Griezmann យល់​ព្រម​កាត់​ប្រាក់ខែ​ ៤០% ពេល​ត្រលប់​មក​កាន់​ Atletico វិញ

  • 2021-09-06 12:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន ៤០% នៅ​ពេល​ត្រលប់​មក​កាន់​ក្លឹប Atletico Madrid វិញ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

វា​ជា​រឿង​មិន​ធម្មតា​ដែរ​សម្រាប់​ករណី​កុងត្រា​ខ្ចី​ជើង​របស់​ Griezmann។ Atletico មិន​ចាំ​បាច់​បង់​ប្រាក់​ទៅ​កាន់​ Barcelona នោះ​ទេ​ សម្រាប់​កុងត្រា​ខ្ចី​ជើង​នេះ ហើយ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​អាច​មាន​សិទ្ធិ​បន្ត​កុងត្រា​បណ្ដោះអាសន្ន​ឱ្យ Griezmann រយៈពេល​មួយ​ឆ្នាំ​ទៀត ប្រសិន​បើ​ខាង​ Barcelona យល់​ព្រម។

ប្រសិន​បើ​លើស​ពី​មួយ​ឆ្នាំ​ទៀត បើ​តាម​ប្រភព​ខាង​លើ​ ក្លឹប Atletico Madrid នឹង​ទិញ​ផ្ដាច់​ Griezmann ពី​ក្លឹប Barcelona ក្នុង​តម្លៃ ៤៧លាន​ដុល្លារ​បូក​រួម​ទាំង​ប្រាក់​បំណាច់​ផ្សេងៗ ប្រសិន​បើ​កីឡាករ​រូប​នេះ​លេង​យ៉ាង​តិច ៥០% នៃ​ការ​ប្រកួត​របស់​ក្លឹប​រាជធានី​ម៉ាឌ្រីដ​មួយ​នេះ សម្រាប់​រដូវ​កាល២០២២/២៣។

ប្រសិន​បើ Griezmann មិន​លេង​ដល់ ៥០%នោះ​ទេ នោះ​ខាង Atletico នឹង​មិន​ចំណាយ​ទឹកប្រាក់​មួយ​រៀល​ឱ្យ Barcelona នោះ​ទេ។ ប៉ុន្តែ​សេណារីយ៉ូ​នេះ​កម្រ​នឹង​កើត​ណាស់ លុះ​ត្រា​ណា​តែ Griezmann រង​របួស​ធ្ងន់ធ្ងរ​ណា​មួយ។

ជើងឯក World Cup ឆ្នាំ២០១៨រូបនេះ បាន​ចំណាយ​ពេល​នៅ​រាជធានី​ម៉ាឌ្រីដ​រយៈពេល ៥ឆ្នាំ មុន​នឹង​ផ្លាស់​ទៅ​កាន់ Barcelona នៅ​ឆ្នាំ២០១៩ ក្រោម​តម្លៃ​ខ្លួន​ ១៤២លាន​ដុល្លារ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី