ឆាក​ជីវិត​មាន​ឡើង​មាន​ចុះ ពេល​នេះ ឃ្មឹប​បង្ហាញ​មុខ​គូស្នេហ៍ថ្មី ត្រូវ​ប្រិយមិត្ត​សាទរ​ជា​ខ្លាំង

  • 2021-09-03 02:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង​ល្បី​ក្នុង​ក្នុង​នាយ កុយ នាង រ៉េន សុធារី ហៅ ឃ្មឹប ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថ្មី​ទៀត ស្រប​ពេល​នាង​បាន​បង្ហាញ​មុខ​គូស្នេហ៍​ថ្មី ហើយ​ត្រូវ​ប្រិយមិត្ត​ជា​ច្រើន​បាន​សាទរ និង​អបអរនាង។

ឃ្មឹប បាន​បង្ហាញ​រឿង​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​នាង​បាន​ជួប​រឿង ថ្នាក់​នៃ​ក្រុមការងារ​សន្តិសុខ​របស់​នាង មិន​ព្រម​បើក​ប្រាក់​ខែ​អោយ។ នៅ​ក្នុង​ស្ថានភាព​ថ្មី​នេះ គេ​ឃើញ​ឃ្មឹប បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ Tiktok ដែល​នៅ​ក្នុង​នោះ គេ​ឃើញ​នាង​បង្ហាញ​រូប​ស្និទ្ធស្នាល​ ល្អូកល្អិន​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់។

អតីត​តារា​កំប្លែង​មិន​បាន​​និយាយ​ដោយ​ផ្ទាល់​មាត់​ឡើយ​ថា បុរស​ក្នុង​រូប​ត្រូវ​ជា​អ្វី​នឹង​នាង ប៉ុន្តែ​តាម​រូបភាព​ផ្អែមល្ហែម​ទាំង​នោះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​របស់​ចិន​មួយ​នេះ បាន​កាត់​យល់​ភ្លាម​ៗ​ថា បុរស​វ័យ​ក្មេង គឺ​ជា​មនុស្ស​ពិសេស​របស់​នាង។ ដូច្នេះ​ហើយ គេ​បាន​ឃើញ​ប្រិយមិត្ត​ជា​​ច្រើន​បាន​ចូល​ទៅ​សរសេរ​សាទរ លើក​ទឹក​ចិត្ត និង​ជូនពរ​នាង និង​ដៃគូ​ស្រឡាញ់​រៀងរហូត​ទៅ។

រ៉េន សុធារី ហៅ ឃ្មឹប ដើម​ឡើយ​គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និង​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ កុយ និង​ត្រូវ​ជា​ភរិយា​របស់​នាង ហុងដា។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ ២០១០ នាង​មាន​រឿង ក្នុង​គ្រួសារ រហូត​ដល់​ឈាន​បែកបាក់​ជាមួយ​នាង ហុងដា ថែម​ទៀត ក្រោម​ហេតុផល​នាង​មាន​គូស្នេហ៍​ថ្មី។

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង គូស្នេហ៍​ថ្មី​នោះ​បាន​រត់ចោល​នាង ធ្វើ​ឲ្យ​ឆាក​ជីវិត​នាង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ក្រោយ​អស់​បង្គោល ជីវភាព ឃ្មឹប ចាប់​ផ្ដើម​ដុនដាប និង​មាន​ចចាមអារ៉ាម​ថា នាង​ញៀន​ថ្នាំ​ទៀត។ ពី​ពេល​នោះ​មក​នាង​ក៏បាត់​មុខ​ឈឹង មុន​ពេល​លេច​​មុខ​ម្ដង​ទៀត​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​ពេល​ដែល​កូន​ប្រុស​របស់​នាង​ជាមួយ ហុងដា មាន​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម។

កាល​ណោះ ឃ្មឹប ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សភាព​ដុនដាប​ខ្លាំង ពោល​គឺ​គ្មាន​លុយ​កាក់​មួយ​រៀល​ក្នុង​ខ្លួន​ឡើយ ឯ​សាច់​ឈាម​ខ្មៅ ស្រអាប់​គួរ​ឲ្យ​អាសូរ។

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ឆាវ​ពី​នោះ​មក នាង​ក៏​បាន​បន្សាត់​ខ្លួន​ឆ្ងាយ​ជា​ថ្មី​ទៀត​ប្រមាណ​ ៣​ឆ្នាំ​មក​ហើយ ហើយ​ទើប​តែ​មាន​រឿង​ម្ដង​ទៀត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ឃ្មឹប បាន​ចូល​​ទៅ​ធ្វើ​ការងារ​ជា​សន្តិសុខ​ឯកជន និង​បាន​ទៅ​ឈរ​យាម​ប្រចាំ​ការ​នៅ​ផ្សារ​ប៉េសេ តែ​ក៏​ត្រូវ​ប្រធាន​បញ្ឈប់ ដោយ​យោង​លើ​ហេតុផល​ថា នាង​បំពេញ​ការងារ​មិន​បាន​ល្អ។

ដោយ​សារ ឆាក​ជីវិត​ជួប​រឿង​ជូរ​ចត់​ខ្លាំង​ក្នុង​រង្វង់​ប្រមាណ ១០​ឆ្នាំ​មក​នេះ ទើប​ប្រិយមិត្ត​សាទរ ដោយ​សង្ឃឹម​ថា ឃ្មឹប មាន​បង្អែក​រឹង​មាំ ជីវិត​ផ្ដើម​មាន​ភាព​កក់ក្ដៅ​ឡើង​វិញ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី