តស៊ូនឹងឆាកជីវិត ឃ្មឹប ស៊ូចូលធ្វើជាសន្តិសុខយាមផ្សារ តែឥឡូវត្រូវគេបណ្ដេញចេញ ហើយអត់បើកប្រាក់ខែឲ្យទៀត!
- 2021-08-25 02:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស៊ូនឹងឆាកជីវិត ឃ្មឹប ស៊ូចូលធ្វើជាសន្តិសុខយាមផ្សារ តែឥឡូវត្រូវគេបណ្ដេញចេញ ហើយអត់បើកប្រាក់ខែឲ្យទៀត!
ចន្លោះមិនឃើញ
និយាយដល់ឈ្មោះអតីតតារាកំប្លែងស្រី រ៉េន សុធារី ហៅនាងខ្មឹប គេប្រាកដជានឹកឃើញដល់រឿងរ៉ាវធំៗចំនួន៣ដែលនាងធ្វើឲ្យមហាជនភ្ញាក់ផ្អើល នោះគឺករណីប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បាន នាងធ្លាប់ពាក់ព័ន្ធករណីឃាតកម្មលើអតីតប្រពន្ធចុងនាយហុងដាដែលត្រូវជាស្វាមីរបស់នាង និងករណីទី៣ដែលធ្វើឲ្យគេចាប់អារម្មណ៍ច្រើននោះ គឺនាងទៅលោតទឹកសម្លាប់ខ្លួន។
ប៉ុន្តែកាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញ គេទទួលបានដំណឹងមួយទៀតពីអតីតតារាកំប្លែងរូបនេះ ថានាងដឹងខ្លួនខុស ហើយចេះកែខ្លួន ដោយរត់ទៅធ្វើជាសន្តិសុខក្នុងក្រុមហ៊ុនមួយ ហើយឥឡូវនេះត្រូវជួបបញ្ហាក្រុមហ៊ុននោះបញ្ឈប់នាង ព្រមទាំងសន្ដិសុខមួយចំនួនទៀតដោយមិនបើកប្រាក់ខែឲ្យឡើយ។
បើតាមនាងខ្មឹប និងបុរសម្នាក់ដែលជាសន្តិសុខធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នានោះ បានផ្ដល់បទសម្ភាសន៍ខ្លីដល់សារព័ត៌មានមួយថា រូបនាង និងសន្តិសុខខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយលើកហេតុផលថា គ្មានសមត្ថភាពធ្វើការ ហើយមិនព្រមបើកលុយឲ្យឡើយ។ នាងខ្មឹបថា ប្រាក់ខែយាម១ពេល គឺ១៨០ដុល្លារ ហើយនាងត្រូវយាមយប់ទៀតត្រូវគុណប្រាក់ខែនឹង២ ដូច្នេះនាងត្រូវបានប្រាក់ខែជាង៣០០ដុល្លារ តែថៅកែក្រុមហ៊ុនមិនព្រមបើកឲ្យសោះ បើទោះបីជាពេលនេះនាងយល់ព្រមឈប់ទៅហើយក្ដី។
គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ Sabay មិនទាន់អាចរកប្រភពទាក់ទងថៅកែក្រុមហ៊ុនសន្តិសុខនោះ ដើម្បីបំភ្លឺជុំវិញករណីនេះបាននៅឡើយទេ។ ប៉ុន្តែបើតាមសម្ដីរបស់បុរសសន្តិសុខម្នាក់ ថាម្ចាស់ក្រុមហ៊ុនសន្តិសុខមានហេតុផលផ្លាស់ប្ដូរទីតាំងយាម ឬបញ្ឈប់ការងារនាងខ្មឹបតែម្ដង ក៏ដោយសារតែម្ចាស់ផ្សារប៉េសេដែលនាងខ្មឹប និងរូបលោកធ្លាប់យាមរាល់ថ្ងៃនោះ ប្រាប់ទៅថៅកែក្រុមហ៊ុនសន្ដិសុខថា អ្នកទាំងពីរមកយាមមិនដែលទៀងទាត់ម៉ោងសោះ៕