ខ្សែ​បម្រើ​ Liverpool មួយ​រូប​នៅ​ជាប់​នៅ​ហ្គីណេ ខណៈ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្រោម​រដ្ឋប្រហារ​យោធា

  • 2021-09-06 13:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កណ្ដាល​ Liverpool កីឡាករ Naby Keita កំពុង​តែ​ជាប់​នៅ​ហ្គីណេ ខណៈ​កីឡាករ​រូប​នេះ​គ្រោង​នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​ហ្គីណេ លេង​វគ្គ​ជម្រុះ​ World Cup ដែល​ដំបូង​ឡើយ​នឹង​លេង​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្លឹប Liverpool កីឡាករ​រូប​នេះ​មាន​សុខទុក្ខ​ជា​ធម្មតា​នោះ​ទេ ហើយ​ខាង​ក្លឹប​កំពុង​តែ​ទាក់ទង​ជា​ប្រចាំ​ទៅ​កាន់​ក្រុម​ជម្រើស​ជាតិ​ហ្គីណេ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ Keita ត្រលប់​មក​ Liverpool ឱ្យ​បាន​ឆាប់ៗ និង​ប្រកប​ដោយ​សុវត្ថិភាព។​ យ៉ាងណាមិញ ខាង​ក្លឹប​មិន​បាន​បញ្ជាក់​ថា កីឡាករ​រូប​នេះ​នឹង​ត្រលប់​មក​អង់គ្លេស​វិញ​នៅ​ពេល​ណា​នោះ​ទេ។

នៅ​ហ្គីណេ វរសេនីយ៍​យោធា​ដឹកនាំ​កង​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី Alpha Conde ចេញ​ពី​តំណែង​ ហើយ​រំលាយ​រដ្ឋាភិបាល​របស់​លោក​ចោល ក្រោយ​ពេល​ដែល​ប្រធានាធិបតី​វ័យ ៨៣ឆ្នាំ​រូប​នេះ​មាន​គម្រោង​ចង់​បន្ត​តំណែង​នៅ​អាណត្តិ​ទី៣ ដោយ​កែ​ច្បាប់​រដ្ឋធម្មនុញ្ញ។

ស្រប​ពេល​ដែល​ស្ថានភាព​នៅ​ច្របូកច្របល់ អម​ជាមួយ​នឹង​ស្នូរ​កាំភ្លើង​ផូងផាង​នៅ​រដ្ឋធានី ខាង FIFA ក៏​ធ្វើ​ការ​ពន្យារ​ប្រកួត​រវាង​ហ្គីណេ និង​ម៉ារ៉ុក។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត កីឡាករ​មួយ​ចំនួន​ក៏​ជាប់​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​ក្រៅ​ពី Keita ក៏​មាន​ខ្សែ​ការពារ​ PSG ដែល​លេង​ឱ្យ​ម៉ារ៉ុក​កីឡាករ Achraf Hakimi។ យ៉ាងណាមិញ បើ​តាម​ការ​បង្ហោះ​របស់ Hakimi ក្រុម​ម៉ារ៉ុក​បាន​ត្រលប់​ទៅ​កាន់ ស្រុក​របស់​ខ្លួន​វិញ ដោយ​សុវត្ថិភាព​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី