គ្រូត្បូងឃ្មុំ មិន​ដកខ្លួនចេញពី Hun Sen Cup ទេ

  • 2021-09-01 02:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្គោលខេត្តត្បូងឃ្មុំលោក ផន រស្មីពេជ្រ បានទម្លាយប្រាប់ CNCC ថា ក្រុមរបស់លោកមិន​ដកខ្លួនចេញពីពានរង្វាន់សម្ដេចហ៊ុនសែនឡើយ បើទោះពេលនេះក្រុមមិនទាន់បានប្រមូលផ្ដុំក្ដី។

លោក ផន រស្មីពេជ្រ

គ្រូបង្វឹកក្រុមជើងឯកថ្នាក់ខេត្ត ២០១៩ បានបញ្ជាក់បែបនេះ ៖ «យើងនៅតែចូលរួមប្រកួតដដែល។ ការហាត់របស់យើងនៅតែបន្តធ្វើ តែយើងផ្ដោតលើមូលដ្ឋានរៀងៗខ្លួន តារាងរៀងៗខ្លួន។ មិននិយាយពីការប្រមូលផ្ដុំជុំគ្នាតែម្ដង មិនទាន់មានទេ ចាំមើលកាលបរិច្ឆេទលម្អិតបន្ថែមទៀត។ តាមពិតទៅកីឡាករយើងក៏ចង់ហាត់ជុំគ្នាដែរ តែដោយសារតែបញ្ហាកូវីដ១៩ហ្នឹង។ ណាមួយយើងមិនមានធនធានគ្រប់គ្រាន់សម្រាប់ប្រមូលផ្ដុំដូចក្រុមគេ។ ប៉ុន្តែទោះបីយ៉ាងណា យើងនឹងប្រឹងអស់ពីលទ្ធភាពសម្រាប់ការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៥នេះដែរ ព្រោះកីឡាករគ្រប់គ្នាចង់ចូលរួមការប្រកួតខ្លាំងមែនទែន»។

គិតមកទល់ពេលនេះក្រុមកីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំ មិនទាន់បានប្រមូលផ្ដុំជុំជើងគ្នាដូចក្រុមខេត្តមួយចំនួនទៀតទេ ខណៈការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២១ ដែលបានអាក់ខានតាំងពីខែមេសានោះ នឹងត្រលប់មកវិញនាពេលឆាប់ៗខាងមុខ។

មុនផ្អាកការប្រកួតដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្រុមខេត្តត្បូងឃ្មុំ ប្រកួតបាន៣លើកក្នុងពូល "ច" និងរកបានជ័យជម្នះទាំង៣ដងតែម្ដង។ ពួកគេមាន៩ពិន្ទុ ឈរលើក្រុមខេត្តរតនគិរី និងក្រុមខេត្តព្រះវិហារ៕

អត្ថបទ៖ អ៊ុំ សុភក្តិ