ចេញផ្លូវការហើយ! មហោស្រពភាពយន្តខ្លីចតុមុខ បង្ហាញប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភីភាពយន្តខ្លីឆ្នាំនេះ
- 2021-09-07 08:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញផ្លូវការហើយ! មហោស្រពភាពយន្តខ្លីចតុមុខ បង្ហាញប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភីភាពយន្តខ្លីឆ្នាំនេះ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ ឬCSFF ឆ្នាំ២០២១ ប្រកាសពីអត្ថប្រយោជន៍ និងប្រាក់រង្វាន់ផ្លូវការដែលនឹងប្រគល់ជូនម្ចាស់ជយលាភីសម្រាប់ការប្រកួតខ្សែភាពយន្តខ្លីឆ្នាំនេះ បន្ទាប់ពីអ្នករៀបចំមហោស្រពនេះ ប្រកាសជ្រើសរើសខ្សែភាពយន្តដែលមានសិទ្ធិចូលរួមប្រកួតឆ្នាំនេះរួចរាល់ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។
ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ(CSFF) លោក ស៊ុំ ស៊ីថែន មានប្រសាសន៍ថា ការប្រកួត និងចាក់បញ្ចាំងជាផ្លូវនឹងចាប់ផ្ដើមពីទី២៣ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ហើយម្ចាស់ជយលាភីមហោស្រពឆ្នាំនេះ នឹងប្រកាសនៅយប់ថ្ងៃទី២៧ ខែតុលា ពោលគឺនៅបន្ទាប់ពីការប្រកួតដោយមានគណៈកម្មការជំនាញភាពយន្ត និងមហាជនដាក់ពិន្ទុតាមអនឡាញ។
យោងតាមការប្រកាសរបស់មហោស្រពភាពយន្ដ កាលពីថ្ងៃទី៦ ខែកញ្ញា ឲ្យដឹងថា ប្រាក់រង្វាន់សម្រាប់ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា នឹងទទួលបាន៤លានរៀល ឬស្នើនឹង១០០០ដុល្លារ។ ប្រាក់រង្វាន់សម្រាប់ភាពយន្តខ្លីឆ្នើមបន្ទាប់ នឹងទទួលបាន២លានរៀល ឬស្មើនឹង៥០០ដុល្លារ។ រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក នូវទឹកប្រាក់ចំនួន១លាន២សែនរៀល ឬស្មើនឹង៣០០ដុល្លារ និងរង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ នូវទឹកប្រាក់២លានរៀល ឬស្មើនឹង៥០០ដុល្លារ។
ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតភាពយន្តខ្លីចតុមុខ នេះ ម្ចាស់ជយលាភីលេខ២ កាលពីឆ្នាំ២០១៩ គឺលោក សេង ធី បានរំលឹកនូវអារម្មណ៍រំភើបកាលពីទទួលរង្វាន់កាលណោះថា រូបលោកមានអារម្មណ៍ភ្ញាក់ផ្អើលដោយលោកមិនបានត្រៀមខ្លួន ឬនឹកគិតថារឿង"នារីរបាំ"របស់លោកដែលបានដាក់ចូលប្រកួតនោះបានជាប់ចំណាត់ថ្នាក់សោះ ប៉ុន្តែមុននឹងដាក់រឿងមួយនេះចូលប្រកួតលោកបានប្រឹងធ្វើវាអស់ពីសមត្ថភាពហើយ។
បើតាមការបញ្ជាក់របស់ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ(CSFF) លោក ស៊ុំ ស៊ីថែន នេះជាលើកទី១ ដែលមហោស្រពភាពយន្តខ្លីចតុមុខធ្វើតាមអនឡាញ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត។ ត្បិតថា មហោស្រពធ្វើតាមអនឡាញ ប៉ុន្ដែលោកជឿថានឹងមានការគាំទ្រច្រើនដោយកម្មវិធីបានធ្វើច្រើនដងរួចមកហើយ ហើយឆ្នាំមហោស្រពឆ្នាំនេះ ទទួលបានរឿងច្រើនសម្រាប់យកមកពិចារណា ឬជ្រើសរើសចូលប្រកួត ព្រោះវាបានបូកបញ្ចូលគ្នាទាំងរឿងដែលសមិទ្ធិករបានដាក់ទាំងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារកាលពីឆ្នាំ២០២០ អាក់ខានប្រកួត៕