លោកគ្រូ សុក វាសនា ថាថាយហ្គឺរខ្លាំងប៉ុណ្ណាក៏ដោយក៏ពិបាកយកឈ្នះអាស៊ីអឺរ៉ុប

  • 2021-07-26 08:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុក វាសនា បានលើកឡើងថាសមត្ថភាពក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុបយូណាយធីត និងអង្គរថាយហ្គឺរ មានកម្រិតប្រហាក់ប្រហែលគ្នា ហើយបើទោះក្រុមនេះខ្លាំងប៉ុណ្ណាដ៏ដោយ ក៏ពួកគេ​ពិបាកនឹងយកឈ្នះក្រុម​លោកដែរ ខណៈការប្រកួតរវាងក្រុមទាំងពីរ នៅ​កីឡដ្ឋាន អេ.អ៊ី.យូ ស្ពតផាក កាលពីម្សិលមិញបញ្ចប់ត្រឹមលទ្ធផល ២-២។

លោក សុក វាសនា គ្រូ​បង្គោល​ក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុប

លោកបានលាតត្រដាងថា៖ «ជាមួយថាយហ្គឺរលេងនៅទឹកដីយើងកម្ររចាញ់ណាស់ យើងភាគច្រើនស្មើ ឆ្នាំមុនគឺយើងមានឈ្នះមានស្មើ ឆ្នាំមុននៅទឹកដីថាយហ្គឺរយើងឈ្នះ៤-០ ជើងទី១យើងចាញ់នៅទឹកដីយើង តែនៅជើងទី២យើងឈ្នះនៅដីគេវិញ ឆ្នាំមុនៗទៀតក៏មានស្មើមានឈ្នះ និយាយទៅក្រុមទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នារាល់ឆ្នាំ ទោះថាយហ្គឺរខ្លាំងប៉ុណ្ណាក៏ដោយក៏ពិបាកជាមួយក្រុមយើងរហូតដែរ»។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី១០ ថ្ងៃ​ទី​២៥ ខែ​កក្ដដា ឆ្នាំ​២០២១ នៃការប្រកួតលីគកំពូលកម្ពុជា ក្រុមទាំងពីរមានគ្រាប់បាល់ស៊ុត​គ្នា​សរុបដល់ទៅ៤គ្រាប់ ចែកគ្នាម្នាក់មួយពិន្ទុ។ ជាមួយនឹងលទ្ធផលនេះ សុក វាសនា បានបង្ហាញការសោកស្ដាយដែលមិនទទួលបានជ័យជម្នះ ខណៈក្រុមលោកមានឱកាសច្រើនតែគ្មានសំណាង។

ក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មានស្ថិតិស៊ុតដល់១៥លើក ចំគោលដៅ៦លើក ធ្វើ​បាន​សម្រេច​២គ្រាប់ ចំណែកអង្គរថាយហ្គឺរ ស៊ុត៩ជើងចំគោលដៅ៣ជើង រកបាន២គ្រាប់ដូចគ្នា។ រីឯបាល់ជ្រុង​អាស៊ីអឺរ៉ុបមាន៨លើក ថាយហ្គឺរមាន៥លើក។

ទោះបីជាយ៉ាងណាគ្រូបង្គោលរូបនេះថា ១ពិន្ទុនេះជាលទ្ធផលមួយល្អដែរ ខណៈក្រុមកំពូល​តារាង​អង្គរថាយហ្គឺរ បាន​បាត់សមាជិកសំខាន់ៗដល់ទៅបីរូប ជាហេតុ​ធ្វើឱ្យ​ពួកគេថមថយគុណភាព​ និងលេងមិនសូវស៊ីចង្វាក់គ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ