វត្តដំរីស ជាទីអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើនក្នុងខេត្តបាត់ដំបង

  • 2021-08-30 02:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តដំរីស ដែលមានឈ្មោះយ៉ាងពីរោះមួយទៀតហៅថា «វត្តស្វេតឆត្រកុញ្ជរជ័យ» អាចមានន័យថា «ដំរី-សជ័យ» ជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ក្នុងចំណោមទីអារាមចំណាស់ៗ នៅខេត្តបាត់ដំបង ។ វត្តអារាមមានវ័យចំណាសជាច្រើននៅក្នុងខេត្តបាត់ដំបង ជាសំណង់ស្ថាបត្យកម្មដែលមានបង្ហាញនូវព្រលឹងនៃស្ថាបត្យកម្ម, រូបបដិមា, វប្បធម៌ និងសាសនា កាលពីជំនាន់នោះ បានក្លាយជាទីតាំងទេសចរណ៍ថ្មីមួយទៀត សម្រាប់អ្នកទេសចរនិង មានបង្កប់នូវជំនឿអរូបដ៏ស័ក្ដិសិទ្ធិ និងរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ។

វត្តដំរីសមានប្រវត្តិតាំងពីបុរាណកាលជាជម្រកដ៏ត្រជាក់ត្រជុំដល់សិស្សក្រីក្រពីភូមិជនបទជាយខេត្ត ដែលស្នាក់នៅរៀនសូត្រ បំពេញវិជ្ជានៅទីក្រុង ។ នៅជំនាន់ដើម ទីនោះមានផ្តល់ថ្នាក់រៀន ផ្សេងៗ ក្រៅម៉ោងសាលា បង្រៀនដោយសមាជិកស្ម័គ្រចិត្ត មានសិស្សច្បង ឬគ្រូពីសាលារដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ជា ជំនួយបន្ថែមដល់សិស្សដែលរៀនពុំទាន់គេ នៅសាលារដ្ឋទូទៅ ។ អ្វីដែលពិសេស គួរឲ្យចាប់អារម្មណ៍ពីវត្តដំរីស គឺចម្លាក់ផុសដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ និងថ្វីដៃគំនូរដ៏វិចិត្រ ដែលវិចិត្រករយកពណ៌ពីរុក្ខជាតិគូរនៅខាងលើជញ្ជាំង ខាងក្រៅ មួយជុំព្រះវិហារ ចម្លាក់សត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ សត្វគ្រុឌដ៏សង្ហាជាច្រើន ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ ។

វត្តដំរីស មិនត្រឹមតែជាវត្តមួយដែលមានអាយុកាលចំណាស់នោះទេ ក៏ប៉ុន្តែបានបង្កប់នូវកម្រងអនុស្សាវរីយ៍ក្នុងបទចម្រៀងរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត កាលពីអំឡុងទសវត្សរ៍៦០ ហើយនៅពេលបានស្តាប់បទចម្រៀងមួយបទដែលមានចំណងជើងថា «អនុស្សាវរីយ៍វត្តដំរីស» ភ្លាមនោះគឺលោកអ្នកប្រាកដជាគិតនឹកឃើញទៅដល់វត្តដំរីស នាទឹកដីខេត្តបាត់ដំបង ដែលជាទីអារាមព្រះពុទ្ធសាសនាមួយដែលមានចេតិយសម្បថ មានសោភ័ណភាពល្អប្រណីតស្ថិតក្នុងចំណាប់អារម្មណ៍របស់មហាជន និងអ្នកទេសចរ ។

វត្តដំរីស ចាត់ចែងកសាងដោយលោកជំទាវ អ៊ីង ជាប្រពន្ធធំរបស់លោកម្ចាស់កថាថនឈុំ នាឆ្នាំ ១៩០៤។ នេះជាស្ថាបត្យកម្ម ព្រះពុទ្ធសាសនាដ៏ល្អឯកនាដើមសតវត្សទី២០។ ព្រះវិហារវត្តដំរីស មានជហ្វា៦ ស្លាបដំបូល៣ជាន់ និងមានបុស្បុក នៅចំកណ្តាល។ ដោយសារតែមានការជួយឧបត្ថមពីសំណាក់គ្រួសារ លោកម្ចាស់ នៅលើហោជាង និងលើស៊ុមបង្អូចសុទ្ធតែមានឆ្លាក់ជារូបកេតនភណ្ឌផ្សេងៗ ដូចជាមកុដព្រះខ័នរតនៈ ព័ទ្ធជុំវិញទៅដោយឆត្ររួតជាច្រើន។ នៅតាមជញ្ជាំងព្រះវិហារខាងក្រៅ បានបង្ហាញអំពីទស្សនីយភាពក្នុងរឿងរាមកេរ្តិ៍ រឺរូបទេវៈក្នុងសាសនាព្រហ្មណ៏ យ៉ាងល្អប្រណិត។

នៅលើពិដាន ឃើញមាន រូបទេវបុត្រដែល យកតាមលំនាំសិល្បៈរបស់អ៊ឺរ៉ុបបុរាណ។ វាជាឥទ្ធិពលរបស់សិល្បៈ បស្ចឹមប្រទេស ដោយសារអំឡុងឆ្នាំនោះ លោកម្ចាស់បានហៅពួក ជាងកំបោរ អ៊ីតាលីពីបាងកក អោយមកសាងសង់ផ្ទះរបស់លោក។ រូបទេវបុត្រអ៊ឺរ៉ុបបុរាណនេះគេក៏ប្រទេះឃើញនៅ ពិដានព្រះវិហារផ្សេងៗផងដែរដូចជា ពិដានព្រះវិហារវត្តគរ និងពិដានព្រះវិហារវត្ត សោមនស្ស ជាដើម។

សសរខាងក្នុងមានកំពស់ទៅដល់ ៩ ម៉ែត្រនិងសសរទ្រូងកំពស់8ម៉ែត្រ ដោយមានចម្លាក់ពីបាយអរយ៉ាងល្អប្រណិតព័ទ្ធជុំវិញ។ បល្ល័ងព្រះអង្គធំជា បល្ល័ងព្រះដើម ប្រកបដោយសិល្បៈចម្លាក់ហត្ថកម្មខ្ពស់។ ទាំងសសរ និងបល្ល័ងព្រះអង្គធំសុទ្ធតែមានបិទកញ្ចក់សំណ ជាបំណែកតូចៗពណ៌ខៀវចាស់ និងព័ណ៌ទឹកប្រាក់ជាច្រើនធ្វើអោយមានផ្ទៃប្រកបដោយពន្លឺចាំងតិចៗសម្រាប់លំអរ។ ជំនឿលើបារមី ភាពសក្តិសិទ្ធ និងការគោរពបូជាលើវិហារមួយនេះ មិនមែនសម្រាប់តែ ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏មានប្រជាជនថៃផងដែរ៕

អត្ថបទកែសម្រួលនិងដកស្រង់ដោយ ៖ ស៊ូ អីន