មន្ត្រីជំនាញ បិទស្កុតត្រង់កន្លែងប្រេះបែក តាមពិតជាក្បួនបច្ចេកទេសមួយនេះ មហាជនខ្លះបែរជាសើចចំអកទាំងមិនដឹងច្បាស់

  • 2021-09-02 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារបុរាណវិទ្យានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅថ្ងៃទី០១ កញ្ញា ២០២១នេះ បានចុះធ្វើការពិនិត្យអំពីស្ថានភាពព្រះវិហារ និងបានបិទស្កុតក្រដាសនៅកន្លែងប្រេះរហែក ក្នុងគោលបំណងតាមដានពីការប្រែប្រួលរបស់ព្រះវិហារ នៃវត្តមជ្ឈឹមវ័ន្ត ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយបានបិទស្កុតក្រដាសនៅកន្លែងប្រេះរហែក តាមលក្ខណបច្ចេកទេសរបស់ក្រុមជំនាញដើម្បីតាមដានពីការប្រែប្រួលរបស់ព្រះវិហារ តែត្រូវមហាជនមួយចំនួនយល់ច្រឡំបែរជានាំគ្នាគិតថាជារឿងអស់សំណើចទៅវិញ។ ដោយនេះគឺជាការតាមដាន នៃការវិវឌ្ឍន៍ទូទៅ នៃភាពប្រេះស្រាំរបស់អាគារ តាមការងារបច្ចេកទេស​ត្រឹមត្រូវ។

ព្រះវិហារបុរាណនេះ សព្វថ្ងៃមានសភាពទ្រុឌទ្រោមជាខ្លាំង នៅផ្នែកចំហៀងសងខាងជញ្ជាំងព្រះវិហារប្រះបែកជាពីរ និងផ្នែកជាច្រើនទៀតនៃព្រះវិហារក៏មានសភាពដែលគួរឲ្យព្រួយបារម្ភខ្លាំងផងដែរ។ គិតត្រឹមឆ្នាំ២០២១ វិហារបុរាណនេះមានអាយុ១២០ឆ្នាំ កសាងឡើងនៅ ព. ស. ២៤៤៥ ត្រូវនឹង គ. ស.១៩០១ ដោយព្រះចៅអធិការព្រះនាម ព្រះគ្រូបទុមត្ថេរ ថោង។

សូមជំរាបថា ព្រះវិហារនេះ ដំបូលឈើ ជញ្ជាំងធ្វើពីឥដ្ឋបូកបាយ អ។ សសរខាងក្រៅធ្វើពីបេតុង ១៦ដើម ទ្រដំបូលដោយគ្រុឌទាំងអស់។ ហោជាងខាងកើត គេសម្អដោយក្បាច់ភ្ងីភ្លើង។ ខាងកើតមានទ្វារ៣ ខណៈទិសខាងលិចមានទ្វារតែ២ ខាងជើងនិងខាងត្បូងមានទ្វារ៤ ទ្វារនីមួយៗលម្អដោយសិល្បៈក្បាំងមុខភ្ងីអង្គរ។ ខាងក្នុងព្រះវិហារមាន ព្រះជីវ៍គង់លើបល្ល័ងមហាបញ្ទាក្បាច់អង្គរ សសរឈើ និងសិល្បៈសាណី។ព្រះវិហារខាងលើមានទីតាំងស្ថិតនៅក្នុងវត្ត មជ្ឈិមវ័ន ហៅវត្តជ្រោយអំពិលថ្មី ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទសម្រួលដោយ ៖ស៊ូ អីន