បើគិតថាជីវិតលំបាកចង់បោះបង់ មកស្គាល់លោកយាយរូបនេះសិន រស់នៅក្នុងខ្ទមធ្លុះធ្លាយ ដើររើសក្បាលកណ្ដុរគេកាត់ចោលធ្វើជាម្ហូបចម្អែតក្រពះ

  • 2021-09-02 01:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបប្រទះនូវរឿងរ៉ាវដែលគួឲ្យនឹកស្មានមិនដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យជាង៦០ឆ្នាំម្នាក់ ខ្ញុំបានឃើញស្ថានភាពរបស់ស្រ្តីក្រីក្រម្នាក់នេះ អត់អីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោលយកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប កំពុងរស់នៅក្នុងកូនខ្ទម តូចមួយយ៉ាងអាសូរបំផុតនាទឹកដីខេត្តកំពង់ឆ្នាំង»។ នេះបើតាមសំដីរបស់លោក ផន ផល្លា ដែលគេស្គាល់ថា ជាប្រធានអង្គការមណ្ឌលកុមារកំព្រារមែកឈើក្នុងការចុះដើរ ជួបបងប្អូនប្រជាពលរដ្ឋក្រលំបាក ពីខេត្តមួយទៅខេត្តមួយ។

ស្ថាបនិកអង្គការរូបនេះបានរៀបរាប់បន្ថែមទៀតថា លោកធ្លាប់បានជួបប្រទះអស់ហើយ នូវស្ថានភាពជីវិតក្រលំបាកផ្សេងៗ តែនេះជាលើកទីមួយរបស់លោកហើយ ដែលបានឃើញស្ថានភាពរបស់ស្រ្តីក្រីក្រម្នាក់គឺយកក្បាលសត្វកណ្តុរ មកពន្លាត់ស្បែកដើម្បីស្ងោរជាម្ហូបជាមួយនឹងភ្នែកនៅក្រឡង់ៗ បូករួមក្លិនឆ្អាប រៀងស្អុយផងដែរនោះ យើងមិនហ៊ានស្រមៃទេថាជីវិតរបស់គាត់ជួបប្រទះនឹងអ្វីខ្លះនោះ។ លោកថា៖ «មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយជីវិតរបស់អ្នកក្រលំបាកខ្លះ ពិតជាគ្មានជម្រើសមែន ក្នុងការជ្រើសរើសកន្លែងដែលខ្លួនស្នាក់នៅ ឬអាហារដែលខ្លួនហូប ។ ត្រង់នេះហើយ ដែលធ្វើឲ្យលោកជួយពួកគាត់ដោយផ្តល់ការគាំទ្រ ផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមសម្រាប់ជីវិតជាដើម » ។

សូមជំរាបថា លោក ផន ផល្លា ដែលជាប្រធានមណ្ឌលកុមារកំព្រារមែកឈើ ដែលបានពេលថ្មីៗនេះ លោកត្រូវបាន ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន តែងតាំងនិងផ្តល់ឋានៈ ឯកឧត្តម ផន ផល្លា ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ផន ផល្លា ធ្វើនៅព្រះបរមរាជវាំង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

លោក ផន ផល្លា គឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់និង ជួយចិញ្ចឹមក្មេងកំព្រា នៅមណ្ឌលមែកឈើ។ លោក ផន ផល្លា យកកុមារកំព្រាទាំងនោះ មកចិញ្ចឹមបីបាច់ថែរក្សា ព្រោះតែឪពុក-ម្ដាយពួកគេស្លាប់ចោល និងបោះបង់ពួកគេចោលជាដើម។ ទន្ទឹងនឹងនេះដែរ គេតែងឃើញ លោក ផន ផល្លា តែងតែចុះចែកអំណោយ ដល់ប្រជាពលរដ្ឋមានទុក្ខលំបាក ជាពិសេសកុមារ តូចៗ៕

អត្ថបទដោយ ៖ ស៊ូ អីន