មិត សាមើុយ៖ សូលទីឡូអង្គរជាឱកាសចុងក្រោយសម្រាប់​ខ្ញុំ

  • 2021-08-31 03:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សូលទីឡូអង្គរ ជាក្រុមផ្ដល់ឱកាសចុងក្រោយដល់ មិត សាមើុុយ ដើម្បីអភិវឌ្ឍខ្លួនឡើងវិញ ដ្បិតកន្លងមកអតីតជម្រើសជាតិ U19 រូបនេះ ហាក់បណ្ដែតបណ្ដោយ និង​មិនសូវយកចិត្តទុកដាក់​លើ​អាជីព​របស់​ខ្លួន​ឡើយ​។ នេះបើតាមសម្ដីរបស់​សាមើុយ​ប្រាប់មកកាន់គេហទំព័រ Sabay នាព្រឹកនេះ។

អតីតយុវជនភ្នំពេញក្រោនបានបញ្ជាក់បែបនេះថា ៖«(ចូលសូលទីឡូអង្គរ) សម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្ត! នេះជាឱកាសចុងក្រោយសម្រាប់ខ្ញុំ ខ្ញុំនឹងខំប្រឹងប្រែងអោយល្អជាងមុន។ វាជាពាក្យមួយដែលខ្ញុំនិយាយប្រាប់ខ្លួនឯងថា គឺជាឱកាសចុងក្រោយបង្អស់ បើសិនជាចុងក្រោយខ្ញុំធ្វើអោយវាបាត់បង់ទៀត មានន័យថាយើងលែងមានឱកាសទៀតហើយ​។»។

អតីតកីឡាករក្លឹប​នគរបាលជាតិ បានចាត់ទុករឿងពីមុនជាសុបិនអាក្រក់ ដូច្នេះគេបានប្ដេជ្ញាខំប្រឹងប្រែង​ ដើម្បីអភិវឌ្ឍខ្លួននិងជួយក្រុមសូលទីឡូអង្គរអោយរួចផុតពីតំបន់កាត់ចេញ ជាពិសេសគេ​ចង់​មានឱកាសលេងនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះបានបាត់មុខមួយរយៈ បន្ទាប់ចេញពីក្លឹបនគរបាលជាតិ មុន​ចូល​លេង​អោយ​ក្លឹប ISI ហើយថ្មីៗនេះក្រុមសូលទីឡូអង្គរបានចុះកុងត្រាយករូបគេ ដើម្បី​ត្រៀមការប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នៅជើងទី២។

គួរបញ្ជាក់ថា​ សាមើុយ ជាយុវជនអាយុក្រោយ១៩ឆ្នាំដ៏ល្អមួយរូបរបស់កម្ពុជា ដោយរូបគេបានជួយអោយក្រុមគោព្រៃជំទង់ ទម្លាក់វៀតណាមនិងថៃចេញពីការជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី