អត់ព្រមឈប់! សាយ ប្រកាសកម្មវិធីរត់ដើម្បីសប្បុរសធម៌ថ្មីទៀត ជួយដល់អង្គការចំនួន៣
- 2021-08-18 04:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ព្រមឈប់! សាយ ប្រកាសកម្មវិធីរត់ដើម្បីសប្បុរសធម៌ថ្មីទៀត ជួយដល់អង្គការចំនួន៣
ចន្លោះមិនឃើញ
លោក អ៊ួន បឋម ហៅ សាយ បានរត់ជុំវិញប្រទេសកម្ពុជាដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីឆ្នាំ ២០២០ ឥឡូវនេះលោកបានដាក់ចេញផែនការកម្មវិធីរត់ដើម្បីសប្បុរសធម៌ធ៏ធំរបស់លោកថ្មីទៀតហើយ។
កម្មវិធីរត់ដើម្បីសប្បុរសធម៌ថ្មីរបស់ សាយ មានឈ្មោះថា "រត់ជាមួយសាយ Virtual Run 2021" ដែលមានចក្ខុវិស័យមួយចំនួន។ ទី១ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមលេងកីឡាឲ្យច្រើន ដើម្បីជាប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងរួមចំណែកការងារសប្បុរសធម៌ជាមួយយុវជនមកពីខេត្តរតនៈគីរី។
ម្យ៉ាងគម្រោងនេះ ក៏មានចេតនាបំផុសការលេងកីឡាដើម្បីសុខភាពល្អ ទប់ទល់នឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នៅកម្ពុជាផងដែរ។ ដូច្នេះហើយ សាយ លើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋចួលរួមឲ្យបានច្រើន។ តាមលក្ខខណ្ឌ ការចុះឈ្មោះដើម្បីចូលរួមរត់ជាមួយ សាយ មិនត្រឹមតែបានសុខភាព បង្កើតភាពរីករាយ និងបន្ថែមខ្លឹមសារឲ្យជីវិត ប្រិយមិត្តក៏នឹងបានអំណោយអនុស្សាវរីយ៍មួយចំនួនផងដែរ។
អំណោយអនុស្សាវរីយ៍ដែលត្រៀមប្រគល់ជូនមាន អាវយឺតដ៏ស្រស់ស្អាតដែលត្រូវបានរចនាឡើងយ៉ាងប្រណិត ព្រមទាំងមានការបំពាក់មេដាយនៅពេលបញ្ចប់ការរត់ថែមទៀត សម្រាប់អ្នករត់បាន ១០គីឡីម៉ែត្រ និង ២១គីឡូម៉ែត្រ។
តាមការប្រកាសព័ត៌មាន កម្មវិធីរត់ដើម្បីសប្បុរសធម៌ឆ្នាំទី២ "រត់ជាមួយសាយ Virtual Run 2021” មានគោលដៅប្រមូលមូលនិធិត្រៀមសម្រាប់ការបរិច្ចាគទៅអង្គការចំនួន៣ ដែលជួយទ្រទ្រង់ដល់សុខុមាលភាពកុមារនៅកម្ពុជា ក្នុងនោះមានរួមមាន អង្គការ Manna4Life, សាលាទន្សាយ និងអង្គការជនពិការកម្ពុជា។
លោក អ៊ួន បឋម ដែលជាអ្នកផ្ដួចផ្ដើមគម្រោងដ៏ធំនេះជាលើកទី២ មានក្ដីរំពឹងថា កម្មវិធីរត់ដើម្បីសប្បុរសធម៌របស់លោកថ្មីនេះ នឹងរួមចំណែកការលើកកម្ពស់សកម្មភាពកីឡា និងជាពិសេសបង្កើនសកម្មភាពសប្បុរសធម៌ជួយដល់ស្ថានប័ន ឬអង្គការដែលជួបការលំបាកនានា។
តាមរយៈកម្មវិធី "រត់ជាមួយសាយដើម្បីសប្បុរសធម៌" កាលឆ្នាំ ២០២០ សាយ បានរត់ជុំវិញប្រទេសកម្ពុជាដែលមានចម្ងាយដីសរុបប្រមាណ ២០០០គីឡូម៉ែត្រ ដោយបានឆ្លងកាត់រាជធានីខេត្តចំនួន ២២ ដោយចំណាយពេលវេលា ៩៩ថ្ងៃ។ ពលិកម្មដ៏អស្ចារ្យនេះ សាយ ប្រមូលមូលនិធិបានជិត ៥០ម៉ឺនដុល្លារអាមេរិកជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
ជាមួយសមិទ្ធផលនេះដែរ សាយ បាន ទទួលពានរង្វាន់វីរៈយុវជនឆ្នាំ២០២០ ទៀតផង ពីសមាគមអន្ដរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព កាលពីចុងខែមករា ២០២១នេះ៕