សូមព្រះ​ថែរក្សា! អ៊ុំ សេរីរ័ត្ន វះកាត់លើកទី២នៅថ្ងៃ​នេះ!

  • 2021-08-17 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ក្លឹប TIFFY ARMY ប៉ុន្មាន​ម៉ោង​មុន​ អ៊ុំ​ សេរីរ័ត្ន ត្រូវ​វះ​កាត់​របួស​ជង្គង់​រ៉ាំរ៉ៃ​ជា​លើក​​ទី​២​នៅ​​ថ្ងៃ​នេះ។

របួសរហែកសរសៃ MCL របស់ អ៊ុំ សេរីរ័ត្ន បាន​កើតមានឡើង ក្រោយការ​ប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាបាន១ជុំ​នៃ​ឆ្នាំ​២០២០ ហើយការដែលដឹង​​​មានរបួសនេះ ព្រោះ​សេរីរ័ត្នយល់ថាជើងស្ដាំរបស់គេនៅ​មិនទាន់​ល្អដូចដើម។ ក្រោយឆ្លុះមើលហើយ​ ទើបដឹងថារហែកសរសៃ MCL មែន​។ វា​ជារបួសធ្ងន់លើកទី២របស់សេរីរ័ត្ន បន្ទាប់ពីរបួសដាច់សរសៃ ACL អំឡុងឆ្នាំ២០១៨ និងត្រូវវះកាត់ហើយសម្រាកព្យាបាល​ជាង១ឆ្នាំ។

ពាក់​ព័ន្ធ​នឹង​បញ្ហារបួស​​នេះ​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០២០ អតីត​អ្នក​ចាំទី​ជម្រើស​ជាតិ​កម្ពុជា ​បាន​លើក​ឡើ​ងបែប​នេះ​ ៖«វាអត់មានប៉ះពាលនឹងការប្រកួតទេជើង(ស្ដាំ)របស់ខ្ញុំ ព្រោះអីប្រហែលជាវាអាច​ប៉ះពាល់ដោយសារតែយើងបង្ខំចូលលេង ដោយសារសាច់ដុំយើងអត់ទាន់(មាន)គ្រប់គ្រាន់ ដល់ពេលចឹងធ្វើឱ្យសរសៃយើងហ្នឹង អត់មានសាច់ដុំគ្រប់គ្រាន់ទប់ ធ្វើឱ្យវាមានបញ្ហាឡើងម្ដងទៀត…ខ្ញុំព្យាបាលសិន បើព្យាបាលវាអត់ប្រសើរអត់ល្អ អាហ្នឹងអាចវះម្ដងទៀត»។

យ៉ាងណា​ថ្មីៗ​នេះ​មុន​ដល់​ថ្ងៃ​វះកាត់ សេរីរ័ត្ន ​នៅ​តែ​បង្ហាញ​អារម្មណ៍​សោកស្ដាយដដែល ដែល​គេ​មិន​អាច​ចូល​លេង​វិញ​បាន​ ប៉ុន្តែ​យ៉ាង​ណា​​ប្អូន​ប្រុស​ អ៊ុំ វិចិត្រ ថាមិន​ឃ្លាត​​ឆ្ងាយ​ពី​បាល់​ទាត់​ឡើយ។

អ៊ុំ សេរីរ័ត្ន ប្រាប់​ថា ៖«ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៏ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំស្កោកស្ដាយមិនបានចូលរួមជួយក្រុមនៅជុំទី២នៃលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ជាចាំបាច់បំផុត»៕

អត្ថបទ៖ អ៊ុំ សុភក្តិ