ស្ងាត់ៗ​ Booysen ត្រូវ​ក្លឹប​នគរបាល​ជាតិ​​បញ្ចប់​កុងត្រា​មុន​​ការ​កំណត់

  • 2021-08-18 03:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​មក​ពី​អាហ្វ្រិក​ខាង​ត្បូង Shane Booysen កំពុង​ក្លាយ​ជា​កីឡាករ​គ្មាន​ក្លឹប​លេងនៅ​លីគ​កំពូល​កម្ពុជា​ បន្ទាប់​ពី​គេ​ត្រូវ​បាន​ក្លឹប​នគរបាល​ជាតិ​ បញ្ចប់​កុងត្រា​មុន​ការ​កំណត់​។

Booysen កាន់​ពាន​រង្វាន់​ Cambodia Airways Cup ២០២១​

បច្ចុប្បន្ន​អតីត​ខ្សែ​ប្រយុទ្ធឆ្នើម​របស់​ភ្នំពេញក្រោនកំពុង​ហ្វឹកហាត់​ខ្លួន​ឯង​​ ដើម្បី​រក្សា​រូប​រាងនិង​រងចាំ​ការ​ទាក់ទង​ពី​ក្លឹប​ផ្សេងៗ។

អតីត​ខ្សែ​ប្រយុទ្ធ​ណាហ្គាវើលដ៍ បាន​ប្រាប់​ថា៖ «របួស​របស់​ខ្ញុំ​ជា​ហើយ​ វា​មិន​ធ្ងន់ធ្ងរ​ទេ វា​មាន​រយៈ​ពេល​បួន​ខែ​ហើយ ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​បាន​លេង​ម្ដង​ទៀត»។

ពាក់​ព័ន្ធ​នឹង​ការ​បញ្ចប់​កុង​ត្រា​មុន​ការ​កំណត់​នេះ គ្រូ​បង្វឹក​ក្លឹប​នគរបាលជាតិ​លោក អ៊ុង កងយ៉ានិត បាន​មក​បញ្ជាក់​ថា​ ព្រោះ​ ​Booysen មាន​បញ្ហា​សុខភាព​បេះដូងបូក​ផ្សុំ​នឹង​ករណី​ផ្សេង​ទៀត។

លោក​បាន​ពន្យល់​ថា ៖«សម្រាប់​កីឡាករ​ Booysen ដែល​គាត់​មាន​បញ្ហា​ជំងឺ​បេះ​ដូង ចឹង​គាត់​បាន​សម្រាក់​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយ​គាត់​បាន​​ចេញ​ពី​ពេទ្យ​មក​វិញ​ដែរ​ដោយ​ធូរ​ស្បើយ ប៉ុន្តែ​នៅ​ក្នុង​លក្ខខណ្ឌដែល​គាត់​មិន​អាច​ បាន​ន័យ​ថា​ធ្វើ​កម្លាំង​ឱ្យ​ហួស​ពី​អ្វី​ដែល​តាម​វេជ្ជបញ្ជា​ទេ​ គឺ​គាត់​នៅ​មាន​កម្រិត បើ​សិន​គាត់​ធ្វើ​ការ​ហ្វឹក​ហាត់​ខ្លាំង​នឹង​ប៉ះពាល់​ម្ដង​ទៀត ម្ល៉េាះ​ហើយ​ក្លឹប​ក៏​បាន​ពិភាក្សា​សម្រេច​ឱ្យ​គាត់​ផ្អាកការ​ហ្វឹកហាត់​ និង​ធ្វើ​ការ​ព្យាបាល​នៅ​ផ្ទះ​សិន​ ហើយ​មួយ​ទៀត​ក៏​គាត់​សុំ​ទៅ​ស្រុក​គាត់​វិញ ដើម្បី​ទៅ​ព្យាបាល​ដែរ​ អ្វី​ដែល​បាន​គាត់​ប្រាប់​មក​ចឹង​ ចឹង​ចាប់​ពី​ពេល​ហ្នឹង​មក​គឺ​ខាង​ក្លឹប​និង​គាត់​បាន​ចែក​ផ្លូវ​គ្នា​ហើយ ដោយ​គាត់​ត្រូវ​ទៅ​ប្រទេស​គាត់​ដើម្បី​ព្យាបាល​ជំងឺ​របស់​គាត់​...។ ហ្នឹង​ហើយ​​! ​អរគុណច្រើន​!»។

ក្រោយ​ចេញពី​ក្លឹប​ណាហ្គាវើល៍​​នៅ​ឆ្នាំ​២០២០ ​Booysen បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​នគរបាលជាតិ​ រយៈ​ពេល​១​ឆ្នាំ​នៅ​រដូវ​កាល​ឆ្នាំ​២០២១​នេះ។ គេ​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​ រក​បាន​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​១​លើក។ ចំណែក​ការ​ប្រកួត​បើក​រដូវ​កាល គេ​រក​បាន​៥​គ្រាប់​ និង​ជួយ​ឱ្យ​នគរបាលជាត​ិឈ្នះ​ពាន​រង្វាន់​ Cambodia Airways Cup៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី