ទីបំផុត សូលទីឡូអង្គរ ស្គាល់ពាក្យឈ្នះជាលើកដំបូង!

  • 2021-09-02 03:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរកាលពីម្សិលមិញ បានយកឈ្នះក្រុមភ្ញៀវនគរបាលជាតិក្នុងលទ្ធផល ៣-២ ដែលជាជ័យជម្នះលើកដំបូងតាំងពីចាប់ផ្ដើមរដូវកាលលីកកំពូលកម្ពុជា រហូតមកទល់នឹងពេលនេះ។

បីគ្រាប់របស់ក្រុមលោក អ៊ុក សុធី ធ្វើបានដោយកីឡាករ រ័ត្ន សំណាង នៅនាទីទី 25 និង 90+1 និងមួយគ្រាប់ទៀតរកបានដោយ លី ឌុក នៅនាទីទី 45+3។

ប្រាំបួនប្រកួតកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបចាញ់ ៨ ស្មើ ១។ ស្មើ១ប្រកួតនេះបានធ្វើអោយអ្នកស្នេហាវិស័យកីឡាបាល់ទាត់មាន​ការ​ភ្ញាក់ផ្អើល ព្រោះស្មើ ៣ ទល់នឹង ៣ ជាមួយក្រុមខ្លាំងណាហ្គាវើលដ៍។

យ៉ាងណាពិតជាសោកស្ដាយសម្រាប់ក្រុមនគរបាលជាតិ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ ក្រោយឆ្ហងកាត់៨ប្រកួតកន្លងមកនេះ។ ពីរគ្រាប់របស់ក្រុមលោក អ៊ុង កងយ៉ានិត រកបានដោយកីឡាករជប៉ុន OTANI SOMA នៅនាទី ៧២ និង អ៊ុល រ៉ាវី នៅនាទី ៧៥។

បច្ចុប្បន្នក្រុមសូលទីឡូ ឈរលេខរៀងទៅ ១២ មាន ៤ ពិន្ទុ ចំណែកក្លឹបនគរបាលជាតិឈរបាតតារាងមាន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចាញ់៦ ស្មើ ២លើក៕

អត្ថបទ៖ អ៊ុំ សុភក្តិ