រក​ឃើញ​ប្រទេសដំណើរការ​រថភ្លើង​ល្បឿន​៦០០គ.ម/ម៉ លឿនជាងគេបំផុតក្នុងលោក

  • 2021-07-21 04:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេសចិន ទើបនឹងប្រកាសផ្លូវការដាក់ដំណេីរការរថភ្លេីងឈ្មោះថា Maglev ប្រភេទល្បឿនលឿននៅស្ថានីយ៍រថភ្លើង Qingdao ភាគខាងកើតខេត្តសានទុង កាលពីថ្ងៃអាទិត្យទី ២០ ខែកក្កដាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។

រថភ្លើងនេះមានប្រវែងសរុប ២៨០ ម៉ែត្រផ្ទុកអ្នកដំណើរច្រើនបំផុតបាន១០០នាក់ និងមានល្បឿនអតិបរមារហូតដល់ទៅ ៦០០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ដែលស្ថិតក្នុងប្រភេទលឿនជាងគេបំផុត រត់លើផ្លូវដែកដោយប្រេីប្រាស់ថាមពលដែនម៉ាញ៉េទិចក្នុងការបម្លាស់ទី​ និង​អាចបំប្លែងទៅជា ថាមពល​ប្រេីប្រាស់នៅក្នុងរថភ្លេីង។

​បើធៀបទៅនឹង រថភ្លើងធម្មតារត់ពីទីក្រុងបច្ចេកវិទ្យា Shenzhen ទៅកាន់ទីក្រុងសៀងហៃប្រទេសចិន ចំណាយពេល ១០ម៉ោង ក៏ប៉ុន្តែជាមួយនឹងរថភ្លើងជំនាន់ចុងក្រោយបង្អស់នេះ គេអាចប្រើពេលតែ ២,៥ ម៉ោងប៉ុណ្ណោះ ដូចនេះ ពលរដ្ឋចិនដែលមានស្រុកកំណើតខេត្តឆ្ងាយអាចសល់ពេលច្រើន ខណៈដែលពីមុនត្រូវអង្គុយផង ដេកផងជិត ១០ ឬ ២០ម៉ោងឯណោះទើបដល់។

ទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់ដែរថា ​សមិទ្ធផលដ៏ថ្មីសន្លាងមួយនេះបំពាក់ដោយបរិក្ខារទំនើប មានការរចនាផ្នែកខាងក្នុងធំទូលាយ ផ្ទុកអ្នកដំណើរបានច្រើនជាង ១០០ នាក់ក្នុងមួយទូ និងបំពាក់ដោយបច្ចេកវិទ្យា 5Gធ្វើឲ្យវាក្លាយជា «រថភ្លើង 5G ដំបូងគេបំផុតនៅក្នុងពិភពលោក» ថែមទៀតផង។ ប្រភព៖ GT

អត្ថបទ៖ រក្សា