គ្រឿងបញ្ចកកុធភ័ណ្ឌ សម្រាប់ព្រះមហាក្សត្រ ដែលទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដី

  • 2021-09-06 06:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាក្សត្រ មានលក្ខណពិសិដ្ឋពុំមានជនណាស្មើរបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតីទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេ ឬក៏ជាទេវតា ដោយសន្មត់ក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្រ្ដរបស់ព្រះអង្គ។ លក្ខណពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេកអោយឡើងសោយរាជ្យសម្បត្ដិ ។ ពាក្យ «សោយ» នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែរៀងមក មានភស្ដុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយទៅវិញ (ស្វេយវ្រៈ ធម្មិរាជ-សិលាចារឹកប្រាសាទលុះគ.ស ១០៤៩)។

ក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្ដិគ្រប់គ្រងអាណាប្រជានុរាស្រ្ដជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្ដិ ដូចជាករណីរបស់ព្រះបរមរាជាទី២ ព្រះចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរ ពីកណ្ដាប់ដៃនៃទ័ពសៀម និង ព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកនជាស្ថាពរនៅឡើយ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្រ្គាម លោកអោយហៅថា សង្រ្គាមាភិសេក ហើយប្រសិនបើអភិសេកក្រោយដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាប លោកអោយហៅថា ប្រាប្ដាភិសេកទៅវិញ។

ត្រង់នេះគួរគប្បីជ្រាបថាក្សត្រដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណជាព្រះមហាក្សត្របានលុះត្រាតែមានគ្រឿងសំរាប់រាជ គឺព្រះខាន់រាជ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សត្រ។ ប៉ុន្ដែតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ ឬ ព្រះខាន់ជ័យនេះទៅក្នុងគឿងបញ្ចក្សត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុណ្ឌភ័ណ្ឌ។

គ្រឿងបញ្ចកកុធភ័ណ្ឌ សម្រាប់ព្រះរាជាម្ចាស់ផែនដី គឺ ព្រះមហាក្សត្រ ដែលទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដី ត្រូវមានគ្រឿងសម្រាប់រាជ បញ្ចកកុធភ័ណ្ឌ ឬ រាជកុធភ័ណ្ឌទាំង៥នេះ គឺមាន៖

១.ព្រះមកុដរាជ

២.ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)

៣.ព្រះខ័នរាជ

៤.ព្រះមហាស្វេតច្ឆត្រ (ព្រះបល្ល័ង្ករាជ្យនិងសេ្វតច្ឆត្រ៩ជាន់)

៥.ព្រះសុវណ្ណបាទុកា (សែ្បកជើងមាស)

ក្រោយមកមាន២ទៀត គឺ **១.ព្រះលំពែងរាជ** **២.ព្រះសុវណ្ណប័ត្រ**​ រាប់ជាគឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី។

ព្រះខ័នរាជ្យជាគ្រឿងប្រហារជាន់ខ្ពស់ កាលនឹងស្តេចចេញទៅធ្វើព្រះរាជសង្រ្គាម ក៏ត្រូវយកព្រះខ័នជាប់ព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្តេសផ្ដាសដូចអាវុធឯទៀត រួមសេចក្តីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស ។ ព្រះខ័នរាជ្យត្រូវតម្លល់ទុកនៅហោព្រះបញ្ចាក្សេត្រ(ហោទេវរូប) ក្នុងព្រះបរមរាជវាំងដែលមានក្រុមបាគូ រាជបុរោហិតជាភ្នាក់ងារថែរក្សាយ៉ាងតឹងរឹង។

គ្រឿងសំរាប់រាជ ជាបញ្ចកកុធភ័ណ្ឌទាំងនេះ ជារបស់ដ៏មាន តម្លៃ ស័ក្តិសិទ្ធិរបស់ជាតិ ក៏ដូចរបស់ព្រះមហាក្សត្រដែរ ក្នុងនគរកម្ពុជា មិនអាចខ្វះបានឡើយ តាំងបុរាណកាលមក តាមព្រះបរមរាជបវេណីដ៏ផូរផង់ នៃព្រះមហាក្សត្រខ្មែរ ៕

អត្ថបទដកស្រង់ និងកែសម្រួលដោយ៖ ស៊ូ​​ អីន

អត្ថបទថ្មី