Barry៖ ភាពឈ្លាសវៃយកឈ្នះនៅ​នាទីចុងក្រោយរបស់សូលទីឡូគឺអស្ចារ្យណាស់!

  • 2021-09-03 04:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​សូលទីឡូ​អង្គរ​ បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវនគរបាលជាតិ​នៅ​​​នាទី ៩០+១ ដោយ​គ្រាប់​បាល់​របស់​កីឡាករ​ រ័ត្ន សំណាង។ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ឈ្នះ​ក្រុម​ភ្ញៀវ ៣-​២។

ជុំវិញ​ជ័យជម្នះ​លើក​ដំបូង​នេះខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ត្រៀម​សម្រាប់​ជុំ​ទី​២ Barry Lelouma បាន​ចាត់​ទុក​ជា​រឿង​ដ៏អស្ចារ្យ​​របស់​សូលទីឡូអង្គរ។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​គិរីវង់​សុខសែនជ័យ និង​ណាហ្គាវើលដ៍បាន​សង្កត់​ធ្ងន់​ថា ៖«ភាព​ឈ្លាសវៃ​ដែល​ពួកគេ​បង្ហាញ​ដោយ​ឆក់​យក​ឈ្នះ​នៅ​នាទី​ចុងក្រោយគឺ​អស្ចារ្យ​​ណាស់ គ្រប់​គ្នា​ប្រយុទ្ធ​ដូច​ជា​តោ​មួយ​ក្បាល​ ស្រេក​ឃ្លាន​ជ័យ​ជម្នៈ​លើក​ដំបូង​»។

ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់ប្រកប​អាជីព​នៅ​លីគ​ថៃ​ មីយ៉ាន់ម៉ា និង​ហ្គីណេ ត្រូវ​បាន​គ្រូ​បង្គោល​លោក អ៊ុក សុធី ចុះកិច្ចសន្យាមក​ជួយ​ក្រុម​​សម្រាប់​ជុំទី២ នៃ​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។ ហាត់​ជាមួយ​សូល​ទីឡូ​បាន​មួយ​សប្ដាហ៍ Barry ថាកីឡាករ​ទាំង​អស់​ហាក់​យល់​ចិត្ត​គ្នា ហើយ​វា​ច្បាស់​ណាស់​នឹង​មាន​អ្វី​ប្លែក​ជាក់​ជា​មិន​ខាន។ ​កីឡាករ​វ័យ​២៧​ឆ្នាំបាន​ផ្ដល់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថា​នឹង​ជួយ​សូល​ទីឡូអង្គរ​​បាន​ច្រើន។

Barry បញ្ជាក់​ថា ៖«ពិត​ណាស់​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង បើ​ខ្ញុំ​មិន​ជឿ​ថា​ជួយ​ក្រុម​បាន​ទេ​ខ្ញុំ​មិន​​មក​ទី​នេះ​ឡើយ ខ្ញុំ​ហាត់​ជាមួយ​ពួកគេ​បាន​១​សប្ដាហ៍​ វា​ពិត​ជា​អស្ចារ្យ​ណាស់​ គ្រូ​បង្វឹក​ថ្មី​ក៏​ល្អ ពួកគេ​នឹង​មាន​ការ​ប្រែប្រួល ខ្ញុំ​ជឿជាក់​ពួកយើង​នឹង​ជួយ​សង្គ្រោះ​ក្រុម​បាន​»។

ក្រុម​សូលទីឡូអង្គរ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១២ មាន​៤ពិន្ទុ​ក្រោយ​ឆ្លង​កាត់​១០​ប្រកួត​ ចាញ់​៨ ឈ្នះ​១ និង​ស្មើ​១ តាម​ពី​ក្រោយ​ដោយ​ក្រុម​បាត​តារាង​នគរបាលជាតិ មាន​១​ពិន្ទុ ក្រោយ​ឆ្លង​កាត់​៨​ប្រកួត ចាញ់​៧​ប្រកួត ស្មើ​១​ប្រកួត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី