគិតថា មួយណា ធ្វើឱ្យ សុខ ពិសី មានប្រជាប្រិយភាពខ្ពស់ជាង?
មុនតារាសម្ដែង និង ចម្រៀង លោក នីកូ បោះជំហានមកកាន់ផលិតកម្ម សាន់ដេ គេឃើញភាគច្រើន កញ្ញា សុខ ពិសី សម្ដែងជាមួយ លោក ខេមរៈ សិរីមន្ត តែប៉ុណ្ណោះ ទាំងការច្រៀងរួមគ្នា ថតខារ៉ាអូខេរួមគ្នា និង ការថតខ្សែភាពយន្ត។ តួយ៉ាងដូចជារឿង "ព្រាយភ្នែកបួន" រឿង"ព្រាយក្បាល៨" និងបទចម្រៀងជាច្រើនបទបន្ថែមទៀត។
ការចាប់ដៃសម្ដែងរួមគ្នារវាង សុខ ពិសី និង ខេមរៈ សិរីមន្ត ធ្វើឱ្យតារាទាំងពីររូបនេះទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ហើយប្រជាប្រិយភាពអ្នកទាំងពីរក៏មានភាពលេចធ្លោខ្លាំងផងដែរ។ ជាពិសេសកញ្ញា សុខ ពិសី ផ្ទាល់តែម្ដង។
ខេមរៈ សិរីមន្ត និង សុខ ពិសី
ដោយឡែកចាប់តាំងពី នីកូ ឈានជើងមកដល់ផលិតកម្ម សាន់ដេ វត្តមានកញ្ញា សុខ ពិសី សម្ដែងជាមួយ ខេមរៈ សិរីមន្ត លែងខ្លាំងដូចមុនទៀតហើយ។ តារាស្រីរូបនេះចាប់ដៃគូសម្ដែងនឹង នីកូ វិញម្ដង។
បច្ចុប្បន្នទាំង ខារ៉ាអូខេ និង ថតខ្សែភាពយន្ត សុខ ពិសី និង នីកូ តែលេចមុខជាមួយគ្នារហូត។ តួយ៉ាងដូចជាខ្សែភាពយន្ត "សង្សារខ្មោច" កំពុងតែដាក់បញ្ចាំងតាមរោងភាពយន្តស្រាប់គឺអ្នកទាំងពីរសម្ដែងតួឯករួមគ្នា។
ទាក់ទងនឹងការលើកឡើងដូច្នេះ កញ្ញា សុខ ពិសី និយាយថា នាងមិនអាចប្រៀបធៀបបាន ព្រោះតារាចម្រៀងទាំងពីរខាងលើសុទ្ធតែមានសមត្ថភាពដូចគ្នាធ្វើឱ្យខ្លួនទទួលបានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជន។
កញ្ញាបញ្ជាក់ថា៖ "ឱ្យខ្ញុំកំណត់ថានរណាខ្លាំងជាងដូចជាមិនអាចកំណត់បានទេបង ព្រោះការសម្ដែងជាមួយពួកគាត់ទាំងពីរកន្លងមកសុទ្ធតែល្អដូចគ្នា"។
មិនខុសពី សុខ ពិសី ប៉ុន្មានទេ អ្នកចាត់ការទូទៅប្រចាំផលិតកម្ម សាន់ដេលោក ឡាយ សុកចំរើន និយាយថា ការដាក់ឱ្យ ខេមរៈ សិរីមន្ត និង នីកូ សម្ដែងជាមួយ សុខ ពិសី កន្លងមកគឺទទួលបានការគាំទ្រច្រើនដូចគ្នាពីទស្សនិកជន។
នីកូ និង សុខ ពិសី
លោក ឡាយ សុកចំរើន និយាយថា"យើងដឹងស្រាប់ហើយ ទាំង សិរីមន្ត និងនីកូ សុទ្ធតែជាតារាល្បី។ ការសម្ដែងរបស់គាត់ទាំងពីរជាមួយ ពិសី គឺល្អដូចគ្នា គ្មាននរណាលើសនរណាទេ"។
កញ្ញា សុខ ពិសី ជាតារាស្រីឈានមុខរបស់ផលិតកម្ម សាន់ដេ។ តារាស្រីរូបនេះតែងឆក់ឱកាសបានជាញឹកញាប់ទាក់ទងនឹងការចេញបទចម្រៀងក៏ដូចជាខ្សែភាពយន្តជាមួយតារាល្បីៗនៅ សាន់ដេ ដូចជា ខេមរៈ សិរីមន្ត និង នីកូជាដើម។
ខ្សែភាពយន្តដែលនាងសម្ដែងរួមនឹង ខេមរៈ សិរីមន្ត ដូចជារឿង "ព្រាយដែកគោល" និងរឿង "ព្រាយក្បាល៨។ ដោយឡែកជាមួយ នីកូវិញមានរឿង "សង្សារខ្មោច" និងបទចម្រៀងថ្មីៗច្រើនទៀតបានចេញលក់លើទីផ្សារ និងកំពុងត្រៀមចេញលក់៕
អានអត្ថបទបន្ត៖ អូហូ… បវរកញ្ញាឡាវស្អាតអស់ស្ទះ
អានអត្ថបទបន្ត៖ ខៀវ សានសាណា ស៊ីខ្ទង់ពាន់ដុល្លារក្នុងមួយកម្មវិធី
អត្ថបទ៖ អ៊ីង សុឡា